ហេសេគាស្វែងរកយោបល់របស់អេសាយ1 នៅពេលព្រះបាទហេសេគាបានឮពាក្យទាំងនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ហើយដណ្ដប់ដោយក្រណាត់ធ្មៃ រួចយាងចូលទៅដំណាក់របស់ព្រះយេហូវ៉ា។ 2 ទ្រង់ចាត់អេលាគីមជាចៅហ្វាវាំង សេបណាជាព្រះរាជលេខា និងពួកចាស់ទុំនៃបូជាចារ្យឲ្យទៅឯព្យាការីអេសាយកូនរបស់អ័ម៉ូស ទាំងដណ្ដប់ដោយក្រណាត់ធ្មៃ។ 3 ពួកគេក៏និយាយនឹងគាត់ថា៖ “ហេសេគាមានរាជឱង្ការដូច្នេះថា: ‘ថ្ងៃនេះជាថ្ងៃនៃទុក្ខវេទនា ការដាក់ទោស និងភាពអាម៉ាស់។ កូនគ្រប់ខែហើយ ប៉ុន្តែគ្មានកម្លាំងនឹងសម្រាលទេ។ 4 ប្រហែលជាព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកបានឮពាក្យរបស់រ៉ាបសាកេ ដែលស្ដេចអាស្ស៊ីរីចៅហ្វាយរបស់គេបានចាត់ឲ្យមកដើម្បីត្មះតិះដៀលព្រះដ៏មានព្រះជន្មរស់ ហើយព្រះអង្គនឹងស្ដីបន្ទោសគេ ចំពោះពាក្យដែលព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកបានឮហើយ។ ដូច្នេះ សូមថ្វាយសេចក្ដីអធិស្ឋានសម្រាប់អ្នកដែលនៅសល់ផង’”។ 5 ពេលពួករាជបម្រើរបស់ព្រះបាទហេសេគាមកជួបអេសាយ 6 នោះអេសាយនិយាយនឹងពួកគេថា៖ “ចូរទូលដល់ចៅហ្វាយរបស់អ្នករាល់គ្នាថា: ‘ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: កុំខ្លាចចំពោះពាក្យសម្ដីដែលអ្នកបានឮ ដែលពួកអ្នកបម្រើរបស់ស្ដេចអាស្ស៊ីរីបានជេរប្រមាថយើងនោះឡើយ។ 7 មើល៍! យើងនឹងដាក់វិញ្ញាណមួយក្នុងស្ដេចអាស្ស៊ីរី ដើម្បីឲ្យគេឮពាក្យចចាមអារ៉ាមមួយ ហើយត្រឡប់ទៅស្រុករបស់ខ្លួនវិញ រួចយើងនឹងធ្វើឲ្យគេដួលដោយមុខដាវនៅក្នុងស្រុករបស់ខ្លួន’”។ សំបុត្ររបស់សានហេរីប8 រ៉ាបសាកេបានឮថាស្ដេចអាស្ស៊ីរីបានថយចេញពីឡាគីសហើយ នោះគាត់ត្រឡប់ទៅវិញ ក៏ឃើញស្ដេចអាស្ស៊ីរីកំពុងតែច្បាំងនឹងលិបណា។ 9 រីឯស្ដេចអាស្ស៊ីរីបានឮអំពីទារហាកាស្ដេចនៃអេត្យូពីថា បានចេញមកច្បាំងនឹងទ្រង់។ នៅពេលឮដូច្នេះ ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅឯហេសេគា ដោយនិយាយថា៖ 10 “ចូរប្រាប់ហេសេគាស្ដេចនៃយូដាដូច្នេះថា: ‘កុំឲ្យព្រះរបស់អ្នកដែលអ្នកជឿទុកចិត្តលើនោះ បញ្ឆោតអ្នកដោយថា: “យេរូសាឡិមនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ។ 11 មើល៍! អ្នកបានឮអំពីអ្វីដែលពួកស្ដេចនៃអាស្ស៊ីរីបានធ្វើដល់អស់ទាំងនគរហើយ គឺពួកទ្រង់បានញែកចេញបំផ្លាញគេ។ ដូច្នេះ តើអ្នកនឹងត្រូវបានរំដោះឲ្យរួចឬ? 12 តើបណ្ដាព្រះរបស់ប្រជាជាតិនានាដែលពួកដូនតារបស់យើងបានបំផ្លាញ មានកូសាន ហារ៉ាន រេសែភ និងកូនចៅអេដែនដែលនៅធេឡាស៊ើរ បានរំដោះពួកគេឬ? 13 តើស្ដេចនៃហាម៉ាថ ស្ដេចនៃអើផាឌ និងស្ដេចនៃក្រុងសេផាវែម ហេណា និងអ៊ីវ៉ា នៅឯណា?’”។ សេចក្ដីអធិស្ឋានរបស់ហេសេគា14 ហេសេគាទ្រង់ទទួលសំបុត្រនោះពីដៃរបស់អ្នកនាំសារ ក៏អានសំបុត្រនោះ រួចយាងឡើងទៅដំណាក់របស់ព្រះយេហូវ៉ា។ ហេសេគាលាសំបុត្រនោះនៅចំពោះព្រះយេហូវ៉ា 15 ហើយហេសេគាក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា៖ 16 “ព្រះយេហូវ៉ានៃពលបរិវារ ជាព្រះនៃអ៊ីស្រាអែល ដែលគង់លើចេរ៉ូប៊ីនអើយ! ព្រះអង្គ គឺព្រះអង្គតែមួយប៉ុណ្ណោះ ជាព្រះនៃអាណាចក្រទាំងអស់នៅលើផែនដី; គឺព្រះអង្គហើយ ដែលបង្កើតផ្ទៃមេឃ និងផែនដី។ 17 ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គ ហើយសណ្ដាប់ផង! ព្រះយេហូវ៉ាអើយ សូមបើកព្រះនេត្ររបស់ព្រះអង្គ ហើយទតមើលផង! សូមសណ្ដាប់គ្រប់ទាំងពាក្យរបស់សានហេរីប ដែលបញ្ជូនមក ដើម្បីត្មះតិះដៀលព្រះដ៏មានព្រះជន្មរស់! 18 ព្រះយេហូវ៉ាអើយ ពួកស្ដេចនៃអាស្ស៊ីរីបានបំផ្លាញអស់ទាំងនគរ និងទឹកដីរបស់គេប្រាកដមែន 19 ព្រមទាំងបោះចោលបណ្ដាព្រះរបស់គេទៅក្នុងភ្លើង ដ្បិតព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជាស្នាដៃរបស់មនុស្សប៉ុណ្ណោះដែលធ្វើពីឈើ និងថ្ម បានជាព្រះទាំងនោះត្រូវបានបំផ្លាញ! 20 ដូច្នេះឥឡូវនេះ ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ពួកគេផង ដើម្បីឲ្យអាណាចក្រទាំងអស់នៅលើផែនដីដឹងថា ព្រះអង្គហើយ ជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយប៉ុណ្ណោះ”។ ចម្លើយរបស់ព្រះដល់ហេសេគា21 ពេលនោះ អេសាយកូនរបស់អ័ម៉ូសចាត់គេឲ្យទៅគាល់ហេសេគា ទូលថា៖ “ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា: ‘ដោយព្រោះអ្នកបានអធិស្ឋានដល់យើងអំពីសានហេរីបស្ដេចនៃអាស្ស៊ីរី 22 ដូច្នេះ នេះជាពាក្យដែលព្រះយេហូវ៉ាមានបន្ទូលទាស់នឹងស្ដេចនោះ: កូនស្រីក្រមុំស៊ីយ៉ូនមើលងាយអ្នក ហើយសើចចំអកដាក់អ្នក កូនស្រីយេរូសាឡិមគ្រវីក្បាលពីក្រោយអ្នក។ 23 តើអ្នកបានត្មះតិះដៀល ហើយជេរប្រមាថអ្នកណា? តើអ្នកបានបន្លឺសំឡេង ហើយងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ទាស់នឹងអ្នកណា? គឺទាស់នឹងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលនោះឯង! 24 អ្នកបានត្មះតិះដៀលព្រះអម្ចាស់តាមរយៈរាជបម្រើរបស់អ្នក ដោយនិយាយថា: “អញបានឡើងទៅកន្លែងខ្ពស់នៃភ្នំទាំងឡាយ និងតំបន់ដាច់ស្រយាលនៃលីបង់ ដោយរទេះចម្បាំងដ៏ច្រើនរបស់អញ ហើយបានកាប់រំលំដើមស៊ីដាដ៏ខ្ពស់ និងដើមស្រល់ដែលល្អបំផុតរបស់វា។ អញបានទៅដល់កន្លែងខ្ពស់បំផុតរបស់វា គឺដល់ព្រៃសម្បូរផ្លែឈើរបស់វា។ 25 អញបានជីកអណ្ដូង ហើយផឹកទឹក។ អញក៏នឹងធ្វើឲ្យគ្រប់ទាំងព្រែកនៃអេហ្ស៊ីបរីងស្ងួតទៅ ដោយបាតជើងរបស់អញ”។ 26 តើអ្នកមិនបានឮទេឬ? យើងបានកំណត់ការនេះតាំងពីយូរមកហើយ យើងបានគ្រោងទុកតាំងពីបុរាណហើយ។ ឥឡូវនេះ យើងធ្វើឲ្យការនេះបានសម្រេច គឺឲ្យអ្នកបំផ្លាញទីក្រុងដ៏រឹងមាំឲ្យបាក់បែកជាគំនរថ្ម។ 27 ដោយហេតុនេះ អ្នកដែលរស់នៅទីក្រុងទាំងនោះក៏ខ្សោយកម្លាំង ពួកគេបានស្រយុតចិត្ត ហើយអាម៉ាស់មុខ។ ពួកគេបានដូចជាតិណជាតិតាមទីវាល ដូចជាស្មៅទន់ដ៏ខៀវខ្ចី ដូចជាស្មៅនៅលើដំបូលផ្ទះ ដែលក្រៀមមុនដុះធំឡើង។ 28 យើងដឹងពេលដែលអ្នកអង្គុយ ពេលដែលអ្នកចេញទៅ និងពេលដែលអ្នកចូលមក ព្រមទាំងកំហឹងរបស់អ្នកទាស់នឹងយើង។ 29 ដោយព្រោះអ្នកខឹងនឹងយើង ហើយភាពព្រហើនរបស់អ្នកបានឡើងមកដល់ត្រចៀករបស់យើង ដូច្នេះយើងនឹងដាក់កន្លុះរបស់យើង នៅច្រមុះរបស់អ្នក ក៏នឹងដាក់បង្ខាំបង្ហៀររបស់យើងនៅមាត់របស់អ្នក ហើយធ្វើឲ្យអ្នកត្រឡប់ទៅវិញតាមផ្លូវដែលអ្នកបានមក’។ 30 “‘នេះជាទីសម្គាល់សម្រាប់អ្នក គឺឆ្នាំនេះ អ្នករាល់គ្នានឹងហូបអ្វីដែលដុះឯង ហើយនៅឆ្នាំទីពីរ អ្នករាល់គ្នានឹងហូបអ្វីដែលដុះក្រោយមកទៀត ប៉ុន្តែនៅឆ្នាំទីបី ចូរសាបព្រោះ ច្រូតកាត់ ហើយធ្វើចម្ការទំពាំងបាយជូរ រួចហូបផលទាំងនោះវិញ។ 31 រីឯអ្នកដែលរួចជីវិតនៃវង្សត្រកូលយូដាដែលនៅសល់ នឹងចាក់ឫសទៅក្រោមម្ដងទៀត ព្រមទាំងបង្កើតផលទៅលើផង។ 32 ដ្បិតនឹងមានអ្នកដែលនៅសល់ចេញពីយេរូសាឡិម ហើយនឹងមានអ្នកដែលរួចជីវិតចេញពីភ្នំស៊ីយ៉ូន។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងធ្វើការនោះ’។ 33 “ដោយហេតុនេះ ព្រះយេហូវ៉ាមានបន្ទូលអំពីស្ដេចអាស្ស៊ីរីដូច្នេះថា: ‘គេនឹងមិនចូលមកក្នុងទីក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលមកនៅមុខទីក្រុងនេះ ឬសង់របាំងឡោមព័ទ្ធទាស់នឹងទីនេះដែរ 34 គឺគេនឹងត្រឡប់ទៅវិញតាមផ្លូវដែលគេបានមក ហើយមិនចូលមកក្នុងទីក្រុងនេះឡើយ។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ 35 ជាការពិត យើងនឹងការពារទីក្រុងនេះ ដើម្បីសង្គ្រោះទីក្រុងនេះ ដោយយល់ដល់ខ្លួនយើង និងដោយយល់ដល់ដាវីឌអ្នកបម្រើរបស់យើង’”។ មរណភាពរបស់សានហេរីប36 បន្ទាប់មក ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ចេញទៅវាយសម្លាប់មនុស្ស ១៨៥ ០០០ នាក់ក្នុងជំរំរបស់អាស្ស៊ីរី។ ពេលពួកគេក្រោកឡើងនៅពេលព្រឹក នោះមើល៍! មនុស្សទាំងនោះបានទៅជាសាកសពទាំងអស់! 37 ដូច្នេះ សានហេរីបស្ដេចនៃអាស្ស៊ីរីក៏ចាកចេញទៅ ហើយត្រឡប់ទៅវិញ រួចរស់នៅនីនីវេ។ 38 ថ្ងៃមួយមានកើតឡើងដូច្នេះ: នៅពេលសានហេរីបកំពុងតែថ្វាយបង្គំក្នុងវិហាររបស់ព្រះនីសរូកជាព្រះរបស់ខ្លួន នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរ ជាបុត្ររបស់ទ្រង់បានធ្វើគុតទ្រង់ដោយដាវ ហើយគេចខ្លួនទៅដែនដីអារ៉ារ៉ាត។ ដូច្នេះ អេសារហាដោនបុត្ររបស់ទ្រង់ ក៏សោយរាជ្យជំនួសទ្រង់៕ |