២ របាក្សត្រ 36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦រាជ្យរបស់ព្រះបាទយ៉ូអាហាស 1 រួចពួកអ្នកស្រុកក៏លើកព្រះបាទយ៉ូអាហាស ជាបុត្រាព្រះបាទយ៉ូសៀស តាំងឡើងជាស្តេចជំនួសបិតា នៅក្រុងយេរូសាឡិម 2 កាលព្រះបាទយ៉ូអាហាសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃបីព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានបីខែ 3 រួចព្រះបាទនេកោ ជាស្តេចអេស៊ីព្ទ ក៏ទម្លាក់ទ្រង់ចុះពីរាជ្យ នៅក្រុងយេរូសាឡិម ហើយពិន័យលក់ស្រុកនោះ ឲ្យបង់ប្រាក់មួយរយហាប និងមាសមួយហាប 4 ហើយស្តេចអេស៊ីព្ទលើកអេលាគីម ជាជេដ្ឋាយ៉ូអាហាសឡើង ជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិម ក៏ផ្លាស់ព្រះនាមទ្រង់ទៅជា យេហូយ៉ាគីមវិញ រួចព្រះបាទនេកោនាំយកព្រះបាទយ៉ូអាហាស ជាកនិដ្ឋា ទៅឯស្រុកអេស៊ីព្ទទៅ។ រាជ្យ និងការជាប់ទោសរបស់ព្រះបាទយេហូយ៉ាគីម 5 ពេលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់មួយឆ្នាំ ទ្រង់បានប្រព្រឹត្តអំពើដ៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ 6 ហើយព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានឡើងមកទាស់នឹងទ្រង់ចាប់ដាក់ច្រវាក់ នាំទៅស្រុកបាប៊ីឡូន។ 7 ព្រះបាទនេប៊ូក្នេសាក៏យកគ្រឿងប្រដាប់ខ្លះនៃព្រះវិហារព្រះយេហូវ៉ា ទៅឯក្រុងបាប៊ីឡូន ដាក់ក្នុងព្រះរាជដំណាក់របស់ទ្រង់ 8 រីឯដំណើរឯទៀត ពីព្រះបាទយេហូយ៉ាគីម និងការគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលទ្រង់បានប្រព្រឹត្ត ហើយទោសទាំងប៉ុន្មានដែលឃើញមាន នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ រួចព្រះបាទយ៉ូយ៉ាគីន ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ រាជ្យ និងការជាប់ទោសរបស់ព្រះបាទយេហូយ៉ាគីន 9 កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ប្រាំបីព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានបីខែដប់ថ្ងៃ ទ្រង់បានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា។ 10 ដល់ចូលឆ្នាំថ្មី នោះព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅនាំទ្រង់មកក្រុងបាប៊ីឡូន ហើយក៏យកគ្រឿងប្រដាប់យ៉ាងល្អទាំងប៉ុន្មាននៃព្រះវិហាររបស់ព្រះយេហូវ៉ាមកផង រួចលើកសេដេគា ជាបិតុលាទ្រង់ឡើងជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិមវិញ។ រាជ្យរបស់ព្រះបាទសេដេគា 11 កាលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់មួយឆ្នាំ។ 12 ទ្រង់បានប្រព្រឹត្តអំពើដ៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ឥតបន្ទាបព្រះហឫទ័យនៅមុខហោរាយេរេមា ដែលលោកពោលសេចក្ដីដែលមកពីព្រះឧស្ឋព្រះយេហូវ៉ាឡើយ។ 13 ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។ 14 មួយទៀត អស់ទាំងមេនៃពួកសង្ឃ និងពួកបណ្ដាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហាររបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម។ ការដួលរលំក្រុងយេរូសាឡិម 15 ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ បានចាត់ទូតឲ្យទៅជួបគេ ទាំងក្រោកពីព្រលឹមចាត់គេទៅ ដ្បិតព្រះអង្គមានព្រះហឫទ័យអាណិតមេត្តាដល់ប្រជារាស្ត្រព្រះអង្គ ហើយដល់ទីលំនៅព្រះអង្គ។ 16 ប៉ុន្តែ គេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលព្រះអង្គ ព្រមទាំងឡកឡឺយឲ្យពួកហោរាព្រះអង្គវិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេ ទាល់តែរកកែមិនបានឡើយ។ 17 ហេតុនោះ ព្រះនាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសម្លាប់ពួកកំលោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណា ទោះទាំងកំលោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ព្រះអង្គបានប្រគល់គេទាំងអស់ទៅក្នុងកណ្ដាប់ព្រះហស្តនៃស្តេចនោះ។ 18 ឯអស់ទាំងគ្រឿងប្រដាប់នៅក្នុងព្រះដំណាក់របស់ព្រះ ទាំងធំទាំងតូច និងរបស់ថ្លៃវិសេសទាំងប៉ុន្មាន ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងព្រះរាជទ្រព្យនៃស្តេច និងទ្រព្យរបស់ពួកប្រធាន នោះក៏នាំយកទៅក្រុងបាប៊ីឡូនទាំងអស់។ 19 គេដុតព្រះដំណាក់របស់ព្រះចោល ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានតម្លៃ នៅក្នុងដំណាក់ទាំងនោះដែរ។ 20 ឯអស់អ្នកដែលបានរួចពីដាវ ទ្រង់នាំទៅស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបម្រើរបស់ទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង 21 ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមាថា៖ «ទាល់តែស្រុកនោះបានគម្រប់ពេលដែលត្រូវឈប់សម្រាកឲ្យបានគ្រប់ចិតសិបឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សម្រាកទៅ»។ ព្រះបាទស៊ីរូសប្រកាសឲ្យពួកនិរទេសមានសេរីភាព 22 នៅឆ្នាំដំបូងក្នុងរាជ្យព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបានបណ្ដាលព្រះហឫទ័យទ្រង់ឡើង ដើម្បីឲ្យស្តេចបានធ្វើសម្រេចតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមា គឺឲ្យទ្រង់បានចេញប្រកាសដល់អាណាខេត្តរបស់ទ្រង់ ហើយឲ្យសេចក្ដីនោះបានកត់ទុកផងថា៖ 23 «ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដី មកយើងហើយ ព្រះអង្គបានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ដូច្នេះ នៅក្នុងពួកប្រជាជនទាំងឡាយ បើមានអ្នកណាជារបស់ព្រះយេហូវ៉ា នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅចុះ»។:៚ |
© 2016 United Bible Societies
Bible Society in Cambodia