យ៉ូប 35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកអេលីហ៊ូវចោទប្រកាន់ពីសេចក្ដីសុចរិតរបស់លោក 1 មួយទៀត អេលីហ៊ូវនិយាយថា៖ 2 «សេចក្ដីនេះ តើលោកស្មានថា គួរគប្បីឬ? ដែលលោកចង់ថា សេចក្ដីសុចរិតរបស់លោក នោះលើសជាងសេចក្ដីសុចរិតរបស់ព្រះ 3 ដោយពាក្យថា តើមានប្រយោជន៍អ្វីដល់ខ្ញុំ ហើយបើខ្ញុំមិនបានធ្វើបាប នោះតើនឹងបានកម្រៃជាជាងយ៉ាងណាទៅ 4 ខ្ញុំនឹងតបឆ្លើយដល់លោក ហើយដល់ពួកម៉ាករបស់លោកនេះដែរ 5 សូមពិចារណាមើលស្ថានសួគ៌ចុះ ហើយរំពឹងមើលផ្ទៃមេឃ ដែលខ្ពស់ជាងលោកជាយ៉ាងណា 6 បើលោកបានធ្វើបាប តើលោកបានធ្វើ ឲ្យដាបដល់ព្រះអង្គយ៉ាងណាខ្លះ? បើអំពើរំលងរបស់លោកបានចម្រើន កាន់តែច្រើនឡើង តើលោកបានធ្វើ ឲ្យដាបដល់ព្រះអង្គជាយ៉ាងណា? 7 ឬបើលោកសុចរិតវិញ តើលោកបានបន្ថែមអ្វីដល់ព្រះអង្គ ឬព្រះអង្គទទួលអ្វីពីដៃលោក? 8 អំពើអាក្រក់របស់លោកអាចនឹងធ្វើបង្ខូច ដល់អ្នកដទៃបាន ជាមនុស្សដូចជាលោកដែរ ហើយសេចក្ដីសុចរិតរបស់លោកនឹងមាន ប្រយោជន៍ដល់កូនរបស់មនុស្សដទៃបានដែរ។ 9 មានគេថ្ងូរ ដោយព្រោះសេចក្ដី សង្កត់សង្កិនយ៉ាងសន្ធឹក ក៏មានគេស្រែករកមនុស្សជួយ ដោយព្រោះតែដៃរបស់មនុស្ស មានអំណាចមែន។ 10 តែឥតមានអ្នកណាថា "ឯព្រះដ៏ជាព្រះអង្គបង្កើតខ្ញុំមក ដែលព្រះអង្គបណ្ដាលឲ្យច្រៀងនៅវេលាយប់ 11 ហើយបង្រៀនដល់យើង ជាជាងសត្វតិរច្ឆាននៅផែនដី ក៏ឲ្យមានប្រាជ្ញាលើសជាងសត្វហើរ លើអាកាស តើព្រះអង្គនៅឯណា?" 12 គេស្រែកនៅទីនេះ ឥតមានអ្នកណាឆ្លើយឡើយ ដោយព្រោះសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សអាក្រក់។ 13 ពិតប្រាកដជាព្រះមិនព្រមស្តាប់សម្រែក ដែលស្រែកជាទទេៗដែរ ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គមិនព្រមទាំងក្រឡេកមើលផង។ 14 ចំណង់បើលោក ដែលពោលថាលោកមើលព្រះអង្គមិនឃើញ តើយ៉ាងណាទៅ ឯរឿងនោះក៏នៅចំពោះព្រះអង្គ គឺលោកវិញដែលត្រូវរង់ចាំព្រះអង្គ។ 15 ឥឡូវនេះ ដោយព្រោះព្រះអង្គមិនធ្វើទោស ដោយសេចក្ដីក្រោធទេ ក៏មិនសូវរវល់នឹងសេចក្ដីឆ្មើងឆ្មៃដែរ 16 លោកយ៉ូបបានបើកមាត់ បញ្ចេញតែសេចក្ដីឥតប្រយោជន៍ ហើយបញ្ចេញពាក្យសម្ដីឥតបើគិតវិញ»។ |
© 2016 United Bible Societies
Bible Society in Cambodia