ពួកគាត់បានរអ៊ូរទាំនៅក្នុងរោងរបស់ខ្លួន ហើយមិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាឡើយ។
យូដាស 1:16 - ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនោះជាអ្នករអ៊ូរទាំ និងជាអ្នកចាប់កំហុសគេ ដែលដើរតាមតណ្ហារបស់ខ្លួន។ មាត់របស់ពួកគេនិយាយពាក្យអួតអាង ទាំងបញ្ចើចបញ្ចើគេដើម្បីបានផលប្រយោជន៍។ Khmer Christian Bible មនុស្សទាំងនោះជាពួករអ៊ូរទាំ ហើយត្អូញត្អែរ ពួកគេរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់របស់ពួកគេនិយាយពាក្យអួតអាង ពួកគេតែងតែបញ្ចើចបញ្ចើមនុស្ស ដើម្បីផលប្រយោជន៍។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទាំងនោះជាពួកដែលចេះតែរអ៊ូរទាំ ហើយត្អូញត្អែរ ដោយដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មាត់របស់គេពោលសុទ្ធតែពាក្យអួតយ៉ាងសម្បើម ទាំងបញ្ចើចបញ្ចើមនុស្សដើម្បីផលប្រយោជន៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្តសោះ គេប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន។ ពាក្យសម្ដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សទាំងនោះជាពួកដែលចេះតែរទូរទាំ ហើយត្អូញត្អែរ ដែលដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់គេពោលសុទ្ធតែពាក្យអំនួតអួតយ៉ាងសំបើម គេរាប់អានមនុស្ស ឲ្យតែបានកំរៃទេ។ អាល់គីតាប ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្ដសោះ គេប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។ |
ពួកគាត់បានរអ៊ូរទាំនៅក្នុងរោងរបស់ខ្លួន ហើយមិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាឡើយ។
ក្នុងភ្នែករបស់អ្នកនោះ គាត់មើលងាយមនុស្សដែលត្រូវព្រះបោះបង់ចោល ប៉ុន្តែឲ្យតម្លៃមនុស្សដែលកោតខ្លាចព្រះយេហូវ៉ាវិញ; បើបានស្បថអ្វីមួយ ក៏គាត់មិនប្រែប្រួលដែរ ទោះបីជាត្រូវរងទុក្ខក៏ដោយ។
មានការរើសមុខ នោះមិនល្អទេ ប៉ុន្តែមនុស្សនៅតែប្រព្រឹត្តការល្មើសដោយសារតែនំប៉័ងមួយដុំដែរ។
រីឯពួកអ្នកដែលវង្វេងខាងវិញ្ញាណនឹងមកដល់ការយល់ដឹង ហើយពួកអ្នកដែលរអ៊ូរទាំនឹងរៀនចេះសេចក្ដីអប់រំ”៕
ពួកផារិស៊ី និងពួកគ្រូវិន័យក៏រអ៊ូរទាំថា៖ “អ្នកនេះទទួលមនុស្សបាប ហើយហូបជាមួយពួកគេទៀតផង”។
ពួកផារិស៊ី និងពួកគ្រូវិន័យរបស់ពួកគេក៏រអ៊ូរទាំដាក់ពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏អ្នករាល់គ្នាស៊ីផឹកជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
ពេលនោះ ពួកយូដារអ៊ូរទាំអំពីព្រះយេស៊ូវ ពីព្រោះព្រះអង្គមានបន្ទូលថា:“គឺខ្ញុំជានំប៉័ងដែលចុះមកពីស្ថានសួគ៌”។
ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបក្នុងអង្គទ្រង់ថា ពួកសិស្សរបស់ព្រះអង្គកំពុងរអ៊ូរទាំអំពីរឿងនេះ ក៏មានបន្ទូលនឹងពួកគេថា៖“តើរឿងនេះធ្វើឲ្យអ្នករាល់គ្នាជំពប់ដួលឬ?
កុំឲ្យយើងរអ៊ូរទាំ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានរអ៊ូរទាំឡើយ ជាលទ្ធផល អ្នកទាំងនោះត្រូវមេបំផ្លាញសម្លាប់។
ដូច្នេះ ខ្ញុំសូមនិយាយថា ចូរដើរដោយព្រះវិញ្ញាណ នោះអ្នកនឹងមិនបំពេញតណ្ហាសាច់ឈាមឡើយ។
អ្នកដែលជារបស់ព្រះគ្រីស្ទយេស៊ូវ បានឆ្កាងសាច់ឈាមជាមួយតណ្ហា និងចំណង់របស់វារួចហើយ។
និងជម្លោះដែលមិនចេះចប់របស់មនុស្សដែលមានគំនិតខូចសីលធម៌ និងបាត់បង់សេចក្ដីពិត ដែលពួកគេចាត់ទុកថា ការគោរពព្រះជាមធ្យោបាយរកកម្រៃ។
ដ្បិតនឹងមានគ្រាមួយដែលគេនឹងមិនទ្រាំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវឡើយ ផ្ទុយទៅវិញ គេនឹងមានត្រចៀករមាស់ ហើយប្រមូលសម្រាប់ខ្លួនឯងនូវគ្រូជាច្រើនដែលស្របនឹងសេចក្ដីប៉ងប្រាថ្នារបស់គេ។
ក្នុងនាមជាកូននៃការស្ដាប់បង្គាប់ កុំត្រាប់តាមតណ្ហានៃភាពអវិជ្ជាពីមុនរបស់អ្នករាល់គ្នាឡើយ
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដែលជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ន ឲ្យចៀសវាងពីតណ្ហាខាងសាច់ឈាមដែលតែងតែតយុទ្ធនឹងព្រលឹងរបស់អ្នករាល់គ្នា។
ដើម្បីបានរស់នៅ មិនមែនតាមតណ្ហារបស់មនុស្សទៀតទេ គឺតាមបំណងព្រះហឫទ័យរបស់ព្រះវិញ ក្នុងពេលដែលនៅសល់ក្នុងលោកនេះ។
ជាពិសេសពួកអ្នកដែលដើរក្នុងតណ្ហាដ៏ស្មោកគ្រោកដោយតាមសាច់ឈាម ហើយមើលងាយអំណាចគ្រប់គ្រង។ ពួកគេក្អេងក្អាង និងប្រកាន់យកតែគំនិតខ្លួន ហើយមិនញញើតនឹងជេរប្រមាថពពួកដែលប្រកបដោយសិរីរុងរឿងឡើយ។
ពួកគេនិយាយពាក្យអួតអាងឥតខ្លឹមសារ ហើយប្រើតណ្ហានៃសាច់ឈាម និងការល្មោភកាម លួងលោមពួកអ្នកដែលទើបតែរួចផុតពីពួកដែលរស់នៅក្នុងសេចក្ដីវង្វេង។
ជាដំបូង អ្នករាល់គ្នាត្រូវដឹងការនេះថា នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកមកដល់ទាំងចំអកឡកឡឺយ ទាំងដើរតាមតណ្ហារបស់ខ្លួន
ដើម្បីអនុវត្តការជំនុំជម្រះចំពោះមនុស្សទាំងអស់ និងដើម្បីថ្កោលទោសមនុស្សគ្រប់គ្នា អំពីគ្រប់ទាំងអំពើមិនគោរពព្រះដែលពួកគេបានប្រព្រឹត្តដោយមិនគោរពព្រះ និងអំពីគ្រប់ទាំងពាក្យអាក្រក់ដែលមនុស្សបាបមិនគោរពព្រះ បាននិយាយទាស់នឹងព្រះ”។
ដែលពួកគេបានប្រាប់អ្នករាល់គ្នាថា៖ “នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកដែលដើរតាមតណ្ហារបស់ខ្លួនក្នុងការមិនគោរពព្រះ”។