Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហាបាគុក 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​សេចក្ដី​ទំនាយ​ថ្លែងទំនាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។


ការ​ត្អូញ​ត្អែ​របស់ហោរា

2 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​ត្រូវ​អំពាវ‌នាវ​ដល់​កាល​ណា​ទៀត បើ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​សោះ​ដូច្នេះ? ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​អំពើ​ឃោរឃៅ តែ​ព្រះ‌អង្គ​មិន​សង្គ្រោះ​សោះ?

3 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូល‌បង្គំ​មើល​ឃើញ​តែ​ទំនាស់​ចិត្ត​ដូច្នេះ? ដ្បិត​មាន​សុទ្ធ​តែ​ការ​បំផ្លាញ និង​អំពើ​ឃោរឃៅ​នៅ​មុខ​ទូល‌បង្គំ ក៏​មានតែ​ការ​ឈ្លោះ​ប្រកែក និង​ការ​ទាស់‌ទែង​គ្នា​កើត​ឡើង។

4 ហេតុ​ដូច្នេះ បញ្ញត្តិ​ច្បាប់​បាន​អន់‌ថយ​ទៅ ហើយ​សេចក្ដី​យុត្តិ‌ធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម‌ព័ទ្ធ​មនុស្ស​សុចរិត លែង​មាន​យុត្តិ‌ធម៌​ទៀត​ហើយ។

5 ចូរ​ពិចារណា​មើល ក្នុង​ចំណោម​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ចូរ​មើល​ទៅ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ដ៏​ពន្លឹក​ចុះ ដ្បិត​នៅ​ក្នុង​ជំនាន់​របស់​ឯង​នេះ យើង​កំពុង​តែ​ធ្វើ​ការ​មួយ ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ទេ ទោះ​បើ​មាន​គេ​ប្រាប់​ក៏​ដោយ។

6 ដ្បិត​មើល៍! យើង​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស‌រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅដែល​មិន​មែន​ជា​របស់​ខ្លួន

7 គេ​គួរ​ស្ញែង​ខ្លាច ហើយ​មាន​ភាព​គួរ​ស្បើម សេចក្ដី​យុត្តិ‌ធម៌ និង​យស‌សក្តិ​របស់​គេ មក​តែ​ពី​ខ្លួន​គេ​ទេ។

8 ឯ​សេះ​របស់​គេ​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ​សម្រុក​ចូល​ដោយ​ឥត​ញញើត ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី

9 គេ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់

10 គេ​ឡក‌ឡឺយ​ឲ្យ​ស្តេច​នានា ហើយ​មើល​ងាយ​ពួក​ចៅ‌ហ្វាយ គេ​សើច​ដាក់​អស់​ទាំង​ទី​មាំ‌មួន ដ្បិត​គេ​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង​ចាប់​យក​បាន​ហើយ

11 រួច​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កម្លាំង​របស់​ខ្លួន​ទុក​ជា​ព្រះ។

12 ឱ​ព្រ‌ះ​យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូល‌បង្គំ​អើយ តើ​ព្រះ‌អង្គ​មិន​គង់​នៅ​តាំង​ពី​អស់‌កល្ប​រៀង​មក​ទេ​ឬ? យើង​ខ្ញុំ​រាល់​គ្នា នឹង​មិន​ស្លាប់​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​តម្រូវ​ឲ្យ​គេ​ត្រូវ​ជំនុំ‌ជម្រះ ហើយ​ឱ​ថ្ម​ដា​អើយ ព្រះ‌អង្គ​បាន​តាំង​គេ​ឡើង​ដើម្បី​វាយ​ផ្ចាល។

13 ព្រះ‌អង្គ​មាន​ព្រះ‌នេត្រ​បរិសុទ្ធ​ក្រៃ‌លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ទត​មើល ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់ លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួនបាត់​ទៅ​ដូច្នេះ?

14 គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ ដែល​គ្មាន​អ្នក​ណា​គ្រប់‌គ្រង​រក្សា​សោះ។

15 គេ​ស្ទួច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ គេ​មាន​ចិត្ត​រីក‌រាយ ហើយ​អរ​សប្បាយ។

16 ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​យញ្ញ‌បូជា ដល់​សំណាញ់​របស់​គេ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​អួន ពី​ព្រោះ​ចំណែក​របស់​គេ​បាន​ច្រើន ហើយ​គេ​មាន​អាហារ​ជា​បរិបូរ ដោយ‌សារ​របស់​ទាំង​នោះ។

17 ដូច្នេះ តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សម្លាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជា‌និច្ច​ឬ?

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម