Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ប៉ម​បាបិល

1 នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​មាន​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។

2 ពេល​គេ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​កើត គេ​ប្រទះ​ឃើញ​វាល​មួយ​នៅ​ស្រុក​ស៊ីណើរ គេ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។

3 គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មក​យើង នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា​ឲ្យ​ឆ្អិន»។ គេ​ក៏​ប្រើ​ដុំ​ឥដ្ឋ​ជា​ថ្ម និង​ជ័រ​ខ្មៅ​ជា​បាយអ។

4 បន្ទាប់​មក គេ​ពោល​ថា៖ «មក​យើង សង់​ទី​ក្រុង​មួយ​សម្រាប់​យើង និង​ប៉ម​មួយ​ដែល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍‌ឈ្មោះ ក្រែង​យើង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពាស​ពេញ​លើ​ផែន‌ដី»។

5 ប៉ុន្ដែ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ទត​មើល​ទី​ក្រុង និង​ប៉ម​ដែល​ពួក​កូន​មនុស្ស​បាន​សង់។

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! ពួក‌គេ​ជា​ប្រជាជន​តែ​មួយ ពួក‌គេ​ទាំង​អស់​គ្នា​និយាយ​ភាសា​តែ​មួយ ហើយ​នេះ​គ្រាន់​តែជា​ការ​ចាប់​ផ្តើម​អំពើ​ដែល​គេ​ធ្វើ​ប៉ុណ្ណោះ ឥឡូវ​នេះ គ្មាន​អ្វី​នឹង​ឃាត់​មិន​ឲ្យ​គេ​ធ្វើ​កើត តាម​បំណង​របស់​គេ​ឡើយ។

7 ចូរ​យើង​ចុះ​ទៅ​បំភាន់​ភាសារបស់​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្តាប់​គ្នាទៅ​វិញ​ទៅ​មក​បាន​ទៀត»។

8 ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា ចេញពី​ទី​នោះ​ទៅ​ពាស​ពេញ​លើ​ផែន‌ដី ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ។

9 ហេតុនេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា "បាបិល" ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បំភាន់​ភាសារបស់​មនុស្ស​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែន‌ដី។


ពូជ‌ពង្ស​របស់​លោក​សិម

10 នេះ​ជា​តំណ​វង្ស​របស់​សិម។ ពីរ​ឆ្នាំ​ក្រោយ​ទឹក​ជន់ កាល​សិម​មាន​អាយុ​មួយរយ​ឆ្នាំ គាត់​បង្កើត​បាន​អើប៉ាក់‌សាឌ។

11 ក្រោយ​កំណើត​អើប៉ាក់‌សាឌ​មក គាត់​រស់​នៅ​បាន​ប្រាំរយ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រីជា​ច្រើន។

12 កាល​អើ​ប៉ាក់​សាឌ​មាន​អាយុ​សាមសិប​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​សេឡា។

13 ក្រោយ​កំណើត​សេឡា​មក គាត់​រស់​នៅ​បាន​បួនរយ​បី​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រីជា​ច្រើន។

14 កាល​សេឡា​មាន​អាយុ​សាមសិប​ឆ្នាំ គាត់​បង្កើត​បាន​ហេប៊ើរ។

15 ក្រោយ​កំណើត​ហេប៊ើរ​មក គាត់​រស់​នៅ​បាន​បួនរយ​បី​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

16 កាល​ហេប៊ើរមាន​អាយុ​សាមសិប​បួន​ឆ្នាំ គាត់​បង្កើត​បាន​ផាលេក។

17 ក្រោយ​កំណើត​ផាលេក​មក គាត់​រស់​នៅ​បាន​បួនរយ​សាមសិប​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រីជា​ច្រើន។

18 កាល​ផាលេក​មាន​អាយុ​សាម​សិប​ឆ្នាំ គាត់​បង្កើត​បាន​រេហ៊ូវ។

19 ក្រោយ​កំណើត​រេហ៊ូវ​មក គាត់​រស់​នៅ​បាន​ពីរ​រយ​ប្រាំ​បួន​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

20 កាល​រេហ៊ូវ​មាន​អាយុ​សាមសិប​ពីរ​ឆ្នាំ គាត់​បង្កើត​បាន​សេរូក។

21 ក្រោយ​កំណើត​សេរូក​មក គាត់​រស់​នៅ​បាន​ពីរ​រយ​ប្រាំពីរ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

22 កាល​សេរូក​មាន​អាយុ​សា​មសិប​ឆ្នាំ គាត់​បង្កើត​បាន​ណាឃរ។

23 ក្រោយ​កំណើត​ណាឃរ​មក គាត់​រស់​នៅ​បាន​ពីរ​រយ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

24 កាល​ណាឃរ​មាន​អាយុ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ គាត់​បង្កើត​បាន​ថេរ៉ា។

25 ក្រោយ​កំណើត​ថេរ៉ា​មក គាត់​រស់​នៅ​បាន​មួយ​រយ​ដប់​ប្រាំ​បួន​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

26 កាល​ថេរ៉ា​មាន​អាយុ​ចិត​សិប​ឆ្នាំ គាត់​បង្កើត​បាន​អាប់‌រ៉ាម ណាឃរ និង​ហារ៉ាន។


ពូជ‌ពង្ស​របស់​លោក​ថេរ៉ា

27 នេះ​ជា​តំណ​វង្ស​របស់​ថេរ៉ា។ ថេរ៉ា​បង្កើត​អាប់‌រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត។

28 ហារ៉ាន​បាន​ស្លាប់​នៅ​ក្រុង​អ៊ើរ ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គាត់ ក្នុង​កាល​ដែល​ថេរ៉ា​ជា​ឪពុក​នៅ​រស់​នៅ​ឡើយ។

29 អាប់‌រ៉ាម និង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់‌រ៉ាម​ឈ្មោះ​នាង​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​ហារ៉ាន ដែល​ជា​ឪពុក​របស់​មីលកា និង​យីសកា។

30 ឯ​នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​សោះ។

31 ថេរ៉ា​បាន​យក​អាប់‌រ៉ាម​ជា​កូន និង​ឡុត​ជា​កូន​របស់​ហារ៉ាន ព្រម​ទាំង​នាង​សារ៉ាយ​ជា​កូន​ប្រសាស្រី គឺ​ប្រពន្ធ​របស់​អាប់‌រ៉ាម​កូន​របស់​គាត់ ចេញ​ដំណើរ​ជា‌មួយ​គ្នា​ពី​ក្រុង​អ៊ើរ ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​ខារ៉ាន គេ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។

32 ថេរ៉ា​បាន​អាយុ​ពីរ​រយ​ប្រាំ​ឆ្នាំ ហើយ​ថេរ៉ា​ក៏​ស្លាប់​នៅ​ស្រុក​ខា​រ៉ាន​ទៅ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម