អេសាយ 8:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯខ្ញុំ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលព្រះអង្គលាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងរង់ចាំព្រះយេហូវ៉ាដែលលាក់ព្រះភក្ត្ររបស់ព្រះអង្គពីវង្សត្រកូលយ៉ាកុប ខ្ញុំនឹងរំពឹងមើលទៅព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខ្ញុំៗនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលទ្រង់លាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែទ្រង់ អាល់គីតាប ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ ដែលបានលាក់មុខនឹងកូនចៅរបស់យ៉ាកកូប។ |
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ?
បើមនុស្សស្លាប់ទៅ តើនឹងមានជីវិត រស់ឡើងវិញម្ដងទៀតឬ? បើមាន ទូលបង្គំនឹងរង់ចាំអស់រវាង សង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំ បានរអិលចេញទៅ។
ចំណង់បើលោក ដែលពោលថាលោកមើលព្រះអង្គមិនឃើញ តើយ៉ាងណាទៅ ឯរឿងនោះក៏នៅចំពោះព្រះអង្គ គឺលោកវិញដែលត្រូវរង់ចាំព្រះអង្គ។
ទូលបង្គំរង់ចាំព្រះយេហូវ៉ា ព្រលឹងទូលបង្គំរង់ចាំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។
ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
កាលណាអ្នករាល់គ្នាប្រទូលដៃឡើង នោះយើងនឹងបែរភ្នែកចេញពីអ្នក បើកាលណាអ្នកអធិស្ឋានជាច្រើន នោះយើងនឹងមិនស្តាប់ឡើយ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។
នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំព្រះអង្គ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ព្រះអង្គ ព្រលឹងយើងខ្ញុំប្រាថ្នានឹងថ្លែងព្រះនាមព្រះអង្គ គឺដល់សេចក្ដីដែលរំឭកពីព្រះអង្គ។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាព្រះអង្គជាព្រះដែលពួនអង្គ។
ក្នុងពួកអ្នករាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបម្រើព្រះអង្គ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយត្រូវពឹងផ្អែកទៅលើព្រះនៃខ្លួនចុះ។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក ព្រះអង្គមានព្រះបន្ទូលថា យើងបានគេចមុខចេញពីអ្នកនៅតែមួយភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែយើងនឹងអាណិតអាសូរដល់អ្នក ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។
យើងបានខឹង ហើយបានវាយគេ ដោយព្រោះអំពើទុច្ចរិតនៃចិត្តលោភរបស់គេ យើងបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេចេះតែថយទៅតាមអំពើចិត្តជានិច្ច។
គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ ដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់ យកយើងខ្ញុំទៅដូចជាខ្យល់។
គ្មានអ្នកណាអំពាវនាវដល់ព្រះនាមព្រះអង្គ ឬដាស់តឿនខ្លួនអ្នកឲ្យចាប់តោងព្រះអង្គឡើង ដ្បិតព្រះអង្គបានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។
គេចូលមកច្បាំងទាស់នឹងពួកខាល់ដេ ហើយក៏បំពេញផ្ទះទាំងនោះ ដោយសាកសពនៃមនុស្ស ដែលយើងសម្លាប់ ដោយកំហឹង និងសេចក្ដីឃោរឃៅរបស់យើង ដ្បិតយើងបានគេចមុខចេញពីទីក្រុងនេះ ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់គេ។
ដូច្នេះ ចូរវិលមករកព្រះរបស់អ្នកវិញចុះ ចូរកាន់ចិត្តសប្បុរស និងយុត្តិធម៌ ហើយរង់ចាំព្រះរបស់អ្នកជានិច្ចផង។
នៅគ្រានោះ គេនឹងអំពាវនាវរកព្រះយេហូវ៉ា តែព្រះអង្គមិនព្រមតបឡើយ ព្រះអង្គនឹងគេចព្រះភក្ត្រចេញពីគេ ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់។
ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។
ដ្បិតការជាក់ស្តែងនេះ ទុកសម្រាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះ ហើយនៅគ្រានោះ នឹងមិនកុហកទេ ប្រសិនបើបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកពិត ឥតរារង់ឡើយ។
គាត់បានឡើងមកនៅវេលានោះឯង ហើយចាប់ផ្តើមអរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅទន្ទឹងរង់ចាំការប្រោសលោះដល់ក្រុងយេរូសាឡិម។
បន្ទាប់មក ព្រះអង្គក៏ស្រាយន័យសេចក្តីដែលចែងអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ឲ្យគេស្តាប់ ចាប់ពីគម្ពីរលោកម៉ូសេ និងគម្ពីរហោរារៀងមក។
ព្រះអង្គមានព្រះបន្ទូលថា "យើងនឹងគេចមុខចេញពីគេ យើងនឹងចាំមើលចុងបំផុតរបស់គេជាយ៉ាងណា ដ្បិតគេជាតំណមនុស្សរឹងចចេស ជាកូនចៅដែលគ្មានចិត្តស្មោះត្រង់"។
ហើយរង់ចាំព្រះរាជបុត្រារបស់ព្រះអង្គ យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គឺព្រះយេស៊ូវ ដែលនឹងប្រោសយើងឲ្យរួចពីសេចក្ដីក្រោធដែលត្រូវមក។
សូមព្រះអម្ចាស់តម្រង់ចិត្តអ្នករាល់គ្នា ទៅរកសេចក្ដីស្រឡាញ់របស់ព្រះ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទកុំបីខាន។
ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តដល់ព្រះអង្គ» ហើយថា «មើល៍ ទូលបង្គំនៅជាមួយពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» ។
ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។