១ ថែស្សាឡូនីច 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សេចក្ដីផ្ដើម 1 ប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។ ជំនឿ និងគំរូរបស់គ្រីស្ទបរិស័ទនៅក្រុងថែស្សាឡូនីច 2 យើងតែងតែអរព្រះគុណព្រះជានិច្ចសម្រាប់អ្នករាល់គ្នា ហើយតំណាលពីអ្នករាល់គ្នា នៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ច 3 ដោយនឹកចាំនៅចំពោះព្រះជាព្រះវរបិតារបស់យើង ពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ពីការនឿយហត់ដែលអ្នករាល់គ្នាធ្វើដោយសេចក្ដីស្រឡាញ់ និងពីសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួនដែលអ្នករាល់គ្នាមាន ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ 4 ដ្បិតបងប្អូនជាទីស្រឡាញ់របស់ព្រះអើយ យើងដឹងថា ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នា 5 ព្រោះដំណឹងល្អដែលយើងបាននាំមកប្រាប់អ្នករាល់គ្នា មិនមែនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ តែដោយព្រះចេស្តា និងដោយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងចិត្តជឿជាក់ទាំងស្រុងថែមទៀតផង។ អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងជាមនុស្សប្រភេទណាក្នុងចំណោមអ្នករាល់គ្នា សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា។ 6 អ្នករាល់គ្នាក៏បានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ ដ្បិតទោះបើមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏អ្នករាល់គ្នាបានទទួលព្រះបន្ទូលដោយអំណរ មកពីព្រះវិញ្ញាណបរិសុទ្ធដែរ 7 ហេតុនេះហើយបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូ ដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន និងស្រុកអាខៃ។ 8 ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់អ្នករាល់គ្នាចំពោះព្រះ បានចេញទៅគ្រប់កន្លែង ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។ 9 មនុស្សជាច្រើនបានរៀបរាប់អំពីយើង ពីរបៀបដែលអ្នករាល់គ្នាបានទទួលយើង និងពីរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបព្រះ មករកព្រះដ៏ពិត ដើម្បីគោរពប្រតិបត្តិដល់ព្រះដ៏មានព្រះជន្មរស់នៅ 10 ហើយរង់ចាំព្រះរាជបុត្រារបស់ព្រះអង្គ យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គឺព្រះយេស៊ូវ ដែលនឹងប្រោសយើងឲ្យរួចពីសេចក្ដីក្រោធដែលត្រូវមក។ |
© 2016 United Bible Societies
Bible Society in Cambodia