Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

មីកា 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


មេ​ដឹក‌នាំ និង​ហោរា​អាក្រក់

1 ខ្ញុំ​ក៏​និយាយ​ទៀត​ថា៖ ចូរ​ស្ដាប់ ឱ​ពួក​ប្រមុខ​នៃ​យ៉ាកុប និង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រា‌អែល​អើយ តើ​មិន​គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​យុត្តិ‌ធម៌​ទេ​ឬ?

2 អ្នក​រាល់​គ្នា​ដែល​ស្អប់​ការ​ល្អ ហើយ​ស្រឡាញ់​ការ​អាក្រក់​អើយ ជា​ពួក​អ្នក​ដែល​បក​ស្បែក​គេ ហើយ​បេះ​សាច់​ពី​ឆ្អឹង​គេ

3 អ្នក​រាល់​គ្នា​ស៊ី​សាច់​របស់​ជន​ជាតិ​ខ្ញុំ ហើយ​ពន្លាត់​ស្បែក​ពី​ខ្លួន​គេ​ចេញ រួច​បំបាក់​ឆ្អឹង ហើយ​កាត់​គេ​ជា​ដុំៗ ដូច​ជា​កាប់​សាច់ រៀប​ដាក់​ក្នុង​ឆ្នាំង ក៏​ដូច​ជា​សាច់​នៅ​ក្នុង​ថ្លាង។

4 នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​ព្រម​តប​ឡើយ ព្រះ‌អង្គ​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។

5 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ពួក​ហោរា ដែល​នាំ​ឲ្យ​ជន​ជាតិ​វង្វេង ជា​ពួក​អ្នក​ដែល​ថ្លែងទំនាយ​ថា​មាន​សេចក្ដី​សុខ ក្នុង​កាល​ដែល​មាន​អ្វី​ទំពារ​ស៊ី តែ​គេ​នឹង​ធ្វើ​សង្គ្រាម​ទាស់​នឹង​អ្នក​ណា ដែល​មិន​ដាក់​អ្វី​ក្នុង​មាត់​គេ។

6 ដោយ​ហេតុ​នោះ នឹង​មាន​សុទ្ធ​តែ​យប់​ដល់​ឯង​រាល់​គ្នា ឯង​នឹង​មិន​ឃើញ​និមិត្ត​ណា​ទៀត ហើយ​មាន​សុទ្ធ​តែ​ងងឹត​ដល់​ឯង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​ឯង​ថ្លែងទំនាយ​ឡើយ ព្រះ‌អាទិត្យ​នឹង​លិច​បាត់​ពី​ពួក​ហោរា​ទៅ ហើយ​ថ្ងៃ​នឹង​បាន​ងងឹត​សូន្យ​ដល់​គេ។

7 ពួក​អ្នក​មើល​ឆុត​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​គ្រូ​ថ្លែងទំនាយ​នឹង​ទាល់​គំនិត គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ។

8 តែ​ចំណែក​ខ្ញុំ ខ្ញុំ​មាន​ពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពួក​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រា‌អែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។

9 ឱ​ពួក​ប្រមុខ​នៃ​វង្ស​យ៉ាកុប និង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ដែល​ខ្ពើម​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ធ្វើ​ឲ្យ​សេចក្ដី​ត្រឹម‌ត្រូវ​ប្រែ‌ប្រួល ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ

10 ឯង​រាល់​គ្នា​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​ដោយ​ឈាម ហើយ​ក្រុង​យេរូ‌សាឡិម​ដោយ​សេចក្ដី​ទុច្ចរិត។

11 ពួក​កំពូល​លើ​គេ​តែង‌តែ​ជំនុំ‌ជម្រះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កម្រៃ ហើយ​ពួក​ហោរា​ក៏​ថ្លែងទំនាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែ គេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា "ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​យើង​រាល់​គ្នា​ទេ​តើ និង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ"។

12 ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ​រាស់​ដូច​ជា​ស្រែ​ចម្ការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ គឺ​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម