អេសាយ 36 - ព្រះគម្ពីរខ្មែរសាកលការឈ្លានពានរបស់សានហេរីប 1 នៅឆ្នាំទីដប់បួននៃរជ្ជកាលរបស់ព្រះបាទហេសេគា សានហេរីបស្ដេចនៃអាស្ស៊ីរីបានឡើងមកទាស់នឹងអស់ទាំងទីក្រុងដ៏រឹងមាំនៃយូដា ហើយចាប់យកទីក្រុងទាំងនោះ។ 2 ស្ដេចអាស្ស៊ីរីក៏ចាត់រ៉ាបសាកេពីឡាគីសឲ្យទៅយេរូសាឡិម គឺទៅឯព្រះបាទហេសេគា ជាមួយកងទ័ពដ៏ធំ។ គាត់ក៏ឈរនៅត្រង់ប្រឡាយនៃស្រះខាងលើ តាមមហាវិថីទៅកាន់វាលអ្នកបោកគក់។ 3 ពេលនោះ អេលាគីមកូនរបស់ហ៊ីលគីយ៉ា ជាចៅហ្វាវាំង សេបណាជាព្រះរាជលេខា និងយ៉ូអាកូនរបស់អេសាភ ជាស្មៀនហ្លួង ក៏ចេញទៅជួបគាត់។ 4 រ៉ាបសាកេនិយាយនឹងពួកគេថា៖ “ចូរប្រាប់ហេសេគាថា: ស្ដេចដ៏ធំឧត្ដម គឺស្ដេចនៃអាស្ស៊ីរីមានរាជឱង្ការដូច្នេះថា: ‘ទំនុកចិត្តដែលអ្នកទុកចិត្តនេះ តើជាអ្វី? 5 យើងគិតថា យុទ្ធសាស្រ្ត និងកម្លាំងខាងយោធារបស់អ្នកគ្រាន់តែជាសម្ដីទទេប៉ុណ្ណោះ។ ឥឡូវនេះ តើអ្នកទុកចិត្តលើអ្នកណា បានជាអ្នកបះបោរនឹងយើងដូច្នេះ?’។ 6 មើល៍! អ្នកទុកចិត្តលើអេហ្ស៊ីប គឺទុកចិត្តលើឈើច្រត់ដើមត្រែងកំបាក់នោះ ដែលអ្នកណាផ្អែកលើវា វានឹងមុតដៃអ្នកនោះ ហើយចាក់ទម្លុះដៃគេវិញ។ ផារ៉ោនស្ដេចនៃអេហ្ស៊ីបគឺយ៉ាងនោះឯង ដល់អស់អ្នកដែលទុកចិត្តលើទ្រង់។ 7 ប្រហែលជាអ្នកនិយាយមកយើងថា: ‘ពួកយើងជឿទុកចិត្តលើព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកយើង’។ ចុះមិនមែនជាព្រះនេះទេឬ ដែលហេសេគាបានបំបាត់ទីខ្ពស់ និងអាសនារបស់ព្រះអង្គចេញ ហើយប្រាប់យូដា និងយេរូសាឡិមថា: ‘អ្នករាល់គ្នាត្រូវតែថ្វាយបង្គំនៅមុខអាសនាមួយនេះ’? 8 “ឥឡូវនេះ ចូរភ្នាល់គ្នាជាមួយស្ដេចអាស្ស៊ីរីចៅហ្វាយរបស់យើងចុះ! យើងនឹងឲ្យសេះពីរពាន់ក្បាលដល់អ្នក ប្រសិនបើអ្នកអាចដាក់អ្នកជិះរបស់អ្នកលើពួកវាបាន។ 9 ចុះអ្នកអាចបង្វែរមុខរបស់មេទ័ពតូចមួយក្នុងពួករាជបម្រើរបស់ចៅហ្វាយយើងយ៉ាងដូចម្ដេចបាន ដោយទុកចិត្តលើអេហ្ស៊ីបដើម្បីបានរទេះចម្បាំង និងពលសេះដូច្នេះ? 10 ឥឡូវនេះ តើយើងឡើងមកទាស់នឹងទឹកដីនេះដើម្បីបំផ្លាញវា ដោយគ្មានព្រះយេហូវ៉ាឬ? គឺព្រះយេហូវ៉ាទេ ដែលមានបន្ទូលនឹងយើងថា: ‘ចូរឡើងទៅទាស់នឹងទឹកដីនេះ ហើយបំផ្លាញវាចុះ!’”។ 11 អេលាគីម សេបណា និងយ៉ូអា ក៏និយាយនឹងរ៉ាបសាកេថា៖ “សូមមានប្រសាសន៍នឹងពួកបាវបម្រើរបស់លោកជាភាសាអើរ៉ាមវិញ ពីព្រោះយើងខ្ញុំស្ដាប់បាន។ សូមកុំមានប្រសាសន៍នឹងយើងខ្ញុំជាភាសាយូដា ដាក់ត្រចៀករបស់ប្រជាជនដែលនៅលើកំពែងឡើយ”។ 12 ប៉ុន្តែរ៉ាបសាកេតបថា៖ “តើចៅហ្វាយរបស់យើងបានចាត់យើងឲ្យមក ដើម្បីនិយាយពាក្យទាំងនេះដល់ចៅហ្វាយរបស់អ្នក និងដល់អ្នកឬ? តើមិនមែនដល់ពួកមនុស្សដែលអង្គុយលើកំពែង ដែលនឹងស៊ីលាមករបស់ខ្លួន ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយពួកអ្នកទេឬ?”។ 13 រួចរ៉ាបសាកេក៏ឈរឡើង ហើយស្រែកដោយសំឡេងយ៉ាងខ្លាំងជាភាសាយូដាថា៖ “ចូរស្ដាប់ព្រះរាជឱង្ការរបស់ស្ដេចដ៏ធំឧត្ដម គឺស្ដេចនៃអាស្ស៊ីរី! 14 ស្ដេចមានរាជឱង្ការដូច្នេះថា: ‘កុំឲ្យហេសេគាបញ្ឆោតអ្នករាល់គ្នាឡើយ ដ្បិតវាមិនអាចរំដោះអ្នករាល់គ្នាបានទេ។ 15 កុំឲ្យហេសេគានាំឲ្យអ្នករាល់គ្នាជឿទុកចិត្តលើព្រះយេហូវ៉ា ដោយនិយាយថា: “ព្រះយេហូវ៉ានឹងរំដោះពួកយើងជាមិនខាន ទីក្រុងនេះនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ’។ 16 “កុំស្ដាប់តាមហេសេគាឡើយ ដ្បិតស្ដេចអាស្ស៊ីរីមានរាជឱង្ការដូច្នេះថា: ‘ចូរបង្កើតសន្តិភាពជាមួយយើង ហើយចេញមកឯយើងចុះ នោះម្នាក់ៗនឹងបានហូបពីដើមទំពាំងបាយជូរ និងដើមល្វារបស់ខ្លួន ហើយផឹកទឹកពីអាងទឹករបស់ខ្លួន 17 រហូតដល់យើងបានមក ហើយនាំអ្នករាល់គ្នាទៅទឹកដីមួយ ដូចទឹកដីរបស់អ្នករាល់គ្នានេះ ជាទឹកដីដែលមានស្រូវ និងស្រាទំពាំងបាយជូរថ្មី ជាទឹកដីដែលមាននំប៉័ង និងចម្ការទំពាំងបាយជូរផង។ 18 កុំឲ្យហេសេគាបញ្ចុះបញ្ចូលអ្នករាល់គ្នាដោយនិយាយថា: “ព្រះយេហូវ៉ានឹងរំដោះពួកយើង” នោះឡើយ។ តើមានព្រះណារបស់ប្រជាជាតិនានា ដែលបានរំដោះទឹកដីរបស់ពួកគេពីកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីឬ? 19 តើបណ្ដាព្រះរបស់ហាម៉ាថ និងអើផាឌនៅឯណា? តើបណ្ដាព្រះរបស់សេផាវែមនៅឯណា? តើព្រះទាំងនោះបានរំដោះសាម៉ារីពីកណ្ដាប់ដៃរបស់យើងឬ? 20 ក្នុងចំណោមព្រះទាំងអស់នៃទឹកដីទាំងនោះ តើមួយណាដែលរំដោះទឹកដីរបស់ពួកគេពីកណ្ដាប់ដៃរបស់យើង បានជាព្រះយេហូវ៉ានឹងរំដោះយេរូសាឡិមពីកណ្ដាប់ដៃរបស់យើងដែរ?’”។ 21 ប៉ុន្តែប្រជាជននៅស្ងៀម មិនតបនឹងគាត់មួយម៉ាត់សោះ ពីព្រោះស្ដេចបានបង្គាប់ថា៖ “កុំតបនឹងគាត់ឡើយ”។ 22 រីឯអេលាគីមកូនរបស់ហ៊ីលគីយ៉ា ជាចៅហ្វាវាំង សេបណាជាព្រះរាជលេខា និងយ៉ូអាកូនរបស់អេសាភ ជាស្មៀនហ្លួង ក៏ត្រឡប់មកគាល់ហេសេគាវិញ ទាំងសម្លៀកបំពាក់រហែក ហើយទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេ៕ |