Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ទណ្ឌកម្ម​ដែល​មិន​អាច​គេច​រួច

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​យើង​ក៏​ដោយ ក៏​យើង​មិន​បែរ​ទៅ​ជន​ជាតិ​នេះ​វិញ​ដែរ ចូរ​បោះ​គេ​ឲ្យឆ្ងាយ​ផុត​ពី​ភ្នែក​យើង ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ

2 បើ​កាល​ណា​គេ​សួរ​អ្នក​ថា តើ​ឲ្យ​យើង​ចេញ​ទៅ​ឯ​ណា? ចូរ​អ្នក​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​ពួក​ណា​ដែល​សម្រាប់​ស្លាប់ នោះ​ត្រូវ​ចេញ​ទៅ​ស្លាប់​ចុះ ហើយ​ពួក​ណា​ដែល​សម្រាប់​ដាវ ឲ្យ​គេ​ទៅ​ឯ​ដាវ​ទៅ និង​ពួក​ណា​ដែល​សម្រាប់​អំណត់ ឲ្យ​គេ​អត់​ឃ្លាន​ចុះ ឯ​ពួក​ណា​ដែល​សម្រាប់ទៅ​ជា​ឈ្លើយ នោះ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ​ដែរ។

3 យើង​នឹង​ឲ្យ​មានគ្រោះ​កាច​បួន​យ៉ាង​កើត​ឡើង សម្រាប់​ដាក់​ទោស​គេ គឺ​ដាវ​សម្រាប់​កាប់​សម្លាប់ ឆ្កែ​សម្រាប់​ហែក​ស៊ី សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សម្រាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង។

4 យើង​នឹង​បោះ​ទៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ដោយ​ព្រោះ​ម៉ាណា‌សេ ជា​បុត្រា​ហេ‌សេ‌គា ស្តេច​ស្រុក​យូដា និង​ការ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡិម។

5 ឱ​ក្រុង​យេរូ‌សាឡិម​អើយ តើ​អ្នក​ណា​នឹង​អាណិត​ប្រណី​ដល់​អ្នក? ឬ​អ្នក​ណា​នឹង​សោក​ស្តាយ​អ្នក? តើ​អ្នក​ណា​នឹង​បែរ​មក​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​អ្នក?

6 អ្នក​បាន​បោះ‌បង់​យើង​ហើយ អ្នក​បាន​រាថយ​ចេញ ហេតុ​នោះ​បាន​ជា​យើង​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក ហើយ​បំផ្លាញ​អ្នក យើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។

7 យើង​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក យើង​បាន​ធ្វើ​ឲ្យ​បាត់​បង់​កូន​អស់​ទៅ គឺ​យើង​បាន​បំផ្លាញ​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ។

8 យើង​ធ្វើ​ឲ្យ​មាន​ស្ត្រី​មេម៉ាយ កាន់​តែ​ច្រើន​ឡើង​នៅ​មុខ​យើង លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត យើង​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ របស់​ពួក​កំលោះៗ​ទាំង​ថ្ងៃ​ត្រង់ យើង​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម។

9 ស្ត្រី​ណា​ដែល​បាន​បង្កើត​កូន​ប្រាំពីរ​នាក់​ក៏​ល្វើយ​ទៅ រួច​ប្លុង​វិញ្ញាណ​ចេញ ពន្លឺ​របស់​នាង​បាន​លិច​ទៅ ក្នុង​កាល​ដែល​នៅ​ថ្ងៃ​នៅ​ឡើយ នាង​បាន​ត្រូវ​អៀន​ខ្មាស ហើយ​ជ្រប់​មុខ ឯ​ពួក​ដែល​នៅ​សល់ យើង​នឹង​ប្រគល់​ដល់​ដាវ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


លោក​យេរេមា​ត្អូញ‌ត្អែរ​ម្ដង​ទៀត ហើយ​ត្រូវ​រ៉ាប់​រង​បន្ត

10 ម៉ែ​អើយ វរ​ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ៍​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែ គេ​ប្រទេច​ផ្ដាសា​ខ្ញុំ​គ្រប់​គ្នា។

11 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ពិត​ប្រាកដ​ជា​យើង​បាន​ចម្រើន​កម្លាំងក្នុង​ជីវិត​អ្នក ឲ្យ​បាន​សេចក្ដី​ល្អ ពិត​ប្រាកដ​ជា​យើង​បាន​បណ្ដាល​ឲ្យ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក​ក្នុង​គ្រា​មាន​អាសន្ន និង​ក្នុង​គ្រា​វេទនា។

12 តើ​អ្នកណា​អាច​បំបាក់​បំបែក​ដែក​ពី​ស្រុក​ខាង​ជើង និង​លង្ហិន​បាន?

13 ឯ​ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​របស់អ្នក យើង​នឹង​ឲ្យ​គេ​យក​ទុក​ជា​របស់គេ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់អ្នក នៅតាម​ព្រំដែន​របស់​អ្នក។

14 យើង​នឹង​ឲ្យ​អ្នក​ឆ្លង​ទៅ​ជា‌មួយ​ពួក​ខ្មាំង​សត្រូវអ្នក ដល់​ស្រុក​មួយ​ដែល​អ្នក​មិន​ស្គាល់ ដ្បិត​មាន​ភ្លើង​កាត់​ឡើង​ក្នុង​សេចក្ដី​កំហឹង​របស់​យើង ភ្លើង​នោះ​នឹង​ឆេះ​ដល់​អ្នក​រាល់​គ្នា។

15 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ ហើយ​ប្រោស​ទូល‌បង្គំ​ផង សូម​សង‌សឹក​នឹង​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ សូម​កុំ​ដក​ទូល‌បង្គំ​ចេញ ដោយ​ព្រះ‌អង្គ​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូល‌បង្គំ​រង​ទ្រាំ​សេចក្ដី​ដំណៀល ដោយ​យល់​ដល់​ព្រះ‌អង្គ

16 ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌បន្ទូល​ព្រះ‌អង្គ ទូល‌បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជា​អំណរ ហើយ​ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ទូល‌បង្គំ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ ទូល‌បង្គំ​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ។

17 ទូល‌បង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត​កព្ឆោង​នោះ​ឡើយ គឺ​ទូល‌បង្គំ​បាន​អង្គុយ​តែ​ម្នាក់ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ឲ្យ​ទូល‌បង្គំ មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់។

18 ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ជា‌និច្ច ហើយ​របួស​ទូល‌បង្គំ​មើល​មិន​ព្រម​សះ​សោះ​ដូច្នេះ? កាពិត​ព្រះ​អង្គ​ដូច​ជា​បព្ឆោត​ដល់​ទូល‌បង្គំ គឺ​ដូច​ជា​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់។

19 ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ បើ​អ្នក​វិល​មក​វិញ នោះ​យើង​នឹង​នាំ​អ្នក​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ឈរ​នៅ​មុខ​យើង ហើយ​បើ​អ្នក​ញែក​របស់​ថ្លៃ​វិសេស ចេញ​ពី​របស់​ស្មោក‌គ្រោក នោះ​អ្នក​នឹង​បាន​ដូច​ជា​មាត់​យើង គេ​នឹង​វិល​មក​អ្នក​វិញ តែ​អ្នក​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ។

20 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​កំផែង​លង្ហិន មាន​គ្រឿង​សស្ត្រា‌វុធ​ដល់​ជន​ជាតិ​នេះ គេ​ច្បាំង​នឹង​អ្នក តែ​មិន​អាច​ឈ្នះ​បាន​ទេ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក ដើម្បី​នឹង​ជួយ​សង្គ្រោះ ហើយ​ប្រោស​អ្នក​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

21 យើង​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​កណ្ដាប់​ដៃ នៃ​មនុស្ស​អាក្រក់ ហើយ​លោះ​អ្នក​ចេញ​ពី​កណ្ដាប់​ដៃ នៃ​មនុស្ស​ដែល​គួរ​ស្ញែង​ខ្លាច។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម