ដានីយ៉ែល 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទនេប៊ូក្នេសា ព្រមទាំងប្រដាប់ប្រដាមួយចំនួន ដែលនៅក្នុងព្រះដំណាក់របស់ព្រះទៀតផង។ ស្ដេចបាននាំប្រដាប់ប្រដាទាំងនោះយកទៅស្រុកស៊ីណើរ ហើយដាក់នៅក្នុងព្រះដំណាក់នៃព្រះរបស់ខ្លួន។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីមស្ដេចនៃយូដាទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ព្រមទាំងភាជនៈមួយចំនួននៅក្នុងដំណាក់របស់ព្រះផង នោះទ្រង់ក៏នាំទៅដែនដីស៊ីណើរ ទៅវិហារនៃព្រះរបស់ទ្រង់ ហើយដាក់ភាជនៈទាំងនោះក្នុងឃ្លាំងសម្បត្តិនៃព្រះរបស់ទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ព្រះវិហារ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា។ ព្រះចៅនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីម ជាស្តេចយូដាទៅក្នុងកណ្តាប់ដៃនេប៊ូក្នេសា ព្រមទាំងគ្រឿងប្រដាប់១ភាគ ដែលនៅក្នុងព្រះវិហារនៃព្រះផង ហើយទ្រង់ក៏ដឹកនាំទៅឯស្រុកស៊ីណើរ ដាក់ក្នុងវិហាររបស់ព្រះនៃទ្រង់ គឺបាននាំយកគ្រឿងប្រដាប់ទាំងនោះទៅក្នុងឃ្លាំងរបស់ព្រះនៃខ្លួន អាល់គីតាប អុលឡោះជាអម្ចាស់បានប្រគល់ស្តេចយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ម៉ាស្ជិទ ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនេប៊ូក្នេសា។ ស្តេចនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។ |
ពេលគេធ្វើដំណើរទៅស្រុកខាងកើត គេប្រទះឃើញវាលមួយនៅស្រុកស៊ីណើរ គេក៏តាំងទីលំនៅនៅទីនោះ។
នៅក្នុងរាជ្យព្រះបាទយេហូយ៉ាគីម ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនឡើងមក ព្រះបាទយេហូយ៉ាគីមបានចុះចូលជាអ្នកបម្រើរបស់នេប៊ូក្នេសាអស់រយៈពេលបីឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ។
ពេលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់មួយឆ្នាំ ទ្រង់បានប្រព្រឹត្តអំពើដ៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់
ព្រះបាទនេប៊ូក្នេសាក៏យកគ្រឿងប្រដាប់ខ្លះនៃព្រះវិហារព្រះយេហូវ៉ា ទៅឯក្រុងបាប៊ីឡូន ដាក់ក្នុងព្រះរាជដំណាក់របស់ទ្រង់
ឯព្រះបាទស៊ីរូសក៏បានបញ្ចេញគ្រឿងប្រដាប់នៃព្រះដំណាក់របស់ព្រះយេហូវ៉ា ដែលព្រះបាទនេប៊ូក្នេសាបានយកចេញពីក្រុងយេរូសាឡិម មកដាក់នៅព្រះវិហាររបស់ព្រះនៃទ្រង់នោះ ប្រគល់មកវិញផងដែរ។
នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យគេរឹបអូស ហើយពួកអ៊ីស្រាអែលឲ្យដល់ពួកចោរដូច្នេះ? តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងព្រះអង្គ ឥតព្រមដើរតាមផ្លូវព្រះអង្គ ឬស្តាប់តាមក្រឹត្យវិន័យព្រះអង្គ?
នេះជាព្រះបន្ទូលដែលបានមកដល់ហោរាយេរេមា ពីដំណើរប្រជាជនស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា (គឺជាឆ្នាំដំបូងនៃរជ្ជកាលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន)
ខ្ញុំក៏បានប្រាប់ដល់ពួកសង្ឃ និងពួកជនទាំងឡាយថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ កុំស្តាប់តាមពាក្យរបស់ពួកហោរា ដែលថ្លែងទំនាយដល់អ្នករាល់គ្នាថា មើលបន្តិចទៀត គេនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ពីក្រុងបាប៊ីឡូនមកវិញ ដ្បិតគេថ្លែងទំនាយកុហកដល់អ្នករាល់គ្នាទេ។
នៅរវាងគម្រប់ពីរឆ្នាំទៀត នោះយើងនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាជាស្តេចបាប៊ីឡូនបានយកពីទីនេះទៅដល់ស្រុកបាប៊ីឡូន ត្រឡប់មកឯកន្លែងដើមវិញ។
ប៉ុន្តែ ពេលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឡើងមកក្នុងស្រុក នោះយើងបាននិយាយគ្នាថា ចូរយើងចូលទៅក្នុងក្រុងយេរូសាឡិម ឲ្យរួចពីពួកទ័ពខាល់ដេ និងពួកទ័ពស៊ីរីចេញ ហេតុនោះបានជាយើងរាល់គ្នា អាស្រ័យនៅក្នុងក្រុងយេរូសាឡិមសព្វថ្ងៃនេះ។
ចូរថ្លែងប្រាប់នៅកណ្ដាលអស់ទាំងសាសន៍ ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ ចូរប្រាប់ថា៖ គេចាប់យកក្រុងបាប៊ីឡូនហើយ ព្រះបាលត្រូវខ្មាស ព្រះម្រដាក់ត្រូវបាក់រលំចុះ រូបឆ្លាក់របស់គេបានត្រូវខ្មាស រូបព្រះរបស់គេបានបាក់រំលំចុះហើយ។
យើងនឹងធ្វើទោសដល់ព្រះបាល នៅស្រុកបាប៊ីឡូន ហើយធ្វើឲ្យរបស់ទាំងប៉ុន្មាន ដែលវាបានលេបទៅ ចេញពីមាត់មកវិញ នោះអស់ទាំងសាសន៍នឹងលែងទៅជាហូរហែរកវាទៀត ហើយកំផែងនៃក្រុងបាប៊ីឡូននឹងរលំចុះ។
ពេលនោះ គេក៏នាំដានីយ៉ែលចូលមកចំពោះស្តេច ហើយស្ដេចមានរាជឱង្ការទៅកាន់ដានីយ៉ែលថា៖ «តើលោកឈ្មោះដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយសាសន៍យូដា ដែលព្រះរាជា ជាព្រះបិតារបស់យើង បាននាំពីស្រុកយូដាមកនោះមែនឬ?
បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតបានប្រទានរាជ្យសម្បត្តិ ភាពឧត្ដុងឧត្ដម សិរីល្អ និងតេជានុភាពដល់ព្រះបាទនេប៊ូក្នេសា ជាបិតារបស់ព្រះករុណា។
ហេតុនោះបានជាគេថ្វាយយញ្ញបូជា ដល់សំណាញ់របស់គេ ហើយដុតកំញានថ្វាយដល់អួន ពីព្រោះចំណែករបស់គេបានច្រើន ហើយគេមានអាហារជាបរិបូរ ដោយសាររបស់ទាំងនោះ។
ទេវតាឆ្លើយថា៖ «យកទៅធ្វើផ្ទះនៅក្នុងស្រុកស៊ីណើរ កាលណាធ្វើផ្ទះរួចរាល់ហើយ នាងនឹងដាក់កញ្ជ្រែងនៅកន្លែងនោះ»។
តើមនុស្សតែម្នាក់អាចដេញមួយពាន់នាក់ ឬពីរនាក់ធ្វើឲ្យមួយម៉ឺននាក់រត់ទៅដូចម្ដេចបាន បើព្រះដ៏ជាថ្មដារបស់គេមិនបានលក់គេ ឬព្រះយេហូវ៉ាមិនបានប្រគល់គេទៅនោះ?
ដូច្នេះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយព្រះអង្គប្រគល់គេទៅក្នុងកណ្ដាប់ដៃពួកចោរព្រៃ ដែលមកប្លន់ទ្រព្យសម្បត្តិរបស់គេ ក៏លក់គេទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវដែលនៅជុំវិញ ធ្វើឲ្យពួកគេមិនអាចទប់ទល់នឹងខ្មាំងសត្រូវបានឡើយ។
ដូច្នេះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយព្រះអង្គលក់គេទៅក្នុងកណ្ដាប់ដៃរបស់គូសាន-រីសាថែម ជាស្តេចស្រុកមេសូប៉ូតាមា។ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះស្តេចគូសាន-រីសាថែមនោះ អស់រយៈប្រាំបីឆ្នាំ។
ដូច្នេះ ព្រះយេហូវ៉ាក៏លក់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសែត-កូយីម។