ទំនុកតម្កើង 17 - ព្រះគម្ពីរខ្មែរសាកលអធិស្ឋានសុំព្រះឲ្យការពារ សេចក្ដីអធិស្ឋានរបស់ដាវីឌ។ 1 ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង! 2 សូមឲ្យមានសាលក្រមបំភ្លឺភាពត្រឹមត្រូវសម្រាប់ទូលបង្គំ ចេញមកពីចំពោះព្រះអង្គ សូមឲ្យព្រះនេត្ររបស់ព្រះអង្គទតមើលសេចក្ដីទៀងត្រង់ផង។ 3 ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។ 4 ចំពោះការប្រព្រឹត្តរបស់មនុស្ស ទូលបង្គំបានចៀសវាងពីផ្លូវរបស់មនុស្សកំណាច ដោយព្រោះព្រះបន្ទូលពីព្រះរឹមរបស់ព្រះអង្គ។ 5 ជំហានរបស់ទូលបង្គំនៅជាប់ក្នុងគន្លងរបស់ព្រះអង្គ ជើងរបស់ទូលបង្គំមិនដែលរអិលឡើយ។ 6 ឱព្រះអើយ ទូលបង្គំស្រែកហៅព្រះអង្គ ដ្បិតព្រះអង្គនឹងឆ្លើយមកទូលបង្គំ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ សូមសណ្ដាប់ពាក្យរបស់ទូលបង្គំផង! 7 សូមសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង ព្រះអង្គដែលសង្គ្រោះអ្នកដែលជ្រកកោនឲ្យរួចពីពួកអ្នកតតាំង ដោយព្រះហស្តស្ដាំអើយ! 8 សូមរក្សាទូលបង្គំដូចប្រស្រីភ្នែក សូមបំពួនទូលបង្គំនៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ 9 ឲ្យរួចពីមនុស្សអាក្រក់ដែលបំផ្លាញទូលបង្គំ ឲ្យរួចពីពួកសត្រូវដែលទាស់នឹងព្រលឹងរបស់ទូលបង្គំ ដែលឡោមព័ទ្ធទូលបង្គំផង។ 10 ចិត្តដ៏ស្ពឹករបស់ពួកគេបានបិទជិត មាត់របស់ពួកគេនិយាយយ៉ាងក្រអឺតក្រទម។ 11 ឥឡូវនេះ ពួកគេបានដេញតាមយើងខ្ញុំ ហើយព័ទ្ធជុំវិញយើងខ្ញុំ; ពួកគេតម្រង់ភ្នែកដើម្បីផ្ដួលយើងខ្ញុំដល់ដី។ 12 ពួកគេមានដំណូចដូចជាសិង្ហដែលចង់ហែកស៊ីយ៉ាងខ្លាំង ក៏ដូចជាសិង្ហស្ទាវដែលសម្ងំចាំក្នុងទីស្ងាត់កំបាំង។ 13 ព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមប្រឈមមុខនឹងពួកគេ សូមធ្វើឲ្យពួកគេចុះចូលផង! សូមរំដោះព្រលឹងរបស់ទូលបង្គំពីមនុស្សអាក្រក់ដោយដាវរបស់ព្រះអង្គផង! 14 ព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គផង គឺឲ្យរួចពីមនុស្សលោកដែលចំណែករបស់គេនៅក្នុងជីវិតនេះ។ ព្រះអង្គបានបំពេញពោះពួកគេដោយអ្វីដែលព្រះអង្គសន្សំទុក នោះពួកគេក៏ស្កប់ចិត្តដែលមានកូនចៅ ហើយបន្សល់អ្វីដែលសល់ដល់ទារករបស់ខ្លួន។ 15 រីឯទូលបង្គំវិញ ទូលបង្គំនឹងមើលព្រះភក្ត្ររបស់ព្រះអង្គក្នុងសេចក្ដីសុចរិត; នៅពេលភ្ញាក់ឡើង ទូលបង្គំនឹងស្កប់ចិត្តដោយឃើញរូបរាងរបស់ព្រះអង្គ៕ |