ទំនុកតម្កើង 26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យទូលអង្វររកយុត្តិធម៌របស់មនុស្សសុចរិត ទំនុករបស់ស្តេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំបានដើរតាមផ្លូវ របស់ទូលបង្គំយ៉ាងត្រឹមត្រូវ ក៏បានទុកចិត្តនឹងព្រះយេហូវ៉ា ឥតល្អៀងឡើយ។ 2 ឱព្រះអម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ហើយល្បងលទូលបង្គំ សូមសាកចិត្តគំនិតរបស់ទូលបង្គំចុះ។ 3 ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅចំពោះភ្នែកទូលបង្គំ ហើយទូលបង្គំបានដើរតាម សេចក្ដីពិតរបស់ព្រះអង្គ។ 4 ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សភូតភរឡើយ ក៏មិនបានសេពគប់ជាមួយមនុស្សមានពុតដែរ។ 5 ទូលបង្គំស្អប់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយក៏មិនអង្គុយជាមួយមនុស្សពាលដែរ។ 6 ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃជាសម្គាល់ថា ទូលបង្គំគ្មានទោសទេ ហើយទូលបង្គំដើរជុំវិញអាសនារបស់ព្រះអង្គ 7 ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណព្រះអង្គ និងរៀបរាប់ពីការអស្ចារ្យ ទាំងប៉ុន្មានរបស់ព្រះអង្គ។ 8 ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ ព្រះដំណាក់ដែលព្រះអង្គគង់នៅ និងកន្លែងដែលមានសិរីល្អ របស់ព្រះអង្គស្ថិតនៅ។ 9 សូមកុំផាត់ព្រលឹងទូលបង្គំចេញ ជាមួយមនុស្សបាបឡើយ ហើយក៏កុំដកជីវិតទូលបង្គំ ជាមួយមនុស្សដែលកម្ចាយឈាមដែរ 10 ដៃរបស់អ្នកទាំងនោះ សុទ្ធតែជាប់មានអំពើអាក្រក់ ហើយដៃស្តាំរបស់គេពេញដោយសំណូក។ 11 រីឯទូលបង្គំវិញ ទូលបង្គំនឹងដើរ ដោយចិត្តទៀងត្រង់ សូមប្រោសលោះទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង។ 12 ជើងទូលបង្គំឈរនៅលើដីរាបស្មើ ទូលបង្គំនឹងថ្វាយព្រះពរព្រះយេហូវ៉ា នៅក្នុងក្រុមជំនុំដ៏ធំ។ |
© 2016 United Bible Societies
Bible Society in Cambodia