១ សាំយូអែល 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហិបសញ្ញានៅស្រុកភីលីស្ទីន 1 ពេលពួកភីលីស្ទីនបានចាប់យកហិបនៃព្រះ ក៏យកចេញពីអេបេន-អេស៊ើរ ទៅក្រុងអាសដូឌ 2 ហើយគេយកទៅដាក់នៅក្នុងវិហារនៃព្រះដាកុន គឺនៅក្បែរព្រះនោះ។ 3 លុះស្អែកឡើង ពួកក្រុងអាសដូឌបានក្រោកពីព្រលឹម ក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហិបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុនដាក់នៅកន្លែងដើមវិញ។ 4 លុះស្អែកឡើង ពេលគេក្រោកពីព្រលឹម ក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដីនៅចំពោះហិបនៃព្រះយេហូវ៉ាទៀត ហើយក្បាល និងដៃទាំងពីររបស់ព្រះដាកុន ក៏បាក់ដាច់នៅលើក្របទ្វារ សល់តែដងខ្លួនព្រះដាកុនប៉ុណ្ណោះ។ 5 ដោយហេតុនោះបានជាពួកសង្ឃរបស់ព្រះដាកុន និងពួកអ្នកដែលចូលទៅក្នុងវិហារព្រះដាកុន គេមិនដែលជាន់លើក្របទ្វារនៃវិហារព្រះដាកុន នៅក្រុងអាសដូឌ រហូតដល់សព្វថ្ងៃនេះ។ 6 ព្រះហស្តនៃព្រះយេហូវ៉ាក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ព្រះអង្គបំផ្លាញគេ ហើយវាយគេដោយជំងឺឫសដូងបាត នៅក្រុងអាសដូឌ និងស្រុកជុំវិញទាំងអស់។ 7 នៅពេលដែលពួកអាសដូឌឃើញកើតមានយ៉ាងដូច្នោះ នោះគេជំនុំគ្នាថា៖ «មិនត្រូវទុកហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលឲ្យនៅជាមួយយើងទៀតឡើយ ដ្បិតព្រះហស្តរបស់ព្រះអង្គសង្កត់លើយើងរាល់គ្នាធ្ងន់ណាស់ ហើយលើព្រះដាកុនជាព្រះរបស់យើងដែរ»។ 8 ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមក ដោយនិយាយថា៖ «តើយើងត្រូវធ្វើដូចម្តេចនឹងហិបព្រះរបស់សាសន៍អ៊ីស្រាអែលនេះ?» គេឆ្លើយថា៖ «ចូរយកហិបរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ទៅក្រុងកាថទៅ» ដូច្នេះ គេក៏យកហិបរបស់ព្រះនៃសាសន៍អ៊ីស្រាអែលទៅទីនោះ។ 9 ក្រោយពីគេបានយកទៅដល់ក្រុងកាថហើយ ព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះដែរ ដោយធ្វើឲ្យមានសេចក្ដីវេទនាយ៉ាងខ្លាំង ព្រះអង្គវាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតឫសដូងបាតទាំងអស់គ្នា។ 10 ដូច្នេះ គេក៏នាំយកហិបនៃព្រះទៅក្រុងអេក្រុនទៀត។ លុះហិបនៃព្រះបានទៅដល់អេក្រុន ប្រជាជនក្រុងនោះក៏ស្រែកឡើងថា៖ «គេយកហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលមកដល់យើង ដើម្បីសម្លាប់ពួកយើងទាំងអស់គ្នាហើយ»។ 11 គេចាត់មនុស្សទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា៖ «ចូរបញ្ជូនហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងប្រជាជនរបស់យើងត្រូវស្លាប់ទាំងអស់គ្នា» ដ្បិតកើតមានសេចក្ដីវេទនាដែលនាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់។ 12 ឯពួកអ្នកដែលសល់ពីស្លាប់ នោះក៏កើតមានឫសដូងបាត ហើយសូរសម្រែកនៅទីក្រុងនោះ ឮរំពងដល់ផ្ទៃមេឃ។ |
© 2016 United Bible Societies
Bible Society in Cambodia