Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​បង្កើត​ឲ្យ​មាន​ខ្យល់ ដែល​បំផ្លាញ​ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​កណ្ដាល​សាសន៍ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​យើង​ដែរ។

2 យើង​នឹង​ចាត់​មនុស្ស​ដទៃ​ឲ្យ​ទៅ​ក្រុង​បាប៊ីឡូន អ្នក​ទាំង​នោះ​នឹង​អុំ​គេ ហើយ​រំលីង​ទាំង​អស់ ចេញ​ពី​ស្រុក​ទៅ ដ្បិត​នៅ​ថ្ងៃ​អន្តរាយ អ្នក​ទាំង​នោះ​នឹង​ឡោម‌ព័ទ្ធ​ជុំ‌វិញ​គេ។

3 ចូរ​យឹត​ធ្នូ​បាញ់​ពួក​អ្នក​ដែល​យឹត​ធ្នូ​ចុះ ព្រម​ទាំង​អ្នក​ដែល​ក្រោក​ឡើង ទាំង​ពាក់​អាវ​ក្រោះ​ផង កុំ​ប្រណី​ពួក​កំលោះៗ​របស់​គេ​ឡើយ ត្រូវ​បំផ្លាញ​ពល‌ទ័ព​គេ​ឲ្យ​អស់​រលីង​ទៅ។

4 គេ​នឹង​ត្រូវ​ដួល​ស្លាប់​នៅ​ក្នុង​ស្រុក​របស់​ពួក​ខាល់ដេ គេ​នឹង​ត្រូវ​ចាក់​ទម្លុះ​នៅ​តាម​ផ្លូវ​ទី​ក្រុង។

5 ដ្បិត​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មិន​បាន​ព្រាត់‌ប្រាស​ពី​គេ​ឡើយ ទោះ​បើ​ស្រុក​គេ​មាន​ពេញ​ដោយ​ទោស ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ក៏​ដោយ។

6 ចូរ​ឲ្យ​គ្រប់​មនុស្ស​រត់​ចេញ​ពី​កណ្ដាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​អំពើ​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្ដី​សង‌សឹក របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​តប​ស្នង​ដល់​គេ។

7 ពី​ដើម បាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ពែង​ដែល​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់ បាន​ត្រឡប់​ជា​រវើ‌រវាយ​ទៅ។

8 ក្រុង​បាប៊ីឡូន​ស្រាប់​តែ​រំលំ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ភ្លាម ចូរ​ទ្រហោ​យំ​នឹង​វា​ចុះ ត្រូវ​យក​ប្រទាល​មុខ​សះ ទៅ​បិទ​ឲ្យ​វា​បាត់​ឈឺ ប្រសិន‌បើ​នឹង​មើល​ឲ្យ​ជា​បាន។

9 យើង​រាល់​គ្នា​ចង់​តែ​មើល៍​បាប៊ីឡូន​ឲ្យ​ជា​ដែរ តែ​វា​មិន​បាន​ជា​សោះ ចូរ​យើង​លះ​ចោល​វា​ទៅ ហើយ​ត្រឡប់​ទៅ​ស្រុក​យើង​រៀង​ខ្លួន​វិញ ដ្បិត​ទោស​វា​លូត​រហូត​ដល់​លើ គឺ​បាន​ឡើង​ទៅ​ដល់​ផ្ទៃ​មេឃ​តែ​ម្តង។

10 ព្រះ‌យេហូវ៉ា​បាន​នាំ​សេចក្ដី​សុចរិត​របស់​យើង ចេញ​មក​ហើយ ចូរ​មក យើង​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង។

11 ចូរ​សម្រួច​ព្រួញ​ឲ្យ​មុត ចូរ​ចាប់​ខែល​កាន់​ឲ្យ​មាំ​ចុះ ព្រះ‌យេហូវ៉ា​បាន​ដាស់​វិញ្ញាណ របស់​ពួក​ស្តេច​សាសន៍​មេឌី​ឡើង ពី​ព្រោះ​ព្រះ‌អង្គ​មាន​គំនិត​ទាស់​នឹង​បាប៊ីឡូន ដើម្បី​នឹង​បំផ្លាញ​ចោល ដ្បិត​នេះ​ជាការ​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ការ​សង‌សឹក​ស្នង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។

12 ចូរ​ដំឡើង​ទង់​ជ័យ​ទាស់​នឹង​កំផែង​ក្រុង​បាប៊ីឡូន​ចុះ ត្រូវ​ឲ្យ​ពួក​យាម​បាន​កម្លាំង​ឡើង ចូរ​ដាក់​ពួក​ចាំ​យាម ហើយ​រៀប​ទ័ព​បង្កប់​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សម្រេច ហើយ​បាន​បង្ហើយ​ការ ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន

13 ឱ​ក្រុង​ដែល​តាំង​នៅ​លើ​ទី​ទឹក​ជា​ច្រើន ហើយ​មាន​ទ្រព្យ‌សម្បត្តិ​ដ៏​បរិបូរ​អើយ ចុង​បំផុត​របស់​អ្នក​បាន​មក​ដល់​ហើយ សេចក្ដី​លោភ​របស់​អ្នក​ក៏​ដល់​កំណត់​ដែរ។

14 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ស្បថ​ដោយ​ព្រះ‌អង្គ​ផ្ទាល់​ថា៖ យើង​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​បាន​ពេញ​ដោយ​មនុស្ស ដូច​ជា​ពេញ​ដោយ​ដង្កូវ ហើយ​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​អ្នក។

15 គឺ​ព្រះ​អង្គ​ដែល​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា ព្រះ‌អង្គ​ក៏​បាន​តាំង​លោកីយ៍​ឡើង ដោយ​ប្រាជ្ញា​របស់​ព្រះ‌អង្គ ក៏​បាន​លាត​ផ្ទៃ​មេឃ ដោយ​យោបល់​ព្រះ‌អង្គ។

16 កាល​ណា​ព្រះ‌អង្គ​បព្ចោញ​ព្រះ‌សូរ‌សៀង នោះ​មាន​ឮ​សូរ​សន្ធឹក​នៃ​ទឹក​នៅ​លើ​មេឃ ហើយ​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី ព្រះ‌អង្គ​បង្កើត​ផ្លេក‌បន្ទោរ​សម្រាប់​ភ្លៀង ក៏​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គដែរ។

17 គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ ហើយ​ក៏​ឥត​មាន​តម្រិះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ។

18 វា​សុទ្ធ​តែ​ឥត​ប្រយោជន៍ ជា​របស់​ក្លែ​ង​បញ្ឆោត នៅ​គ្រា​ដែល​ធ្វើ​ទោស​វា នោះ​វា​នឹង​សូន្យ​បាត់​ទៅ។

19 ចំណែក​របស់​ពួក​យ៉ាកុប មិន​មែន​ដូច្នោះ​ទេ គឺ​ព្រះ‌អង្គ​ដែល​ជប​សូន​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រា‌អែល​ជា​កុល‌សម្ព័ន្ធ ដែល​ជា​មត៌ក​របស់​ព្រះ‌អង្គ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


អ៊ីស្រាអែល​ជាឧបករណ៍​របស់​ព្រះអាទិករ

20 អ្នក​ជា​ពូថៅ​ចម្បាំង ហើយ​ជា​គ្រឿង​សស្ត្រា‌វុធ​របស់​យើង យើង​នឹង​បំបាក់‌បំបែក​អស់​ទាំង​សាសន៍ ឲ្យ​ខ្ទេច‌ខ្ទី​ដោយ‌សារ​អ្នក ហើយ​បំផ្លាញ​នគរ​ផ្សេងៗ ដោយ‌សារ​អ្នក​ដែរ។

21 យើង​នឹង​បំបាក់​បំបែក​ទាំង​សេះ និង​អ្នក​ជិះ​ផង ដោយ‌សារ​អ្នក យើង​នឹង​បំបាក់​បំបែក​ទាំង​រទេះ​ចម្បាំង និង​អ្នក​បរ ដោយ‌សារ​អ្នក។

22 យើង​នឹង​បំបាក់​បំបែក​ទាំង​ប្រុស​ទាំង​ស្រី ដោយ‌សារ​អ្នក យើង​នឹង​បំបាក់​បំបែក ទាំង​ចាស់​ទាំង​ក្មេង ដោយ‌សារ​អ្នក យើង​នឹង​បំបាក់​បំបែក​ទាំង​ពួក​កំលោះ ក្រមុំ ដោយ‌សារ​អ្នក។

23 យើង​នឹង​បំបាក់​បំបែក​ទាំង​គង្វាល និង​ហ្វូង​សត្វ ដោយ‌សារ​អ្នក យើង​នឹង​បំបាក់​បំបែក​ទាំង​អ្នក​ភ្ជួរ និង​គោ ដោយ‌សារ​អ្នក យើង​នឹង​បំបាក់​បំបែក​ទាំង​ចៅ‌ហ្វាយ និង​នាយ​ផង ដោយ‌សារ​អ្នក។


ការ​វិនាស​របស់​ក្រុងបាប៊ីឡូន

24 យើង​នឹង​សង​ដល់​ក្រុង​បាប៊ីឡូន និង​ពួក​អ្នក​ស្រុក​ខាល់ដេ​ទាំង​ប៉ុន្មាន​នៅ​ភ្នែក​អ្នក តាម​គ្រប់​ទាំង​ការ​អាក្រក់​ដែល​គេ​បាន​ធ្វើ​ដល់​ក្រុង​ស៊ីយ៉ូន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

25 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​ភ្នំ​ដែល​បំផ្លាញ គឺ​ដែល​បំផ្លាញ​ផែនដី​ទាំង​មូល​អើយ យើង​ទាស់​នឹង​អ្នក យើង​នឹង​លូក​ដៃ​ទៅ​លើ​អ្នក ហើយ​ប្រមៀល​អ្នក​ទម្លាក់​ពី​លើ​ថ្ម​ដា ព្រម​ទាំង​ឲ្យ​អ្នក​ឆេះ​អស់។

26 គេ​នឹង​មិន​យក​ថ្ម​ពី​អ្នក សម្រាប់​ធ្វើ​ជា​ថ្ម​ជ្រុង​ផ្ទះ ឬ​ជា​ឫស​ជញ្ជាំង​ឡើយ គឺ​អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់​ជា​រៀង​រហូត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

27 ចូរ​ដំឡើង​ទង់‌ជ័យ​នៅ​ក្នុង​ស្រុក ចូរ​ផ្លុំ​ត្រែ​នៅ​នា​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន ត្រូវ​ប្រមូល​ផ្តុំ​អស់​ទាំង​សាសន៍ មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​ហៅ​នគរ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ារ៉ាត មីនី និង​អ័សក្នាស ឲ្យ​គេ​មូល​គ្នា​មក​ទាស់​នឹង​ទី​ក្រុង ចូរ​តាំង​មេ‌ទ័ព​ធំ​ម្នាក់ ឲ្យ​ទាស់​នឹង​វា​ចុះ ហើយ​ឲ្យ​មាន​សេះ​ឡើង​មក បែប​ដូច​ជា​ដង្កូវ​មាន​រោម​ច្រាង។

28 ចូរ​ប្រមូល​ផ្តុំ​សាសន៍​ទាំង​ប៉ុន្មាន​មក​ទាស់​នឹង​វា គឺ​អស់​ទាំង​ស្តេច​នៃ​សាសន៍​មេឌី និង​ពួក​ចៅ‌ហ្វាយ ពួក​នាយ​របស់​គេ ព្រម​ទាំង​ស្រុក​ទាំង​មូល ដែល​នៅ​ក្រោម​អំណាច​គេ។

29 ផែនដី​កំពុង​ញាប់‌ញ័រ​ក៏​ឈឺ​ចាប់ ពី​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា សម្រេច​ធ្វើ​ដល់​ក្រុង​បាប៊ីឡូន នោះ​ស្ថិត‌ស្ថេរ​នៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​ស្រុក​បាប៊ីឡូន ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ។

30 ពួក​ខ្លាំង​ពូកែ​របស់​ក្រុង​បាប៊ីឡូន គេ​បាន​អាក់‌ខាន​តស៊ូ គេ​នៅ​តែ​ក្នុង​ទី​មាំ‌មួន​របស់​គេ កម្លាំង​គេ​ស្បើយ​ហើយ ក៏​បាន​ត្រឡប់​ដូច​ជា​ស្រី​វិញ ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​បាន​ឆេះ​អស់​ហើយ រនុក​ទ្វារ​ក្រុង​ទាំង​អស់​ត្រូវ​បាក់។

31 អ្នក​យាម​នឹង​រត់​ច្រវាត់​ទៅ​មក ហើយ​អ្នក​នាំ​ដំណឹង​នឹង​រត់​ប្រទាក់​គ្នា ដើម្បី​នឹង​បន្ត​ដំណឹង​ដល់​ស្តេច​បាប៊ីឡូន​ឲ្យ​ជ្រាប​ថា៖ ទី​ក្រុង​ត្រូវ​គេ​ចាប់​យក​នៅ​គ្រប់​ទិស​ហើយ

32 ឯ​ផ្លូវ​ទឹក គេ​ចាប់​យក​បាន ហើយ​វាល​បឹង​ក៏​ត្រូវ​ដុត​អស់ ដូច្នេះ ពួក​ទាហាន​មាន​ចិត្ត​ភ័យ​ខ្លាច។

33 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន​ធៀប​ដូច​ជា​លាន​ស្រូវ នៅ​រដូវ​បញ្ជាន់ នៅ​តែ​បន្តិច​ទៀត​រដូវ​ចម្រូត នឹង​មក​ដល់​នាង។

34 នេប៊ូក្នេសាជា​ស្តេច​បាប៊ីឡូន​បាន​ស៊ី​បង្ហិន​ខ្ញុំ បាន​ទាំង​ជាន់​ឈ្លី បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​ភាជនៈ​ទទេ បាន​លេប​ខ្ញុំ ដូច​ជា​សត្វ​សម្បើម ក៏​បាន​បំពេញ​ផ្ទៃ ដោយ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​ខ្ញុំ ហើយ​បាន​បោះ​ខ្ញុំ​ចេញ​ទៅ​ក្រៅ។

35 សូម​ឲ្យ​ការ​យុក‌យាក់​ដែល​គេ​បាន​ធ្វើ​ដល់​ខ្ញុំ ហើយ​ដល់​សាច់​ខ្ញុំ​បាន​ធ្លាក់​ទៅ​លើ​បាប៊ីឡូន​វិញ នេះ​ជា​ពាក្យ​ដែល​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ថា គឺ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​នឹង​ពោល​ថា៖ សូម​ឲ្យ​ឈាម​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​ពួក​អ្នក នៅ​ស្រុក​ខាល់ដេ​ដែរ។

36 ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​កាន់​ក្ដី​អ្នក ហើយ​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ពង្រីង​សមុទ្រ​របស់​គេ ហើយ​ធ្វើ​ឲ្យ​រន្ធ​ទឹក​របស់​គេ​ស្ងួត​ដែរ។

37 ឯ​ក្រុង​បាប៊ីឡូន​នឹង​ត្រឡប់​ជា​កង​គំនរ ជា​ទី​លំនៅ​របស់​សត្វ​ស្វាន ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។

38 គេ​នឹង​ស្រែក​ជា‌មួយ​គ្នា ដូច​ជា​សិង្ហ​ស្ទាវ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ។

39 កាល​ណា​គេ​ក្តៅ​ខ្លួន នោះ​យើង​នឹង​រៀប​ជប់​លៀង​ឲ្យ​គេ យើង​នឹង​ធ្វើ​ឲ្យ​គេ​ស្រវឹង ដើម្បី​ឲ្យ​គេ​បាន​រីក‌រាយ​ចិត្ត ហើយ​ឲ្យ​ដេក​លក់រហូត ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

40 យើង​នឹង​នាំ​គេ​ចុះ​ទៅ​ដល់​ទី​សម្លាប់ ដូច​ជា​កូន​ចៀម​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល។

41 សេសាក​ត្រូវ​ចាប់​យក​យ៉ាង​ណា​ហ្ន៎ ទី​គួរ​លើក​សរសើរ​របស់​ផែនដី​ទាំង​មូល ត្រូវ​ចាប់​បាន​យ៉ាង​ណា​ហ្ន៎ បាប៊ីឡូន​បាន​ទៅ​ជា​ទី​ស្ងាត់​ច្រៀប នៅ​កណ្ដាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎!

42 សមុទ្រ​បាន​ឡើង​មក​លើ​ស្រុក​បាប៊ីឡូន វា​ត្រូវ​គ្រប​ដោយ​រលក​ដ៏​ក្រាស់‌ក្រៃ។

43 ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ទី​ស្ងាត់​ច្រៀប ជា​ដី​ហួត‌ហែង ជា​វាល​ស្ងាត់ ជា​ទី​ដែល​ឥត​មាន​អ្នក​ណា​នៅ គ្មាន​មនុស្ស​ជាតិ​ណា​មួយ​ដើរ​តាម​នោះ​ឡើយ។

44 យើង​នឹង​ធ្វើ​ទោស​ដល់​ព្រះ‌បាល នៅ​ស្រុក​បាប៊ីឡូន ហើយ​ធ្វើ​ឲ្យ​របស់​ទាំង​ប៉ុន្មាន ដែល​វា​បាន​លេប​ទៅ ចេញ​ពី​មាត់​មក​វិញ នោះ​អស់​ទាំង​សាសន៍​នឹង​លែង​ទៅ​ជា​ហូរ‌ហែ​រក​វា​ទៀត ហើយ​កំផែង​នៃ​ក្រុង​បាប៊ីឡូន​នឹង​រលំ​ចុះ។

45 ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ចេញ​ពី​កណ្ដាល​ពួក​គេ​ទៅ ត្រូវ​ឲ្យ​គ្រប់​គ្នា​ដោះ​ខ្លួន ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា។

46 អ្នក​រាល់​គ្នា​កុំ​ស្រយុត​ចិត្ត​ឡើយ ក៏​កុំ​ភ័យ​ខ្លាច​ចំពោះ​ដំណឹង​ដែល​ឮ​នៅ​ក្នុង​ស្រុក​ដែរ ដ្បិត​នៅ​ឆ្នាំ​មួយ នឹង​មាន​ឮ​ដំណឹង​មក​ដល់ រួច​ដល់​ឆ្នាំ​ក្រោយ ក៏​នឹង​ឮ​ដំណឹង​មួយ​ទៀត ព្រម​ទាំង​មាន​ការ​យុក‌យាក់​នៅ​ក្នុង​ស្រុក​ផង គឺ​ជា​ស្តេច​មួយ​ទាស់​នឹង​ស្តេច​មួយ​ទៀត។

47 ហេតុ​នោះ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​ទោស​ដល់​អស់​ទាំង​រូប​ឆ្លាក់ របស់​ស្រុក​បាប៊ីឡូន ហើយ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ជ្រប់​មុខ ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​សម្លាប់​នោះ នឹង​ដួល​នៅ​កណ្ដាល​វា។

48 គ្រា​នោះ ទាំង​ផ្ទៃ​មេឃ ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ នឹង​ច្រៀង​អរ​សប្បាយ ពី​ដំណើរ​ក្រុង​បាប៊ីឡូន ពី​ព្រោះ​ពួក​បំផ្លាញ​នឹង​មក​ដល់​វា ពី​ទិស​ខាង​ជើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

49 ក្រុង​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល ដួល​ស្លាប់​ទៅ​យ៉ាង​ណា នោះ​ពួក​អ្នក​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ដល់​ស្លាប់ នៅ​ត្រង់​ក្រុង​បាប៊ីឡូន​យ៉ាង​នោះ​ដែរ។

50 អ្នក​រាល់​គ្នា​ដែល​បាន​រួច​ពី​ដាវ​អើយ ចូរ​ទៅ​ចុះ កុំ​បង្អង់​ឡើយ ចូរ​នឹក​ដល់​ព្រះ‌យេហូវ៉ា​ពី​ទី​ចម្ងាយ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ចូល​ក្នុង​គំនិត​អ្នក​ដែរ។

51 យើង​រាល់​គ្នា​ត្រូវ​ខ្មាស ដោយ​បាន​ឮ​ពាក្យ​ត្មះ‌តិះ‌ដៀល យើង​រាល់​គ្នា​បាន​ឡើង​មុខ​ក្រហម​ហើយ ដ្បិត​មាន​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

52 ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​ទោស ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ ហើយ​ពួក​គេ​ដែល​ត្រូវ​របួស ក៏​ថ្ងូរ​នៅ​ពេញ​ក្នុង​ស្រុក។

53 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ទោះ​បើ​ក្រុង​បាប៊ីឡូន​នឹង​លើក​ខ្លួន​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ចម្រើន​កម្លាំង​នៃ​ទី​ខ្ពស់​របស់​គេ ឲ្យ​រឹត​តែ​មាំ‌មួន​ឡើង​ក៏​ដោយ គង់​តែ​យើង​នឹង​ឲ្យ​ពួក​បំផ្លាញ​ឡើង​ទៅ​ដល់​គេ​ដែរ។

54 មាន​ឮ​សូរ​សម្រែក​ចេញ​ពី​ក្រុង​បាប៊ីឡូន​មក និង​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សម្បើម មក​ពី​ស្រុក​របស់​ពួក​ខាល់ដេ។

55 ដ្បិត​ព្រះ‌យេហូវ៉ា​រំលាង​ក្រុង​បាប៊ីឡូន ហើយ​ក៏​បំផ្លាញ​សំឡេង​យ៉ាង​ធំ​ឲ្យ​បាត់​ចេញ​ពី​វា​ទៅ រលក​គេ​ឮ​សន្ធឹក​ដូច​ជា​ទឹក​ធំ ក៏​ឮ​សូរ​របស់​គេ​ចេញ​មក។

56 ដ្បិត​មេ​បំផ្លាញ​បាន​មក​លើ​វា​ហើយ គឺ​លើក្រុង​បាប៊ីឡូន ពួក​ខ្លាំង​ពូកែ​របស់​វា​ត្រូវ​គេ​ចាប់​បាន ហើយ​ធ្នូ​ទាំង​ប៉ុន្មាន​របស់​គេ​ត្រូវ​បាក់​ខ្ទេច‌ខ្ទី ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​សង​សំណង ព្រះ‌អង្គ​នឹង​តប​ស្នង​ជា​មិន​ខាន។

57 ឯ​ពួក​មេ‌ទ័ព ពួក​អ្នក​ប្រាជ្ញ ពួក​ចៅ‌ហ្វាយ ពួក​នាយ និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​របស់​វា នោះ​យើង​នឹង​ធ្វើ​ឲ្យ​ស្រវឹង គេ​នឹង​ដេក​លក់​ទៅ​ជា​រៀង‌រហូត ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

58 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ កំផែង​យ៉ាង​ក្រាស់​របស់​ក្រុង​បាប៊ីឡូន នឹង​ត្រូវ​រលំ​អស់​រលីង ហើយ​ទ្វារ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ភ្លើង​ឆេះ គឺ​យ៉ាង​នោះ​ដែល​ជន​ជាតិ​ទាំង‌ឡាយ បាន​ខំ​ធ្វើ​ការ​ជាឥត​ប្រយោជន៍ ហើយ​សាសន៍​ទាំង​ប៉ុន្មាន ធ្វើ​ឲ្យ​តែ​បាន​ជា​ចំណី​ភ្លើង​ប៉ុណ្ណោះ។


ហោរា​យេរេមា​ព្រមានពួក​សេរ៉ាយ៉ា

59 នេះ​ជា​ពាក្យ​ដែល​ហោរា​យេរេមា​បាន​ផ្តាំ​ដល់​សេរ៉ាយ៉ា ជា​កូន​នេរីយ៉ា ដែល​ជា​កូន​ម៉ាសេយ៉ា ក្នុង​កាល​ដែល​លោក​បាន​ទៅ​ឯ​ក្រុង​បាប៊ីឡូន ជា‌មួយ​ព្រះបាទ​សេដេគា ស្តេច​យូដា នៅ​ឆ្នាំ​ទី​បួន​ក្នុង​រាជ្យ​ទ្រង់ រីឯ​សេរ៉ាយ៉ា​នេះ លោក​ជា​ចៅ‌ហ្វាយ​ស្លូត​ល្អ។

60 ហោរា​យេរេមា​ក៏​សរសេរ​ចុះ​ក្នុង​សៀវភៅ ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ត្រូវ​កើត​ដល់​ក្រុង​បាប៊ីឡូន គឺ​គ្រប់​ពាក្យ​ទាំង​នេះ​ដែល​បាន​កត់​ទុក ពី​ដំណើរ​ក្រុង​បាប៊ីឡូន​ហើយ។

61 ហោរា​យេរេមា​ក៏​ជម្រាប​សេរ៉ាយ៉ា​ថា៖ កាល​ណា​លោក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ហើយ លោក​ត្រូវ​អាន​មើល​ព្រះ‌បន្ទូល​ទាំង​អស់​នេះ។

62 បន្ទាប់​មក ត្រូវ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ពី​ដំណើរ​ទី​នេះ ដើម្បី​នឹង​កាត់​ចេញ ឲ្យ​ឥត​មាន​អ្វី​នៅ​ទៀត​ឡើយ ទោះ​មនុស្ស ឬ​សត្វ​ក្ដី គឺ​ឲ្យ​ទី​នេះ​បាន​នៅ​ចោល​ស្ងាត់​ជា​រៀង‌រាប​ដរាប​ទៅ។

63 កាល​ណា​លោក​អាន​មើល​សៀវភៅ​នេះ​សព្វ​គ្រប់​ហើយ ត្រូវ​យក​ថ្ម​មក​ចង​ភ្ជាប់ ហើយ​បោះ​ទម្លាក់​ទៅ​កណ្ដាល​ទន្លេ​អ៊ើប្រាត​ទៅ។

64 បន្ទាប់​មក ត្រូវ​ថា ក្រុង​បាប៊ីឡូន​នឹង​លិច​បាត់​យ៉ាង​ដូច្នេះ​ដែរ ឥត​ដែល​ងើប​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ការ​អាក្រក់​ដែល​យើង​នឹង​នាំ​មក​លើ​វា នោះ​គេ​នឹង​នឿយ‌ហត់​ទៅ។ ពាក្យ​របស់​ហោរា​យេរេមា​ចប់​តែ​ប៉ុណ្ណេះ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម