សាការី 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦និមិត្តទីប្រាំមួយ អំពីក្រាំង និងហិប 1 ខ្ញុំក្រឡេកមើលម្តងទៀត ឃើញក្រាំងមួយដែលកំពុងហោះ 2 ទេវតាក៏សួរខ្ញុំថា៖ «តើអ្នកឃើញអ្វី?» ខ្ញុំតបថា៖ «ឃើញក្រាំងមួយកំពុងហោះ មានបណ្ដោយម្ភៃហត្ថ ទទឹងដប់ហត្ថ»។ 3 ទេវតាប្រាប់ខ្ញុំថា៖ «នេះជាបណ្ដាសាដែលត្រូវកើតទៅលើផែនដីទាំងមូល ផ្នែកម្ខាងនៃក្រាំងនោះ សរសេរថា អ្នកដែលលួចប្លន់នឹងត្រូវដកចេញ ហើយម្ខាងទៀតសរសេរថា អ្នកណាដែលស្បថបំពាន នឹងត្រូវដកចេញដែរ។ 4 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងឲ្យបណ្ដាសានោះចេញទៅ នឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថបំពានដោយនូវឈ្មោះយើង ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ និងថ្មផង»។ និមិត្តទីប្រាំពីរ ស្ត្រី និងកញ្ជ្រែងមួយ 5 ពេលនោះ ទេវតាដែលពោលមកខ្ញុំ ក៏ចេញទៅ ដោយប្រាប់ខ្ញុំថា៖ «ចូរងើយមើលអ្វីដែលចេញទៅនោះ»។ 6 ខ្ញុំក៏សួរថា៖ «តើនោះជាអ្វី?» ទេវតាប្រាប់ថា៖ «នោះជាកញ្ជ្រែង ដែលត្រូវចេញទៅ» ហើយក៏ប្រាប់ទៀតថា៖ «នេះជារូបភាពរបស់គេ នៅក្នុងស្រុកនេះទាំងមូល»។ 7 រួចឃើញមានគេលើកសំណទម្ងន់មួយហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងកញ្ជ្រែងនោះ 8 ទេវតាប្រាប់ថា៖ «នេះគឺជាអំពើអាក្រក់» រួចសង្កត់នាងចុះទៅក្នុងកញ្ជ្រែង ព្រមទាំងដាក់ដុំសំណគ្របមាត់កញ្ជ្រែងផង។ 9 ខ្ញុំបានងើយមើលទៅ ឃើញមានស្ត្រីពីរនាក់ចេញមក មានស្លាបដូចជាកុក ហើយមានខ្យល់បក់ប៉ះស្លាប ពួកគេក៏លើកកញ្ជ្រែងនោះឡើងផុតពីផែនដី។ 10 ខ្ញុំបានសួរទេវតាដែលពោលមកខ្ញុំថា៖ «តើស្ត្រីទាំងពីរនាក់នោះយកកញ្ជ្រែងទៅណា?» 11 ទេវតាឆ្លើយថា៖ «យកទៅធ្វើផ្ទះនៅក្នុងស្រុកស៊ីណើរ កាលណាធ្វើផ្ទះរួចរាល់ហើយ នាងនឹងដាក់កញ្ជ្រែងនៅកន្លែងនោះ»។ |
© 2016 United Bible Societies
Bible Society in Cambodia