វិវរណៈ 21:4 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ សេចក្ដីស្លាប់នឹងលែងមានទៀតឡើយ ហើយក៏លែងមានទុក្ខព្រួយ ការយំសោក ឬការឈឺចាប់ទៀតដែរ ដ្បិតអ្វីៗពីមុនបានកន្លងផុតទៅហើយ”។ Khmer Christian Bible ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយនឹងលែងមានសេចក្ដីស្លាប់ ទុក្ខព្រួយ សម្រែកទ្រហោយំ ឬការឈឺចាប់ទៀតហើយ ដ្បិតអ្វីៗកាលពីមុនបានបាត់អស់ទៅហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។ អាល់គីតាប ទ្រង់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។ |
ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ប្រជាជននៃស៊ីយ៉ូន ដែលរស់នៅយេរូសាឡិមអើយ អ្នកនឹងមិនយំទៀតឡើយ។ ព្រះអង្គនឹងមេត្តាដល់អ្នកជាប្រាកដចំពោះសំឡេងស្រែកយំរបស់អ្នក។ កាលណាព្រះអង្គទ្រង់ឮ ព្រះអង្គនឹងឆ្លើយមកអ្នក។
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ។
ព្រះអាទិត្យរបស់អ្នកនឹងមិនលិចទៀតឡើយ ហើយព្រះចន្ទរបស់អ្នកក៏មិនជ្រេដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នក ហើយគ្រានៃការកាន់ទុក្ខរបស់អ្នកនឹងផុតទៅ។
ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។
ហើយអ្នកដែលប្រើប្រាស់ពិភពលោកនេះ ក៏ត្រូវនៅដូចជាមិនបានប្រើដែរ ដ្បិតទ្រង់ទ្រាយនៃពិភពលោកនេះកំពុងផុតទៅ។
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
“ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា: ចូរចេញពីចំណោមពួកគេ ហើយញែកខ្លួនចេញ; កុំពាល់របស់សៅហ្មងឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា”។
ពាក្យ “ម្ដងទៀត” បញ្ជាក់អំពីការរើចេញរបស់អ្វីៗដែលត្រូវបានធ្វើឲ្យរញ្ជួយ នោះគឺអ្វីៗដែលត្រូវបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនចេះរញ្ជួយបាននៅសល់។
យ៉ាងណាមិញ ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរ។ នៅថ្ងៃនោះ ផ្ទៃមេឃនឹងផុតទៅដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងត្រូវដុតបំផ្លាញ ហើយផែនដី និងកិច្ចការនានានៅលើផែនដី នឹងត្រូវបានលាតត្រដាង។
ពិភពលោក និងតណ្ហារបស់វាកំពុងផុតទៅ ប៉ុន្តែអ្នកដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ នឹងនៅស្ថិតស្ថេរជារៀងរហូត។
ពេលនោះ សមុទ្រក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងវា ហើយសេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងវាដែរ ហើយពួកគេម្នាក់ៗត្រូវបានជំនុំជម្រះតាមការប្រព្រឹត្តរបស់ខ្លួន។
បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយ ជាសេចក្ដីស្លាប់ទីពីរ។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងផុតទៅ ហើយសមុទ្រក៏គ្មានទៀតដែរ។
នៅទីនោះនឹងលែងមានបណ្ដាសាអ្វីទៀតឡើយ។ បល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម នឹងស្ថិតនៅក្នុងទីក្រុងនោះ ហើយពួកបាវបម្រើរបស់ព្រះអង្គនឹងបម្រើព្រះអង្គ
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្កនោះ នឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកនៃជីវិត។ ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ”៕