Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ ពង្សាវ‌តារ‌ក្សត្រ 24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពួក​សត្រូវ​លុកលុយ​ស្រុក​យូដា

1 នៅ​ក្នុង​រាជ្យ​ព្រះបាទ​យេហូ‌យ៉ាគីម ព្រះ‌បាទនេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ឡើង​មក ព្រះបាទ​យេហូយ៉ាគីម​បាន​ចុះ​ចូល​ជា​អ្នក​បម្រើ​របស់​នេប៊ូក្នេសា​អស់​រយៈ​ពេល​បី​ឆ្នាំ ក្រោយ​មក​បែរ​ជា​បះ‌បោរ​នឹង​ទ្រង់​វិញ។

2 គ្រា​នោះ ព្រះ‌យេហូវ៉ា​ចាត់​ពួក​កង​សាសន៍​ខាល់ដេ សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន​ឲ្យ​មក​ទាស់​នឹង​ទ្រង់ ដើម្បី​បំផ្លាញ​ស្រុក​យូដា តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល តាម​រយៈ​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

3 ពិត​ប្រាកដ​ជា​សេចក្ដី​ទាំង​នោះ​កើត​មក​ដល់​ស្រុក​យូដា ដោយ​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ដក​គេ​ចេញ ដោយ​ព្រោះ​អំពើ​បាប​របស់​ម៉ាណា‌សេ ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន

4 ហើយ​ដោយ​ព្រោះ​ឈាម​ឥត​ទោស ដែល​ទ្រង់​បាន​កម្ចាយ ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ពេញ​ដោយ​ឈាម​ដែល​ឥត​ទោស​នោះ ព្រះ‌យេហូវ៉ា​មិន​ព្រម​អត់​ទោស​ឲ្យ​ទេ។

5 ឯ​រាជកិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យេហូ‌យ៉ាគីម និង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។

6 ព្រះបាទ​យេហូ‌យ៉ាគីម​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​ព្រះបាទ​យ៉ូយ៉ា‌គីន ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

7 ស្តេច​ស្រុក​អេស៊ីព្ទ​មិន​បាន​ចេញ​ពី​ស្រុក​របស់​ទ្រង់​ទៀត​ទេ ដ្បិត​ស្តេច​ស្រុក​បាប៊ី‌ឡូន​បាន​វាយ​យក​ស្រុក​របស់​ស្តេច​អេស៊ីព្ទ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​អ៊ើប្រាត​ហើយ។


ការ​សោយរាជ្យ និង​ការ​ដាក់​ទោស​ព្រះបាទ​យ៉ូយ៉ា‌គីន

8 ពេល​ព្រះបាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់​ប្រាំបី​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា​នេហ៊ូស‌ថា បុត្រី​អែល‌ណា‌ថាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម។

9 ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​បិតា​របស់​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ។

10 នៅ​គ្រា​នោះ ពួក​ពល‌ទ័ព​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម។

11 ព្រះ‌បាទ​នេប៊ូ‌ក្នេសា​ជា​ស្តេច​បាប៊ី‌ឡូន​ឡើង​មក​ដល់​ទី​ក្រុង កំពុង​ដែល​ពួក​ពល‌ទ័ព​ទ្រង់​ឡោម‌ព័ទ្ធ​នោះ

12 ព្រះបាទ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​មាតា ពួក​ជំនិត និង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ចេញ​ទៅ​គាល់​ស្តេច​បាប៊ី‌ឡូន គឺ​នៅ​ឆ្នាំ​ទី​ប្រាំបី​ក្នុង​រាជ្យ​ទ្រង់ ដែល​ស្តេច​បាប៊ី‌ឡូន​ចាប់​យក​បាន។


ការ​ចាប់​យក​ក្រុងយេរូសាឡិម

13 ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ទ្រព្យ​វិសេស​ទាំង​អស់ ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ពី​ព្រះ‌រាជ‌វាំង យក​ទាំង​គ្រឿង​មាស​កាត់​ជា​ដុំៗ ដែល​ព្រះបាទ​សាឡូម៉ូន ជា​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល។

14 ទ្រង់​ក៏​នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ដែរ ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​មួយ​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា និង​ពួក​ជាង​ទាំង​អស់ សល់​តែ​មនុស្ស​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ។

15 ទ្រង់​បាន​នាំ​ព្រះបាទ​យ៉ូយ៉ា‌គីន មាតា ភរិយា ពួក​មេ‌ទ័ព និង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ទៅ​ស្រុក​បាប៊ី‌ឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។

16 ស្តេច​បាប៊ី‌ឡូន​បាន​នាំ​ពួក​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន មនុស្ស​ខ្លាំង​ពូកែ​ទាំង​អស់​មាន​ចំនួន​ប្រាំពីរ​ពាន់​នាក់ និង​ពួក​រចនា ពួក​ជាង​ចំនួន​មួយ​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពេញ​កម្លាំង​ល្មម​ច្បាំង​បាន។

17 ស្តេច​បាប៊ី‌ឡូន​បាន​លើក​ម៉ាថានា ជា​មា​របស់​ព្រះបាទ​យ៉ូយ៉ា‌គីន​ឲ្យ​សោយ‌រាជ្យ​ជំនួស ដោយ​ផ្លាស់​ព្រះ‌នាម​ទៅ​ជា​សេដេ‌គា។


ព្រះបាទ​សេដេ‌គា​សោយ‌រាជ្យ​លើ​ស្រុក​យូដា

18 ពេល​សេដេ‌គា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃមួយ​ឆ្នាំ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់មួយ​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា ហាមូ‌ថាល បុត្រី​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។

19 ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​ព្រះបាទ​យេហូ‌យ៉ាគីម​បាន​ប្រព្រឹត្ត​ដែរ។

20 គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា រហូត​ដល់​ព្រះ‌អង្គ​បោះ​បង់​គេ​ចោល​ឆ្ងាយ​ពី​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម