អែសរ៉ា 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចុងបញ្ចប់នៃការជាប់ជាឈ្លើយនៅបាប៊ីឡូន 1 នៅឆ្នាំទីមួយក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបណ្ដាលចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ឲ្យចេញសេចក្ដីប្រកាសពាសពេញនគររបស់ស្ដេចទាំងមូល ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ហើយសេចក្ដីនោះមានចែងដូចតទៅ៖ 2 «ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ។ 3 ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមឲ្យព្រះរបស់អ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិម ដែលនៅក្នុងស្រុកយូដា ដើម្បីសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ ព្រះអង្គជាព្រះដែលគង់នៅក្រុងយេរូសាឡិម។ 4 ឯអស់អ្នកដែលសេសសល់ ទោះបីរស់នៅកន្លែងណាក៏ដោយ ត្រូវឲ្យប្រជាជននៅទីនោះជួយដល់ពួកគេ ជាប្រាក់ ជាមាស ជារបស់មានតម្លៃ ព្រមទាំងសត្វ ក្រៅពីតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិមផង»។ 5 ដូច្នេះ ពួកមេលើវង្សានុវង្សរបស់ឪពុកក្នុងពួកយូដា និងពួកបេនយ៉ាមីន ពួកសង្ឃ និងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្ដាលចិត្ត ឲ្យឡើងទៅសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏នាំគ្នាក្រោកឡើង 6 ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស ទ្រព្យសម្បត្តិផ្សេងៗ សត្វ និងវត្ថុមានតម្លៃឯទៀតៗ ក្រៅពីតង្វាយទាំងប៉ុន្មាន ដែលគេបានថ្វាយដោយស្ម័គ្រពីចិត្ត។ 7 ឯព្រះបាទស៊ីរូសក៏បានបញ្ចេញគ្រឿងប្រដាប់នៃព្រះដំណាក់របស់ព្រះយេហូវ៉ា ដែលព្រះបាទនេប៊ូក្នេសាបានយកចេញពីក្រុងយេរូសាឡិម មកដាក់នៅព្រះវិហាររបស់ព្រះនៃទ្រង់នោះ ប្រគល់មកវិញផងដែរ។ 8 ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់បញ្ជាឲ្យមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជទ្រព្យ យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ពួកយូដា។ 9 ឯចំនួននៃរបស់ទាំងនោះមាន ថាសមាសសាមសិប ថាសប្រាក់មួយពាន់ កាំបិត ម្ភៃប្រាំបួន 10 ពែងមាសសាមសិប ពែងប្រាក់ថ្នាក់ទីពីរបួនរយដប់ និងគ្រឿងប្រដាប់ឯទៀតៗមួយពាន់។ 11 សរុបគ្រឿងប្រដាប់ដែលធ្វើពីមាស និងប្រាក់ទាំងអស់ មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក នៅពេលនាំពួកជាប់ជាឈ្លើយ ចេញពីក្រុងបាប៊ីឡូន ឡើងទៅកាន់ក្រុងយេរូសាឡិម។ |
© 2016 United Bible Societies
Bible Society in Cambodia