ទំនុកតម្កើង 7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤បទទំនួញនៃស្តេចដាវីឌ ដែលទ្រង់ច្រៀងថ្វាយព្រះយេហូវ៉ា ពីរឿងគុស ជាពូជពង្សបេនយ៉ាមីន។ 1 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកទ្រង់ជាទីជ្រកកោន សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង 2 ក្រែងគេហែកព្រលឹងនៃទូលបង្គំ ដូចជាសិង្ហ ព្រមទាំងហែកឲ្យខ្ទេចខ្ទីផង ក្នុងកាលដែលគ្មានអ្នកណានឹងដោះឲ្យរួច 3 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ បើសិនជាទូលបង្គំបានធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ 4 បើទូលបង្គំធ្វើការអាក្រក់ ស្នងដល់អ្នកណាដែលមេត្រីនឹងទូលបង្គំ បើទូលបង្គំបានរឹបជាន់អ្នកដែលតតាំងនឹងទូលបង្គំ ដោយឥតហេតុ 5 នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះ អើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដី ហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់ 6 ៙ ឱព្រះយេហូវ៉ាអើយ សូមតើនឡើង ដោយសេចក្ដីខ្ញាល់របស់ទ្រង់ សូមងើបឡើង ទាស់នឹងសេចក្ដីឃោរឃៅ របស់ពួកតតាំងនឹងទូលបង្គំ សូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្ដីយុត្តិធម៌ ដែលទ្រង់បានបង្គាប់ហើយ 7 យ៉ាងនោះ ជំនុំនៃបណ្តាជនទាំងឡាយ នឹងមកនៅព័ទ្ធជុំវិញទ្រង់ សូមទ្រង់ឡើងលើទីខ្ពស់ ពីលើគេវិញ 8 ព្រះយេហូវ៉ាទ្រង់តែងជំនុំជំរះបណ្តាជនទាំងឡាយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជំនុំជំរះទូលបង្គំ តាមសេចក្ដីសុចរិត នឹងសេចក្ដីទៀងត្រង់របស់ទូលបង្គំផង 9 ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម 10 ខែលនៃទូលបង្គំនៅជាមួយនឹងព្រះ ដែលទ្រង់ជួយសង្គ្រោះមនុស្សមានចិត្តទៀងត្រង់ 11 ព្រះទ្រង់ជាចៅក្រមសុចរិត អើ ទ្រង់ជាព្រះដែលមានសេចក្ដីខ្ញាល់ ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ 12 បើអ្នកណាមិនប្រែចិត្ត នោះទ្រង់នឹងសំលៀងដាវ ទ្រង់បានយឹតដំឡើងធ្នូជាស្រេច 13 ទ្រង់ក៏រៀបចំគ្រឿងដែលសំរាប់សំឡាប់គេ ទុករួចហើយ ទ្រង់ធ្វើព្រួញឆេះ ទុកសំរាប់បាញ់។ 14 ៙ មើលគេឈឺនឹងសំរាលការទុច្ចរិតរបស់គេ ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ ហើយសំរាលចេញជាសេចក្ដីកំភូត 15 គេបានជីកធ្វើរណ្តៅ ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ 16 សេចក្ដីអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញ ហើយសេចក្ដីច្រឡោតរបស់គេ នឹងចុះមកលើក្រយៅក្បាលគេដែរ 17 ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្ដីសុចរិតទ្រង់ ហើយនឹងច្រៀងដំកើងថ្វាយព្រះនាមព្រះយេហូវ៉ា ដ៏ខ្ពស់បំផុត។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia