ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ដានី‌យ៉ែល 2 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ដានី‌យ៉ែល 2

សុបិនរបស់នេប៊ូក្នេសា

1 នៅ​ឆ្នាំ​ទីពីរ​នៃ​រជ្ជកាល​របស់​នេប៊ូក្នេសា នេប៊ូក្នេសា​ទ្រង់​យល់សប្តិឃើញ​យល់សប្តិ ហើយ​វិញ្ញាណ​របស់ទ្រង់​មានអំពល់ បានជា​ការផ្ទំលក់​ចាកចេញ​ពី​ទ្រង់​។

2 ដូច្នេះ ស្ដេច​ទ្រង់​បញ្ជា​ឲ្យ​កោះហៅ​ពួក​គ្រូធ្មប់ ពួក​ហោរ ពួក​គ្រូមន្តអាគម និង​ពួកខាល់ដេ ដើម្បីឲ្យ​ទូល​ដល់​ស្ដេច​អំពី​យល់សប្តិ​របស់ទ្រង់​។ ពួកគេ​ក៏​ចូលមក​ឈរ​នៅចំពោះ​ស្ដេច​។

3 ស្ដេច​មានរាជឱង្ការ​នឹង​ពួកគេ​ថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយ ហើយ​វិញ្ញាណ​របស់យើង​មានអំពល់ ដោយព្រោះ​ចង់​ដឹង​អំពី​យល់សប្តិ​នោះ”។

4 ពួកខាល់ដេ​ទាំងនោះ​ក៏​ទូល​ស្ដេច ជា​ភាសាអើរ៉ាម​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​! សូម​ប្រាប់​សុបិន​នោះ​ដល់​បាវបម្រើ​របស់ទ្រង់​ចុះ នោះ​យើងខ្ញុំ​នឹង​បង្ហាញ​ការកាត់ស្រាយ”។

5 ស្ដេច​ទ្រង់​តប​នឹង​ពួកខាល់ដេ​ទាំងនោះ​ថា​៖ “សេចក្ដីបង្គាប់​ដែល​ចេញពី​យើង គឺ​ដាច់ខាត​។ ប្រសិនបើ​អ្នករាល់គ្នា​មិន​ឲ្យ​យើង​ដឹង​យល់សប្តិ​នោះ និង​ការកាត់ស្រាយ​ទេ នោះ​អ្នករាល់គ្នា​នឹង​ត្រូវបាន​កាប់​ជា​ដុំ​ៗ ហើយ​ផ្ទះ​របស់អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​គំនរលាមក​។

6 ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​បង្ហាញ​យល់សប្តិ​នោះ និង​ការកាត់ស្រាយ នោះ​អ្នករាល់គ្នា​នឹង​ទទួល​អំណោយ និង​រង្វាន់ ព្រមទាំង​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​ពី​យើង​។ ដូច្នេះ ចូរ​បង្ហាញ​យល់សប្តិ​នោះ និង​ការកាត់ស្រាយ​ដល់​យើង​ចុះ​!”។

7 ពួកគេ​ទូល​តប​ម្ដងទៀត​ថា​៖ “សូម​ព្រះរាជា​ប្រាប់​សុបិន​នោះ​ដល់​បាវបម្រើ​របស់ទ្រង់​ចុះ នោះ​យើងខ្ញុំ​នឹង​បង្ហាញ​ការកាត់ស្រាយ”។

8 ស្ដេច​ទ្រង់​តប​ថា​៖ “យើង​ដឹង​ពិតប្រាកដ​ថា អ្នករាល់គ្នា​ចង់​ពន្យារ​ពេល ដោយព្រោះ​អ្នករាល់គ្នា​ឃើញ​ថា សេចក្ដីបង្គាប់​ដែល​ចេញពី​យើង​គឺ​ដាច់ខាត​។

9 ប្រសិនបើ​អ្នករាល់គ្នា​មិន​ឲ្យ​យើង​ដឹង​យល់សប្តិ​នោះ​ទេ នោះ​មាន​បទបញ្ជា​តែមួយ​សម្រាប់​អ្នករាល់គ្នា​។ ដ្បិត​អ្នករាល់គ្នា​បាន​ឃុបឃិតគ្នា​ដើម្បី​និយាយ​ពាក្យ​ភូតភរ និង​ផ្ដេសផ្ដាស​នៅចំពោះ​យើង រហូតដល់​ស្ថានភាព​បាន​ផ្លាស់ប្ដូរ ដូច្នេះ​ចូរ​ប្រាប់​យល់សប្តិ​នោះ​ដល់​យើង​ចុះ នោះ​យើង​នឹង​ដឹង​ថា អ្នករាល់គ្នា​អាច​បង្ហាញ​ការកាត់ស្រាយ​ដល់​យើង​បាន”។

10 ពួកខាល់ដេ​ទូល​តប​នៅចំពោះ​ស្ដេច​ថា​៖ “គ្មាន​មនុស្ស​ណា​នៅលើ​ផែនដី​នេះ ដែល​អាច​បង្ហាញ​ដំណើររឿង​របស់​ព្រះរាជា​បាន​ទេ ដ្បិត​មិនដែល​មាន​ស្ដេច​ដ៏ធំឧត្ដម និង​ដ៏មានអំណាច​ណាម្នាក់ បាន​សួរ​ដំណើររឿង​យ៉ាងនេះ​ដល់​គ្រូមន្តអាគម ឬ​ហោរ ឬ​ពួកខាល់ដេ​ណា​ឡើយ​។

11 ដំណើររឿង​ដែល​ព្រះរាជា​ទ្រង់​សួរ​នេះ ពិបាក​ណាស់ គ្មាន​អ្នកណា​អាច​បង្ហាញ​ដំណើររឿងនេះ​នៅចំពោះ​ព្រះរាជា​បាន​ឡើយ លើកលែងតែ​បណ្ដា​ព្រះ​ដែល​មិនមាន​លំនៅ​ជាមួយ​សាច់ឈាម​ប៉ុណ្ណោះ”។

12 ដោយហេតុនេះ ស្ដេច​ទ្រង់​ខ្ញាល់ ហើយ​ក្រេវក្រោធ​យ៉ាងក្រៃលែង ក៏​បញ្ជា​ឲ្យ​បំផ្លាញជីវិត​ពួក​អ្នកប្រាជ្ញ​ទាំងអស់​នៃ​បាប៊ីឡូន​។

13 ដូច្នេះ មាន​បទបញ្ជា​ត្រូវបាន​ប្រកាសផ្សាយ​ដើម្បី​សម្លាប់​ពួក​អ្នកប្រាជ្ញ​។ គេ​ក៏​តាមរក​ដានីយ៉ែល និង​ពួក​មិត្តភក្ដិ​របស់គាត់ ដើម្បី​សម្លាប់​ដែរ​។

14 ពេលនោះ ដានីយ៉ែល​បាន​តប​ដោយ​សុភនិច្ឆ័យ និង​ភាពវាងវៃ ដល់​អើយ៉ុក​មេបញ្ជាការ​កងរក្សាអង្គ​របស់​ស្ដេច ដែល​ចេញមក​ដើម្បី​សម្លាប់​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​។

15 គាត់​និយាយ​នឹង​អើយ៉ុក​មេបញ្ជាការ​របស់​ស្ដេច​ថា​៖ “ហេតុអ្វីបានជា​បទបញ្ជា​របស់​ស្ដេច​ប្រថំ​ដូច្នេះ​?”។ អើយ៉ុក​ក៏​ប្រាប់​ដំណើររឿង​នោះ​ឲ្យ​ដានីយ៉ែល​ដឹង​។

16 នោះ​ដានីយ៉ែល​ក៏​ចូលទៅ ហើយ​ទូល​សុំ​ស្ដេច​ឲ្យ​ប្រទាន​ពេល​ដល់​គាត់ ដើម្បី​បង្ហាញ​ការកាត់ស្រាយ​ដល់​ស្ដេច​។

17 បន្ទាប់មក ដានីយ៉ែល​បាន​ត្រឡប់ទៅ​ផ្ទះ​របស់ខ្លួន​វិញ ហើយ​ប្រាប់​ដំណើររឿង​នោះ​ដល់​ហាណានា មីសាអែល និង​អ័សារា ជា​មិត្តភក្ដិ​របស់គាត់​ឲ្យដឹង

18 ដើម្បីឲ្យ​ពួកគេ​បាន​ទូល​សុំ​សេចក្ដីមេត្តា​ពី​ព្រះ​នៃ​ស្ថានសួគ៌ ទាក់ទងនឹង​អាថ៌កំបាំង​នោះ ដើម្បីកុំឲ្យ​ដានីយ៉ែល និង​ពួក​មិត្តភក្ដិ​របស់គាត់ ត្រូវបាន​បំផ្លាញជីវិត​ជាមួយ​ពួក​អ្នកប្រាជ្ញ​ឯទៀត​នៃ​បាប៊ីឡូន​ឡើយ​។

19 ពេលនោះ អាថ៌កំបាំង​នោះ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល​ក្នុង​និមិត្ត​នៅ​ពេលយប់ ដានីយ៉ែល​ក៏​ថ្វាយពរ​ព្រះ​នៃ​ស្ថានសួគ៌​។

20 ដានីយ៉ែល​ទូល​ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះនាម​របស់​ព្រះ ចាប់ពី​អស់កល្ប​រហូតដល់​អស់កល្ប ដ្បិត​ប្រាជ្ញា និង​ព្រះចេស្ដា​ជារបស់​ព្រះអង្គ​។

21 គឺ​ព្រះអង្គ​ហើយ ដែល​ផ្លាស់ប្ដូរ​ពេលវេលា និង​រដូវកាល​; ព្រះអង្គ​ទ្រង់​ដក​ស្ដេច​ចេញ ហើយក៏​តាំង​ស្ដេច​ឡើង​; ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នកប្រាជ្ញ ក៏​ប្រទាន​ចំណេះដឹង​ដល់​អ្នក​ចេះដឹង​ផង​។

22 គឺ​ព្រះអង្គ​ហើយ ដែល​បើកសម្ដែង​សេចក្ដី​ដ៏ជ្រាលជ្រៅ និង​លាក់កំបាំង​; ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីដែល​នៅ​ទីងងឹត ហើយ​ពន្លឺ​នៅ​ជាមួយ​ព្រះអង្គ​។

23 ព្រះ​នៃ​ដូនតា​របស់ទូលបង្គំ​អើយ ទូលបង្គំ​សូម​អរព្រះគុណ ហើយ​សរសើរតម្កើង​ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ប្រទាន​ប្រាជ្ញា និង​អំណាច​ដល់​ទូលបង្គំ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ​ដឹង​អ្វីដែល​យើងខ្ញុំ​បាន​សុំ​ពី​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​បាន​ឲ្យ​យើងខ្ញុំ​ដឹង​ដំណើររឿង​របស់​ស្ដេច”។

24 ដូច្នេះ ដានីយ៉ែល​ក៏​ចូលទៅ​រក​អើយ៉ុក ជា​អ្នកដែល​ស្ដេច​បាន​តាំង​ឲ្យ​បំផ្លាញជីវិត​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​។ គាត់​ចូលទៅ ហើយ​និយាយ​នឹង​លោក​ដូច្នេះ​ថា​៖ “សូម​កុំ​បំផ្លាញជីវិត​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ឡើយ​។ សូម​នាំ​ខ្ញុំ​ចូលទៅ​គាល់​ស្ដេច នោះ​ខ្ញុំ​នឹង​បង្ហាញ​ការកាត់ស្រាយ​ដល់​ស្ដេច”។

25 អើយ៉ុក​ក៏​នាំ​ដានីយ៉ែល​ចូលទៅ​គាល់​ស្ដេច​យ៉ាងប្រញាប់ប្រញាល់ ហើយ​ទូល​ទ្រង់​ដូច្នេះ​ថា​៖ “ខ្ញុំព្រះបាទ​រកបាន​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួក​ជនជម្លៀស​ពី​យូដា ដែល​អាច​ជម្រាប​ការកាត់ស្រាយ​នោះ​ថ្វាយ​ព្រះរាជា​បាន”។

26 ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល ដែល​ឈ្មោះ​គាត់​គឺ​បេលថិស្សាសារ​ថា​៖ “តើ​អ្នក​អាច​ឲ្យ​យើង​ដឹង​យល់សប្តិ​ដែល​យើង​បាន​ឃើញ​នោះ និង​ការកាត់ស្រាយ​យល់សប្តិនោះ​បាន​ឬ​?”។

27 ដានីយ៉ែល​ទូល​តប​នៅចំពោះ​ស្ដេច​ថា​៖ “អាថ៌កំបាំង​ដែល​ព្រះរាជា​បាន​សួរ​នោះ គ្មាន​ហោរាចារ្យ ហោរ គ្រូមន្តអាគម ឬ​គ្រូទាយ​ណា អាច​បង្ហាញ​ដល់​ព្រះរាជា​បាន​ឡើយ​។

28 យ៉ាងណាមិញ មាន​ព្រះ​មួយ​អង្គ​នៅ​ស្ថានសួគ៌ ដែល​បើកសម្ដែង​អាថ៌កំបាំង​នេះ ហើយ​ព្រះអង្គ​បាន​ធ្វើឲ្យ​ព្រះបាទ​នេប៊ូក្នេសា​ជ្រាប​អ្វីដែល​នឹង​កើតមាន​នៅ​ថ្ងៃ​ខាងមុខ​។ សុបិន​របស់ព្រះករុណា និង​និមិត្ត​នៅក្នុង​ព្រះសិរ​ព្រះករុណា​នៅ​ក្រឡាបន្ទំ គឺ​យ៉ាងនេះ​:

29 ព្រះរាជា​អើយ កាល​ព្រះករុណា​នៅលើ​ក្រឡាបន្ទំ គំនិត​របស់ព្រះករុណា​ក៏​ផុសឡើង អំពី​អ្វីដែល​នឹង​កើតមាន​នៅក្រោយ​នេះ នោះ​ព្រះអង្គដែល​បើកសម្ដែង​អាថ៌កំបាំង​បាន​ធ្វើឲ្យ​ព្រះករុណា​ជ្រាប​អ្វីដែល​នឹង​កើតមាន​។

30 រីឯ​ខ្ញុំព្រះបាទ​វិញ អាថ៌កំបាំង​នេះ​ត្រូវបាន​បើកសម្ដែង​ដល់​ខ្ញុំព្រះបាទ មិនមែន​ដោយព្រោះ​ខ្ញុំព្រះបាទ​មាន​ប្រាជ្ញា​ជាង​មនុស្សរស់​ទាំងអស់​ទេ គឺ​ដើម្បី​ឲ្យ​ការកាត់ស្រាយ​នេះ​បាន​ជ្រាប​ដល់​ព្រះរាជា និង​ឲ្យ​ព្រះករុណា​ជ្រាប​គំនិត​នៃ​ព្រះទ័យ​របស់ព្រះករុណា​ប៉ុណ្ណោះ​។

ដានីយ៉ែលកាត់ស្រាយសុបិន

31 “ព្រះរាជា​អើយ ព្រះករុណា​បាន​ទត​ឃើញ នោះ​មើល៍! មាន​រូប​ដ៏ធំ​មួយ​។ រូប​នេះ​ដែល​ធំសម្បើម ហើយ​មាន​ពន្លឺ​ខ្លាំងក្រៃលែង ឈរ​នៅចំពោះ​ព្រះករុណា ហើយ​ភិនភាគ​វា​គួរឲ្យខ្លាច​។

32 ក្បាល​របស់​រូប​នោះ ធ្វើពី​មាស​សុទ្ធ ដើមទ្រូង​របស់វា និង​ដៃ​របស់វា​ធ្វើពី​ប្រាក់ ពោះ​របស់វា និង​ភ្លៅ​របស់វា​ធ្វើពី​លង្ហិន

33 ជើង​របស់វា​ធ្វើពី​ដែក ហើយ​ប្រអប់ជើង​របស់វា ផ្នែក​ខ្លះ​ធ្វើពី​ដែក ផ្នែក​ខ្លះ​ធ្វើពី​ដីឥដ្ឋ​។

34 ខណៈដែល​ព្រះករុណា​កំពុងតែ​សង្កេតមើល មាន​ថ្ម​មួយ​ត្រូវបាន​កាត់ចេញ មិនមែន​ដោយ​ដៃមនុស្ស ហើយ​បាន​ទង្គិច​នឹង​រូប​នោះ​ត្រង់​ប្រអប់ជើង​របស់វា ដែល​ធ្វើពី​ដែក និង​ដីឥដ្ឋ ក៏​បំបាក់បំបែក​វា​ទៅ​។

35 ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និង​មាស​ក៏​បាក់បែក​ជាមួយគ្នា ហើយ​បាន​ត្រឡប់ជា​ដូច​អង្កាម​នៅ​លានបោកស្រូវ​នា​រដូវក្ដៅ រួច​ខ្យល់​ក៏​ផាត់យក​វា​ទៅ បានជា​គ្មាន​ដាន​ណាមួយ​នៃ​រូបនោះ​ត្រូវបាន​រកឃើញ​ឡើយ រីឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ បាន​ទៅជា​ភ្នំ​ដ៏ធំ រហូតដល់​ពេញ​ផែនដី​ទាំងមូល​។

36 “នេះ​ហើយ​ជា​សុបិន​នោះ ឥឡូវនេះ​យើងខ្ញុំ​សូម​ទូល​ការកាត់ស្រាយ​នៅចំពោះ​ព្រះរាជា​។

37 ព្រះរាជា​អើយ ព្រះករុណា​ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច ដែល​ព្រះ​នៃ​ស្ថានសួគ៌ បាន​ប្រទាន​រាជ្យ អំណាច អានុភាព និង​សិរីរុងរឿង​ដល់​ព្រះករុណា​។

38 ព្រះ​បាន​ប្រគល់​មនុស្សលោក សត្វព្រៃនៃទីវាល និង​បក្សាបក្សីនៅលើអាកាស នៅ​កន្លែងណាក៏ដោយ​ដែល​គេ​រស់នៅ មកក្នុង​កណ្ដាប់ដៃ​របស់ព្រះករុណា ព្រមទាំង​ឲ្យ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំងអស់​នោះ​ផង គឺ​ព្រះករុណា​ហើយ ជា​ក្បាល​ធ្វើពី​មាស​នោះ​។

39 “បន្ទាប់ពី​ព្រះករុណា នឹង​មាន​អាណាចក្រ​មួយទៀត​ក្រោកឡើង ដែល​អន់ជាង​ព្រះករុណា រួច​នឹង​មាន​អាណាចក្រ​ទីបី​មួយទៀត​ធ្វើពី​លង្ហិន ដែល​នឹង​គ្រប់គ្រង​លើ​ផែនដី​ទាំងមូល​។

40 រីឯ​អាណាចក្រ​ទីបួន​នឹង​ខ្លាំង​ដូច​ដែក ដ្បិត​ដូចដែល​ដែក​បំបាក់បំបែក ហើយ​កម្ទេច​អ្វីៗ​ទាំងអស់​យ៉ាងណា អាណាចក្រនោះ​ក៏​ដូចជា​ដែក​ដែល​កិន​យ៉ាងនោះ​ដែរ គឺ​វា​បំបាក់បំបែក និង​កិន​អ្វីៗ​ទាំងអស់​នោះ​។

41 ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ប្រអប់ជើង និង​ម្រាមជើង ដែល​ផ្នែក​ខ្លះ​ជា​ដីឥដ្ឋ​របស់​ជាងស្មូន ផ្នែក​ខ្លះ​ជា​ដែក នោះគឺជា​អាណាចក្រ​ដែល​នឹង​បាក់បែកគ្នា ប៉ុន្តែ​នៅ​មាន​ភាពរឹងមាំ​ខ្លះ​នៃ​ដែក​ក្នុង​អាណាចក្រនោះ ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ដែក​លាយ​ជាមួយ​ដីឥដ្ឋ​សើម​នោះ​។

42 ដូចដែល​ម្រាមជើង​ផ្នែក​ខ្លះ​ជា​ដែក ផ្នែក​ខ្លះ​ជា​ដីឥដ្ឋ​យ៉ាងណា ចំណែក​មួយ​នៃ​អាណាចក្រ​នោះ​នឹង​បានជា​រឹងមាំ ហើយ​ចំណែក​មួយ​នឹង​បានជា​ផុយស្រួយ​យ៉ាងនោះដែរ​។

43 ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ដែក​លាយ​ជាមួយ​ដីឥដ្ឋ​សើម​យ៉ាងណា គេ​នឹង​លាយ​ជាមួយ​ពូជ​មនុស្ស​ផ្សេងៗ​យ៉ាងនោះដែរ ប៉ុន្តែ​គេ​មិន​នៅ​ចូលគ្នា​ឡើយ ដូចដែល​ដែក​មិន​លាយ​ជាមួយ​ដីឥដ្ឋ​ដែរ​។

44 “រីឯ​នៅ​គ្រា​នៃ​ស្ដេច​ទាំងនោះ ព្រះ​នៃ​ស្ថានសួគ៌​នឹង​តាំង​អាណាចក្រ​មួយ​ឡើង ដែល​មិន​ត្រូវបាន​បំផ្លាញ​ជារៀងរហូត ហើយ​អាណាចក្រ​នោះ​ក៏​មិន​ត្រូវបាន​ទុក​ឲ្យ​ជាតិសាសន៍​ដទៃ​ណា​ដែរ​។ វា​នឹង​បំបាក់បំបែក និង​បំបាត់​អស់ទាំង​អាណាចក្រ​ទាំងនោះ ហើយ​នៅឈរ​ជារៀងរហូត

45 ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ថា មាន​ថ្ម​មួយ​ត្រូវបាន​កាត់ចេញ​ពី​ភ្នំ មិនមែន​ដោយ​ដៃមនុស្ស ហើយ​បំបាក់បំបែក​ដែក លង្ហិន ដីឥដ្ឋ ប្រាក់ និង​មាស​នោះ គឺ​ព្រះ​ដ៏ធំឧត្ដម​បាន​ឲ្យ​ព្រះរាជា​ជ្រាប​អ្វីដែល​នឹង​កើតមាន​នៅក្រោយ​នេះ​។ សុបិន​នេះ​ពិតប្រាកដ ហើយ​ការកាត់ស្រាយ​សុបិននេះ​ក៏​ប្រាកដប្រជា​ដែរ”។

ការឆ្លើយតបរបស់នេប៊ូក្នេសា

46 ពេលនោះ ព្រះបាទ​នេប៊ូក្នេសា​ក៏​ក្រាប​ព្រះភក្ត្រ​ដល់ដី​ថ្វាយបង្គំ​ដានីយ៉ែល ហើយ​បញ្ជា​ឲ្យ​ថ្វាយ​តង្វាយ និង​គ្រឿងក្រអូប​ដល់​គាត់​។

47 ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ប្រាកដមែន ព្រះ​របស់ពួកអ្នក​ជា​ព្រះ​លើ​អស់ទាំង​ព្រះ ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ស្ដេច និង​ជា​អ្នកដែល​បើកសម្ដែង​អាថ៌កំបាំង ដ្បិត​អ្នក​អាច​បើកសម្ដែង​អាថ៌កំបាំង​នេះ​បាន​!”។

48 ស្ដេច​ក៏​ដំឡើងយសស័ក្ដិ​ដានីយ៉ែល ហើយ​ប្រទាន​អំណោយ​ដ៏វិសេស​យ៉ាងច្រើន​ដល់​គាត់ ក៏​ឲ្យ​គាត់​គ្រប់គ្រង​លើ​ខេត្ត​បាប៊ីឡូន​ទាំងមូល ព្រមទាំង​តាំងគាត់ជា​ប្រធាន​លើ​អស់ទាំង​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ផង​។

49 ដានីយ៉ែល​ទូល​សុំ​ដល់​ស្ដេច នោះ​ទ្រង់​ក៏​តាំង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ លើ​ការងារ​ក្នុង​ខេត្ត​បាប៊ីឡូន រីឯ​ដានីយ៉ែល​វិញ គាត់​នៅក្នុង​រាជវាំង​របស់​ស្ដេច​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative