Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ដានី‌យ៉ែល 1 - ព្រះគម្ពីរខ្មែរសាកល


ដានីយ៉ែលជាប់ជាឈ្លើយសឹកនៅបាប៊ីឡូន

1 នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាល​របស់​យេហូយ៉ាគីម​ស្ដេច​នៃ​យូដា នេប៊ូក្នេសា​ស្ដេច​នៃ​បាប៊ីឡូន បាន​យាង​មក​យេរូសាឡិម ហើយ​ឡោមព័ទ្ធ​ទីក្រុងនោះ​។

2 ព្រះអម្ចាស់​ទ្រង់​ប្រគល់​យេហូយ៉ាគីម​ស្ដេច​នៃ​យូដា​ទៅក្នុង​កណ្ដាប់ដៃ​របស់​នេប៊ូក្នេសា ព្រមទាំង​ភាជនៈ​មួយចំនួន​នៅក្នុង​ដំណាក់​របស់​ព្រះ​ផង នោះ​ទ្រង់​ក៏​នាំទៅ​ដែនដី​ស៊ីណើរ ទៅ​វិហារ​នៃ​ព្រះ​របស់ទ្រង់ ហើយ​ដាក់​ភាជនៈ​ទាំងនោះ​ក្នុង​ឃ្លាំងសម្បត្តិ​នៃ​ព្រះ​របស់ទ្រង់​។

3 ពេលនោះ ស្ដេច​ទ្រង់​បញ្ជា​អាសផ្នាស​មេ​មហាតលិក​របស់ទ្រង់ ឲ្យ​នាំ​កូនចៅ​អ៊ីស្រាអែល​ខ្លះ​ពី​ពូជពង្ស​ស្ដេច និង​ពី​ពួក​អភិជន​មក

4 ជា​យុវជន​ដែល​ឥតមាន​ភាពខ្ចោះ​ណាមួយ​នៅលើ​ពួកគេ មាន​រូបឆោម​ល្អ ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​ប្រាជ្ញា ចេះ​ចំណេះដឹង មានការយល់ច្បាស់​ក្នុង​ចំណេះវិជ្ជា ហើយ​មាន​សមត្ថភាព​ឈរចាំបម្រើ​ក្នុង​រាជវាំង​របស់​ស្ដេច ដើម្បី​បង្រៀន​ពួកគេ​នូវ​អក្សរសាស្ដ្រ និង​ភាសា​របស់​ជនជាតិខាល់ដេ​។

5 ស្ដេច​ទ្រង់​តម្រូវ​ចំណែក​ប្រចាំថ្ងៃ​សម្រាប់​ពួកគេ​ពី​អាហារ​របស់​អង្គទ្រង់ និង​ពី​ស្រាទំពាំងបាយជូរ​ដែល​ទ្រង់​សោយ ហើយ​ឲ្យ​បង្ហាត់​ពួកគេ​បី​ឆ្នាំ​។ លុះ​ផុត​ពេលវេលានោះ ពួកគេ​ត្រូវ​បម្រើ​នៅចំពោះ​ស្ដេច​។

6 រីឯ​ក្នុង​អ្នកទាំងនោះ មាន​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា ពី​កូនចៅ​យូដា​។

7 មេ​មហាតលិក​ក៏​ដាក់ឈ្មោះ​ឲ្យ​ពួកគេ គឺ​ដានីយ៉ែល លោក​ដាក់ឈ្មោះថា​បេលថិស្សាសារ​; ហាណានា លោក​ដាក់ឈ្មោះ​ថា​សាដ្រាក់​; មីសាអែល លោក​ដាក់ឈ្មោះ​ថា​មែសាក់​; អ័សារា លោក​ដាក់ឈ្មោះ​ថា​អ័បេឌនេកោ​។


ភាពស្មោះត្រង់របស់ដានីយ៉ែល

8 ដានីយ៉ែល​បាន​សម្រេច​ក្នុងចិត្ត​ថា មិន​ឲ្យ​ខ្លួន​ទៅជាសៅហ្មង​ដោយ​អាហារ​របស់​ស្ដេច ឬ​ដោយ​ស្រាទំពាំងបាយជូរ​ដែល​ទ្រង់​សោយ​នោះ​ឡើយ ដូច្នេះ​គាត់​ក៏​សុំ​មេ​មហាតលិក ដើម្បីកុំឲ្យ​ខ្លួន​ទៅជាសៅហ្មង​។

9 ព្រះ​បាន​ប្រោសឲ្យ​ដានីយ៉ែល​ទទួល​ការគាប់ចិត្ត និង​ក្ដីមេត្តា​នៅចំពោះ​មេ​មហាតលិក

10 ឯ​មេ​មហាតលិក​ក៏​និយាយ​នឹង​ដានីយ៉ែល​ថា​៖ “យើង​ខ្លាច​ស្ដេច​ជា​ចៅហ្វាយ​របស់យើង ដែល​បាន​តម្រូវ​អាហារ​របស់ពួកអ្នក និង​គ្រឿងផឹក​របស់ពួកអ្នក​។ ហេតុអ្វីបានជា​ត្រូវឲ្យ​ទ្រង់​ទត​ឃើញ​មុខ​ពួកអ្នក​អាក្រក់​ជាង​ពួក​យុវជន​ដែល​ស្រករនឹង​អាយុ​របស់ពួកអ្នក​? ធ្វើដូច្នោះ ពួកអ្នក​ធ្វើឲ្យ​យើង​ប្រថុយ​ក្បាល​នៅចំពោះ​ស្ដេច​ហើយ​!”។

11 ពេលនោះ ដានីយ៉ែល​និយាយ​នឹង​មេការ​ដែល​មេ​មហាតលិក​បាន​តាំងឲ្យត្រួត​លើ​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​ថា​៖

12 “សូម​សាកល្បង​បាវបម្រើ​របស់លោក​ដប់​ថ្ងៃ​មើល៍ចុះ​! សូម​ឲ្យ​យើងខ្ញុំ​ហូប​តែ​បន្លែ ហើយ​ផឹក​តែ​ទឹក​ប៉ុណ្ណោះ

13 រួច​សូម​លោក​ពិនិត្យមើល​ភិនភាគ​យើងខ្ញុំ និង​ភិនភាគ​ពួក​យុវជន​ដែល​ហូប​អាហារ​របស់​ស្ដេច ហើយ​ប្រព្រឹត្ត​នឹង​បាវបម្រើ​របស់លោក​តាម​អ្វីដែល​លោក​យល់ឃើញ​ចុះ”។

14 លោក​ក៏​ស្ដាប់តាម​ពួកគេ​ក្នុង​រឿង​នេះ ហើយ​សាកល្បង​ពួកគេ​ដប់​ថ្ងៃ​។

15 លុះ​ផុត​ដប់​ថ្ងៃ​ទៅ ភិនភាគ​ពួកគេ​ត្រូវបាន​ឃើញថា​ប្រសើរ​ជាង ហើយ​ធាត់​ជាង​អស់ទាំង​ពួក​យុវជន​ដែល​ហូប​អាហារ​របស់​ស្ដេច​ទៅទៀត​។

16 ដូច្នេះ មេការ​ក៏​យក​អាហារ​របស់ពួកគេ និង​ស្រាទំពាំងបាយជូរ​ជា​គ្រឿងផឹក​របស់ពួកគេ​ចេញ ហើយ​ឲ្យ​បន្លែ​ដល់​ពួកគេ​វិញ​។


ព្រះប្រទានប្រាជ្ញា

17 រីឯ​យុវជន​ទាំង​បួន​នាក់​នេះ ព្រះ​បាន​ប្រទាន​ចំណេះដឹង​ដល់​ពួកគេ ហើយ​ឲ្យ​ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​អក្សរសាស្ត្រ និង​ប្រាជ្ញា ព្រមទាំង​ឲ្យ​ដានីយ៉ែល​បាន​យល់ច្បាស់​នូវ​អស់ទាំង​និមិត្ត និង​យល់សប្តិ​។

18 លុះ​ផុត​ថ្ងៃ​ទាំងនោះ ហើយដល់ពេលកំណត់​ដែល​ស្ដេច​បាន​មានរាជឱង្ការ​ឲ្យ​នាំ​ពួកគេ​មក មេ​មហាតលិក​ក៏​នាំ​ពួកគេ​មក​នៅចំពោះ​នេប៊ូក្នេសា​។

19 ស្ដេច​មានរាជឱង្ការ​នឹង​ពួកគេ ហើយ​ក្នុងចំណោម​ពួកគេ​ទាំងអស់​នោះ ទ្រង់​រកមិនឃើញ​អ្នកណា​ផ្ទឹមស្មើនឹង​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​ឡើយ ដូច្នេះ​ពួកគេ​ក៏​បាន​បម្រើ​នៅចំពោះ​ស្ដេច​។

20 គ្រប់ទាំង​រឿង​ខាង​ប្រាជ្ញា និង​ការយល់ដឹង ដែល​ស្ដេច​បាន​សួរ​ពួកគេ នោះក៏​ឃើញថា​ពួកគេ​លើសជាង​អស់ទាំង​ពួក​គ្រូធ្មប់ និង​ពួក​ហោរ ដែល​នៅក្នុង​អាណាចក្រ​របស់ទ្រង់​ទាំងមូល ដប់​ដង​ទៅទៀត​។

21 ដានីយ៉ែល​នៅ​ចំពោះស្ដេច រហូតដល់​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​ព្រះបាទ​ស៊ីរូស​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម