អេសាយ 38 - ព្រះគម្ពីរខ្មែរសាកលជំងឺ និងការជាសះស្បើយរបស់ហេសេគា 1 នៅគ្រានោះ ហេសេគាប្រឈួនស្ទើរតែសោយទិវង្គត។ ព្យាការីអេសាយកូនរបស់អ័ម៉ូសក៏មកគាល់ទ្រង់ ហើយទូលទ្រង់ថា៖ “ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘ចូរចាត់ចែងផ្ទះរបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ គឺមិនរស់ទេ’”។ 2 នោះហេសេគាក៏បែរព្រះភក្ត្ររបស់ទ្រង់ទៅជញ្ជាំង ហើយអធិស្ឋានទៅព្រះយេហូវ៉ា 3 ថា៖ “ឱព្រះយេហូវ៉ាអើយ! សូមព្រះអង្គនឹកចាំអំពីរបៀបដែលទូលបង្គំបានដើរនៅចំពោះព្រះអង្គដោយភាពស្មោះត្រង់ និងដោយចិត្តសុក្រឹត ព្រមទាំងបានប្រព្រឹត្តល្អក្នុងព្រះនេត្ររបស់ព្រះអង្គផង!”។ ហើយហេសេគាទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។ 4 ពេលនោះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាមកដល់អេសាយថា៖ 5 “ចូរទៅប្រាប់ហេសេគាថា: ‘ព្រះយេហូវ៉ាដ៏ជាព្រះរបស់ដាវីឌដូនតារបស់ព្រះករុណា មានបន្ទូលដូច្នេះថា: “យើងបានឮពាក្យអធិស្ឋានរបស់អ្នក ក៏បានឃើញទឹកភ្នែករបស់អ្នកហើយ។ មើល៍! យើងនឹងបន្ថែមដប់ប្រាំឆ្នាំទៀតលើអាយុរបស់អ្នក។ 6 យើងនឹងរំដោះអ្នក និងទីក្រុងនេះ ពីកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរី ព្រមទាំងការពារទីក្រុងនេះផង”។ 7 នេះជាទីសម្គាល់ពីព្រះយេហូវ៉ាដល់អ្នក ថាព្រះយេហូវ៉ានឹងធ្វើតាមព្រះបន្ទូលនេះ ដែលព្រះអង្គបានមានបន្ទូលហើយ: 8 “មើល៍! យើងនឹងធ្វើឲ្យស្រមោលពីព្រះអាទិត្យដែលជ្រេទៅលើនាឡិកាថ្ងៃរបស់អ័ហាសត្រឡប់ទៅវិញ គឺថយក្រោយដប់ចំណុច”’”។ នោះស្រមោលពីព្រះអាទិត្យក៏ត្រឡប់ទៅវិញដប់ចំណុច លើនាឡិកាថ្ងៃដែលវាបានជ្រេទៅហើយ។ 9 នេះជាកំណាព្យរបស់ហេសេគាស្ដេចនៃយូដា នៅពេលទ្រង់ប្រឈួន ហើយជាពីជំងឺរបស់ទ្រង់វិញ: 10 “ខ្ញុំបានពោលថា: ‘នៅពាក់កណ្ដាលនៃអាយុរបស់ខ្ញុំ ខ្ញុំចេញទៅឯខ្លោងទ្វារនៃស្ថានមនុស្សស្លាប់; សំណល់នៃឆ្នាំអាយុរបស់ខ្ញុំត្រូវបានបំបាត់ហើយ!’។ 11 ខ្ញុំបានពោលថា: ‘ខ្ញុំនឹងមិនឃើញព្រះយេហូវ៉ា គឺព្រះយេហូវ៉ានៅស្ថានមនុស្សរស់! ខ្ញុំនឹងមិនឃើញមនុស្ស ជាមួយអ្នកដែលរស់នៅពិភពលោកទៀតឡើយ។ 12 លំនៅរបស់ខ្ញុំត្រូវបានរើចេញ ហើយត្រូវបានយកចេញពីខ្ញុំ ដូចជារោងរបស់អ្នកគង្វាល; ខ្ញុំបានមូរជីវិតរបស់ខ្ញុំទុក ដូចជាអ្នកត្បាញ។ ព្រះអង្គកាត់ខ្ញុំចេញពីកីតម្បាញ; ព្រះអង្គផ្ដាច់ជីវិតខ្ញុំក្នុងមួយថ្ងៃ។ 13 ខ្ញុំបានធ្វើឲ្យខ្លួនខ្ញុំស្ងប់រហូតដល់ព្រឹក។ ព្រះអង្គបំបាក់គ្រប់ទាំងឆ្អឹងខ្ញុំដូចជាសិង្ហ; ព្រះអង្គផ្ដាច់ជីវិតខ្ញុំក្នុងមួយថ្ងៃ។ 14 ខ្ញុំបានយំចេចចាចដូចត្រចៀកកាំ ឬដូចសត្វក្រៀល ក៏ថ្ងូរដូចព្រាប។ ភ្នែករបស់ខ្ញុំបានស្រវាំងទៅ ដោយងើយមើលទៅស្ថានដ៏ខ្ពស់; ព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំត្រូវបានសង្កត់សង្កិន សូមធានាសុវត្ថិភាពឲ្យទូលបង្គំផង’! 15 តើខ្ញុំនឹងនិយាយអ្វី? ដ្បិតព្រះអង្គបានមានបន្ទូលនឹងខ្ញុំហើយ ក៏បានធ្វើសេចក្ដីនោះដោយអង្គទ្រង់ផ្ទាល់ផង។ ខ្ញុំនឹងដើរសន្សឹមៗក្នុងអស់ទាំងឆ្នាំអាយុរបស់ខ្ញុំ ដោយព្រោះសេចក្ដីល្វីងជូរចត់នៃព្រលឹងរបស់ខ្ញុំ។ 16 ព្រះអម្ចាស់នៃទូលបង្គំអើយ ដោយសេចក្ដីទាំងនេះហើយ ដែលមនុស្សមានជីវិតរស់ ហើយជីវិតនៃវិញ្ញាណរបស់ទូលបង្គំក៏ស្ថិតនៅក្នុងអស់ទាំងសេចក្ដីនេះដែរ។ ដូច្នេះ សូមព្រះអង្គប្រោសទូលបង្គំឲ្យជា ហើយឲ្យទូលបង្គំមានជីវិតរស់ផង! 17 មើល៍! ដែលទូលបង្គំមានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺសម្រាប់ជាសេចក្ដីសុខសាន្ត; គឺព្រះអង្គហើយ ដែលសំចៃទុកព្រលឹងរបស់ទូលបង្គំ ពីរណ្ដៅនៃសេចក្ដីវិនាសដោយសេចក្ដីស្រឡាញ់ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងបាបរបស់ទូលបង្គំទៅក្រោយព្រះអង្គ។ 18 ជាការពិត ស្ថានមនុស្សស្លាប់អរព្រះគុណព្រះអង្គមិនបានទេ ហើយសេចក្ដីស្លាប់ក៏សរសើរតម្កើងព្រះអង្គមិនបានដែរ; អ្នកដែលចុះទៅរណ្ដៅមរណៈនឹងសង្ឃឹមលើសេចក្ដីពិតត្រង់របស់ព្រះអង្គមិនបានឡើយ; 19 មានតែមនុស្សរស់ គឺមនុស្សរស់ប៉ុណ្ណោះ ដែលអរព្រះគុណព្រះអង្គ ដូចទូលបង្គំនៅថ្ងៃនេះ; អ្នកដែលជាឪពុកនឹងឲ្យកូនស្គាល់សេចក្ដីពិតត្រង់របស់ព្រះអង្គ។ 20 ព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ ដូច្នេះពួកយើងនឹងលេងភ្លេងដោយគ្រឿងតន្ត្រីមានខ្សែ នៅដំណាក់របស់ព្រះយេហូវ៉ា ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ពួកយើង”។ 21 រីឯអេសាយនិយាយថា៖ “ចូរឲ្យគេយកតំណាប់ល្វាមួយដុំមកបិទលើបូស នោះទ្រង់នឹងជាសះស្បើយ”។ 22 ហេសេគាទ្រង់សួរថា៖ “តើមានទីសម្គាល់អ្វី ដែលយើងនឹងឡើងទៅដំណាក់របស់ព្រះយេហូវ៉ាបាន?”៕ |