ទំនុកតម្កើង 7 - អាល់គីតាបអុលឡោះតាអាឡាសូមរកយុត្តិធម៌ឲ្យខ្ញុំផង! ទំនួញរបស់ណាពីទត គាត់សូត្រជូនអុលឡោះនៅពេលមានរឿងជាមួយមនុស្សម្នាក់ឈ្មោះគូស ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន។ 1 អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំសូមយកទ្រង់ធ្វើជាទីពឹងជ្រក សូមសង្គ្រោះខ្ញុំ សូមរំដោះខ្ញុំ ឲ្យរួចផុតពីអស់អ្នក ដែលបៀតបៀនខ្ញុំផង 2 ក្រែងលោគេហែកខ្ញុំ ដូចសត្វសិង្ហខាំរំពានាំយកទៅ ហើយគ្មាននរណារំដោះបានឡើយ។ 3 អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ប្រសិនបើខ្ញុំបានប្រព្រឹត្តដូចពាក្យគេថា ប្រសិនបើដៃខ្ញុំប្រឡាក់ទៅដោយអំពើទុច្ចរិត 4 ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងមិត្តភក្ដិខ្ញុំ ឬប្រសិនបើខ្ញុំ រឹបអូសយកទ្រព្យដោយឥតហេតុផល ពីអ្នកដែលជំទាស់នឹងខ្ញុំមែននោះ 5 សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារខ្ញុំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតខ្ញុំនៅនឹងដី និងឲ្យគេយកកិត្តិយសរបស់ខ្ញុំ ទៅទំលាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក 6 អុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង សូមទ្រង់ខឹងតបនឹងអំពើឃោរឃៅ របស់បច្ចាមិត្តខ្ញុំ សូមជួយការពារខ្ញុំផង ដ្បិតទ្រង់ ហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។ 7 សូមឲ្យប្រជាជាតិនានា នាំគ្នាមកចោមរោមជុំវិញទ្រង់! សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា 8 អុលឡោះតាអាឡាជាចៅក្រមវិនិច្ឆ័យប្រជារាស្ដ្រទាំងអស់ អុលឡោះតាអាឡាជាម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង ដ្បិតខ្ញុំសុចរិត ហើយក៏ទៀងត្រង់ដែរ! 9 សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! អុលឡោះដ៏សុចរិតអើយ ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស! 10 អុលឡោះជាខែលការពារខ្ញុំ ទ្រង់សង្គ្រោះអស់អ្នកដែលមានចិត្តទៀងត្រង់។ 11 អុលឡោះជាចៅក្រមដ៏សុចរិត ទ្រង់តែងតែប្រឆាំងនឹងអំពើអាក្រក់ ជារៀងរាល់ថ្ងៃ។ 12 មនុស្សអាក្រក់មិនដូរគំនិតទេ គេ នឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់។ 13 គេនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃ ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។ 14 អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ អ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។ 15 អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលខ្លួនជីកនោះជាមិនខាន។ 16 អំពើទុច្ចរិតដែលគេប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។ 17 ខ្ញុំនឹងសរសើរតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់សុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងនាមអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។ |
© 2014 United Bible Societies, UK.
United Bible Societies