Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 144 - ព្រះគម្ពីរខ្មែរសាកល


ប្រជារាស្ត្រដ៏មានព្រះពរ
បទតម្កើង ​របស់​ដាវីឌ​។

1 សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ថ្មដា​របស់ខ្ញុំ ជា​ព្រះអង្គដែល​បង្វឹក​ដៃ​របស់ខ្ញុំ​សម្រាប់​សង្គ្រាម ក៏​បង្វឹក​ម្រាមដៃ​របស់ខ្ញុំ​សម្រាប់​ចម្បាំង​។

2 ព្រះអង្គជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និងជា​ទីពឹងជ្រក​របស់ខ្ញុំ ជា​ព្រះរំដោះ​របស់ខ្ញុំ និងជា​ខែល​របស់ខ្ញុំ ជាព្រះអង្គដែល​ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​; គឺព្រះអង្គហើយ ដែល​បង្ក្រាប​ប្រជារាស្ត្រ​របស់ខ្ញុំ​ឲ្យ​នៅក្រោម​ខ្ញុំ​។

3 ព្រះយេហូវ៉ា​អើយ តើ​មនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​យកចិត្តទុកដាក់​នឹង​គេ​? តើ​កូនមនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​គិតគូរ​ដល់​គេ​?

4 មនុស្ស​ប្រៀបដូចជា​មួយ​ដង្ហើម​ប៉ុណ្ណោះ ថ្ងៃអាយុ​របស់គេ​ប្រៀបដូចជា​ស្រមោល​ដែល​បាត់ទៅ​។

5 ព្រះយេហូវ៉ា​អើយ សូម​បង្អោន​ផ្ទៃមេឃ​របស់ព្រះអង្គ ហើយ​យាង​ចុះមក​! សូម​ពាល់​ភ្នំ​នានា នោះ​វា​នឹង​ហុយឡើង​!

6 សូម​បញ្ចេញ​ផ្លេកបន្ទោរ ហើយ​កម្ចាត់កម្ចាយ​ខ្មាំងសត្រូវ​ផង​! សូម​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​ផង​!

7 សូម​លូក​ព្រះហស្ត​របស់ព្រះអង្គ​ពី​ស្ថានដ៏ខ្ពស់​មក​; សូម​ដោះ​ទូលបង្គំ​ឲ្យរួច ហើយ​រំដោះ​ទូលបង្គំ​ពី​ទឹក​ដ៏ច្រើន និង​ពី​កណ្ដាប់ដៃ​របស់​ជនបរទេស​ផង

8 ដែល​មាត់​របស់ពួកគេ​និយាយ​សេចក្ដីមិនពិត ហើយ​ដៃស្ដាំ​របស់ពួកគេ​ជា​ដៃស្ដាំ​ដែល​ស្បថដោយកុហក​។

9 ឱ​ព្រះ​អើយ ទូលបង្គំ​នឹង​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះអង្គ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណបុរាណ​ខ្សែ​ដប់​!

10 គឺព្រះអង្គហើយ ដែល​ប្រទាន​ការសង្គ្រោះ​ដល់​បណ្ដា​ស្ដេច​! គឺព្រះអង្គហើយ ដែល​ដោះ​ដាវីឌ​បាវបម្រើ​របស់ព្រះអង្គ ឲ្យរួច​ពី​ដាវ​ដ៏អាក្រក់​!

11 សូម​ដោះ​ទូលបង្គំ​ឲ្យរួច ហើយ​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​ជនបរទេស​ផង ដែល​មាត់​របស់ពួកគេ​និយាយ​សេចក្ដីមិនពិត ហើយ​ដៃស្ដាំ​របស់ពួកគេ​ជា​ដៃស្ដាំ​ដែល​ស្បថដោយកុហក​។

12 ពួក​កូនប្រុស​របស់យើង​នឹងបាន​ដូចជា​កូនឈើ​ដែល​លូតលាស់​ក្នុង​យុវភាព​របស់វា ពួក​កូនស្រី​របស់យើង​នឹងបាន​ដូចជា​សសរកណ្ដាល​ដែល​ត្រូវបាន​ឆ្លាក់​តាមរបៀប​រាជវាំង​។

13 ជង្រុក​របស់យើង​នឹងបាន​ពេញ ព្រមទាំង​ផ្ដល់​ផលផ្លែគ្រប់មុខ​ផង ហ្វូងចៀម​របស់យើង​នឹង​កើនឡើងរាប់ពាន់រាប់ម៉ឺន​តាម​ទីវាល​របស់យើង​។

14 ហ្វូងគោ​របស់យើង​នឹង​ផ្ទុក​ភោគផលជាច្រើន​; គ្មាន​ចន្លោះបាក់បែក គ្មាន​ការជម្លៀស ហើយក៏​គ្មាន​សម្រែកទ្រហោយំ​នៅ​កន្លែងសាធារណៈ​របស់យើង​ដែរ​។

15 មានពរ​ហើយ ប្រជារាស្ត្រ​ដែល​មាន​សណ្ឋានដូច្នេះ​! មានពរ​ហើយ ប្រជារាស្ត្រ​ដែល​មាន​ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្លួន​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម