ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ?
ទំនុកតម្កើង 7:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកព្រះអង្គជាទីជ្រកកោន សូមសង្គ្រោះទូលបង្គំឲ្យរួចពីអស់អ្នក ដែលដេញតាមទូលបង្គំផង ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គហើយ! សូមសង្គ្រោះទូលបង្គំពីអស់អ្នកដែលតាមបៀតបៀនទូលបង្គំ សូមរំដោះទូលបង្គំផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រក សូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំ ឲ្យរួចផុតពីអស់អ្នក ដែលបៀតបៀនទូលបង្គំផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកទ្រង់ជាទីជ្រកកោន សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំសូមយកទ្រង់ធ្វើជាទីពឹងជ្រក សូមសង្គ្រោះខ្ញុំ សូមរំដោះខ្ញុំ ឲ្យរួចផុតពីអស់អ្នក ដែលបៀតបៀនខ្ញុំផង |
ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ?
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ ក្នុងសេចក្ដីស្លាប់
ប៉ុន្តែ ទូលបង្គំបានទុកចិត្តនឹងព្រះហឫទ័យ សប្បុរសរបស់ព្រះអង្គ ចិត្តទូលបង្គំនឹងត្រេកអរ ព្រោះតែការសង្គ្រោះរបស់ព្រះអង្គ។
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ដ្បិតព្រះអង្គអុជប្រទីបទូលបង្គំឲ្យភ្លឺឡើង ព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ ព្រះអង្គបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំអរសប្បាយ ដោយឈ្នះទូលបង្គំឡើយ!
ឱព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំបានដើរតាមផ្លូវ របស់ទូលបង្គំយ៉ាងត្រឹមត្រូវ ក៏បានទុកចិត្តនឹងព្រះយេហូវ៉ា ឥតល្អៀងឡើយ។
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវ របស់ទូលបង្គំ ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សអាក្រក់។
ដើម្បីឲ្យព្រលឹង ទូលបង្គំ បានច្រៀងសរសើរតម្កើងព្រះអង្គ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកព្រះអង្គ ហើយព្រះអង្គប្រោសឲ្យទូលបង្គំបានជា។
អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ សូមរំដោះទូលបង្គំ ចេញពីកណ្ដាប់ដៃ ខ្មាំងសត្រូវរបស់ទូលបង្គំ និងពីអស់អ្នកដែលបៀតបៀនទូលបង្គំផង!
មនុស្សអាក្រក់ត្រូវរងទុក្ខវេទនាជាច្រើន តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះព្រះហឫទ័យសប្បុរស របស់ព្រះអង្គព័ទ្ធជុំវិញ។
ពេលនោះ ទូលបង្គំនឹងចូលទៅរក អាសនារបស់ព្រះ គឺទៅជួបព្រះដែលជាអំណរ ដ៏លើសលុបរបស់ទូលបង្គំ ឱព្រះ ព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងស៊ុង។
ដាវីឌនឹងអំពាវនាវរកយើងថា "ព្រះអង្គជាព្រះវរបិតានៃទូលបង្គំ ជាព្រះនៃទូលបង្គំ ហើយជាថ្មដានៃការសង្គ្រោះ របស់ទូលបង្គំ"។
ក្នុងពួកអ្នករាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបម្រើព្រះអង្គ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយត្រូវពឹងផ្អែកទៅលើព្រះនៃខ្លួនចុះ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបហើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយព្រះអង្គត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្ដីដំណៀល ដោយយល់ដល់ព្រះអង្គ
ប៉ុន្តែ ព្រះយេហូវ៉ាគង់ជាមួយទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះ ពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្ដីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ។
ពិតប្រាកដជាយើងបានឮពួកអេប្រាអិម កំពុងតែត្អូញត្អែរថា៖ ព្រះអង្គបានវាយផ្ចាលទូលបង្គំ គឺទូលបង្គំត្រូវវាយពង្រាបដូចជាកូនគោ ដែលមិនធ្លាប់ទឹម សូមព្រះអង្គទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំនឹងវិលបែរមកហើយ ដ្បិតគឺព្រះអង្គហើយជាព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ។
ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គអើយ
ពេលនោះ ឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់យើង ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល។ អ្នកឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដីនៅក្នុងរាជ្យអូសៀស ជាស្តេចយូដា។ ព្រះយេហូវ៉ាជាព្រះនៃខ្ញុំនឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយដែរ។
ប៉ុន្តែ បងប្អូនដែលឡើងទៅជាមួយខ្ញុំ បានធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត តែខ្ញុំបានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។
តាមរយៈព្រះអង្គ អ្នករាល់គ្នាបានជឿដល់ព្រះ ដែលប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យទ្រង់មានសិរីល្អ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿ និងមានសង្ឃឹមលើព្រះ។
ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។