មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។
អេភេសូរ 5:3 - អាល់គីតាប ដោយបងប្អូនជាប្រជាជនដ៏បរិសុទ្ធមិនត្រូវឲ្យមានឮនិយាយអំពីការប្រាសចាកសីលធម៌អបាយមុខគ្រប់យ៉ាង ឬការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ ព្រះគម្ពីរខ្មែរសាកល ចំពោះអំពើអសីលធម៌ខាងផ្លូវភេទ និងអំពើស្មោកគ្រោកគ្រប់យ៉ាង ឬការលោភលន់ កុំឲ្យមានឮនិយាយក្នុងចំណោមអ្នករាល់គ្នាឡើយ តាមដែលសមគួរនឹងវិសុទ្ធជន។ Khmer Christian Bible រីឯអំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាង ឬសេចក្ដីលោភលន់ នោះមិនត្រូវឲ្យមានឮនិយាយក្នុងចំណោមអ្នករាល់គ្នាឡើយ ដើម្បីឲ្យសមជាពួកបរិសុទ្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអំពើសហាយស្មន់ សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភលន់ នោះមិនត្រូវឲ្យឮឈ្មោះក្នុងចំណោមអ្នករាល់គ្នាផង ព្រោះមិនគួរគប្បីក្នុងពួកបរិសុទ្ធឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយបងប្អូនជាប្រជាជនដ៏វិសុទ្ធ* មិនត្រូវឲ្យមានឮនិយាយអំពីការប្រាសចាកសីលធម៌ អបាយមុខគ្រប់យ៉ាង ឬការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីកំផិត សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង នឹងសេចក្ដីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ |
មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។
ត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចអុលឡោះ ជាអ្នកគួរឲ្យទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេ ឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។
កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីផ្សេងទៀតដែលជារបស់គេឡើយ»។
ចូរប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលយើងបានបង្គាប់អ្នករាល់គ្នា ហើយមិនត្រូវបន់ស្រន់ដល់ព្រះដទៃឡើយ សូម្បីតែឈ្មោះរបស់វាទាំងនោះ ក៏មិនត្រូវឮពីមាត់របស់អ្នករាល់គ្នាផង។
អ្នកដឹកនាំស្រុកដែលគ្មានប្រាជ្ញា តែងតែសង្កត់សង្កិនប្រជារាស្ត្រកាន់តែខ្លាំងឡើងៗ រីឯអ្នកមិនចូលចិត្តនឹងទ្រព្យដែលរកបានដោយអយុត្តិធម៌ មុខជាមានអាយុវែង។
រីឯអ្នកវិញ អ្នកគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកបង្ហូរឈាមជនស្លូតត្រង់ និងជិះជាន់ប្រជារាស្ត្រយ៉ាងព្រៃផ្សៃ»។
ពួកគេទាំងអស់គ្នា ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ គិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ទាំងណាពី ទាំងអ៊ីមុាំ សុទ្ធតែជាអ្នកបោកប្រាស់។
ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ ទៅឲ្យអ្នកដទៃ ប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យ អស់អ្នកដែលនឹងមកចាប់យក ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ ហើយចាប់តាំងពីណាពីរហូតដល់អ៊ីមុាំ សុទ្ធតែជាអ្នកបោកប្រាស់។
ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
កាលណាបុរសម្នាក់ និងស្ត្រីម្នាក់រួមរ័កជាមួយគ្នា នោះគេទាំងពីរនាក់ត្រូវលាងសំអាតខ្លួនប្រាណ ហើយនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច»។
បើគេប៉ុនប៉ងចង់បានស្រែចម្ការណា គេដណ្ដើមយកស្រែចម្ការនោះ បើគេប៉ុនប៉ងចង់បានផ្ទះណា គេរឹបអូសយកផ្ទះនោះ គេប្លន់ម្ចាស់ផ្ទះ និងគ្រួសារ ហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។
ជនជាតិអ៊ីស្រអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។
ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្ដមនុស្សទាំងអស់
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បត្តិឲ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិឡើយ»។
ប៉ុន្ដែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឲ្យបរិភោគឈាម
ចិត្ដរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាល ពេញទៅដោយចិត្ដច្រណែនឈ្នានីស ចង់សម្លាប់គេ ឈ្លោះប្រកែក ល្បិចកិច្ចកល និងអបាយមុខ។ ពួកគេចូលចិត្ដបរិហារកេរ្ដិ៍គ្នា
សូមបងប្អូនទទួលគាត់ ក្នុងនាមអ៊ីសាជាអម្ចាស់ឲ្យបានសមជាប្រជាជនដ៏បរិសុទ្ធ។ សូមបងប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការឲ្យបងប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបងប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។
ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើទុច្ចរិតដែរ គឺត្រូវជូនខ្លួនទៅអុលឡោះ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបម្រើអុលឡោះ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើសុចរិត។
យើងមិនត្រូវបណ្ដោយខ្លួន ឲ្យប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំឲ្យគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។
អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចំអែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ក៏ប៉ុន្ដែ អុលឡោះនឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ជូនទៅអ៊ីសាជាអម្ចាស់ ហើយអ៊ីសាក៏ជាអម្ចាស់លើរូបកាយដែរ។
ចូរគេចឲ្យផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ដ ជាអំពើបាបមិនធ្វើឲ្យរូបកាយសៅហ្មងទេ។ ប៉ុន្ដែ អ្នកណាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្ដអំពើបាប ដែលនាំឲ្យសៅហ្មងដល់រូបកាយរបស់ខ្លួន។
ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ អុលឡោះជាម្ចាស់របស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្ដគំនិត លះបង់អំពើសៅហ្មងប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្ដនៅឡើយ។
ចំពោះអំពើណាដែលគេប្រព្រឹត្ដដោយលួចលាក់ សូម្បីតែយកមកនិយាយក៏គួរឲ្យខ្មាសណាស់ទៅហើយ។
ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្ដអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងនគររបស់អាល់ម៉ាហ្សៀស និងរបស់អុលឡោះបានជាដាច់ខាត។
សូមបងប្អូនកាន់កិរិយាមារយាទ ឲ្យបានសមរម្យនឹងដំណឹងល្អរបស់អាល់ម៉ាហ្សៀសផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្ដគំនិតតែមួយ ព្រមទាំងរួមចិត្ដថ្លើមគ្នាតយុទ្ធដើម្បីជំនឿលើដំណឹងល្អទៀតផង
ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្ដស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្ដលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាម្ចាស់។
បំណងរបស់អុលឡោះ គឺឲ្យបងប្អូនបានបរិសុទ្ធ ឲ្យបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។
អុលឡោះត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានបរិសុទ្ធវិញ។
តែត្រូវតុបតែងខ្លួន ដោយប្រព្រឹត្ដអំពើល្អ ឲ្យបានសមរម្យជាស្ដ្រីដែលគោរពប្រណិប័តន៍អុលឡោះវិញ។
មិនស្រវឹងស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្ដសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។
ដ្បិតការស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។
មនុស្សម្នានឹងមានចិត្ដអាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទមអួតខ្លួន ប្រមាថអុលឡោះ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមឹលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ
ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតពួកគេបានធ្វើឲ្យកើតវឹកវរ ក្នុងក្រុមគ្រួសារជាច្រើនដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវបង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។
ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់អុលឡោះ អ្នកអភិបាល ត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនស្រវឹងស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។
រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជម្រាបគាត់ ឲ្យកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតបរិសុទ្ធ កុំឲ្យនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ
ចូរប្រយ័ត្នប្រយែង កុំឲ្យបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬមានចិត្ដប្រមាថអ្វីៗដែលសក្ការៈ ដូចអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះឲ្យសោះ។
ក្នុងជយភ័ណ្ឌខ្ញុំបានឃើញអាវធំមួយយ៉ាងល្អប្រណីត ធ្វើនៅស្រុកស៊ីណើរ ហើយឃើញប្រាក់សុទ្ធទម្ងន់ប្រមាណហុកសិបតម្លឹង និងមាសមួយដុំទម្ងន់ប្រមាណដប់ប្រាំតម្លឹង។ ដោយខ្ញុំចង់បានពេកខ្ញុំក៏យករបស់ទាំងនោះ។ ឥឡូវនេះ ខ្ញុំកប់ទុកនៅក្នុងតង់ត៍របស់ខ្ញុំ ដោយដាក់ប្រាក់នៅក្រោមគេបង្អស់»។
សូមមើលថែរក្សាហ្វូងចៀមដែលអុលឡោះផ្ញើទុកនឹងបងប្អូន ដោយចិត្ដស្មោះស្ម័គ្រ ស្របតាមបំណងអុលឡោះ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ដ។
ជាពិសេសទ្រង់ដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអស់ទាំងអំណាចត្រួតត្រា។ តួនក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ ដែលប្រកបដោយសិរីរុងរឿងឡើយ។
គេគិតតែពីរំពៃមើលស្រីៗដោយចិត្ដស្រើបស្រាល និងប្រព្រឹត្ដអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្ដអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។
ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្ដែ អុលឡោះបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយទ្រង់ឥតប្រហែសនឹងបំផ្លាញគេឡើយ
ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗ ព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ ឲ្យប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រអែល ឲ្យបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និងឲ្យប្រាសចាកសីលធម៌។
យើងបានទុកពេលឲ្យស្ដ្រីនោះកែប្រែចិត្ដគំនិត តែនាងពុំព្រមកែប្រែចិត្ដគំនិតឡើយ នាងនៅតែប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ដដែល។
ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។
រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្ដកុហក និងអនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!
គេក៏ពុំព្រមកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និងអំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្ដនោះដែរ។
ប៉ុន្តែ កូនប្រុសរបស់សាំយូអែល ពុំបានដើរតាមគន្លងរបស់ឪពុកទេ។ ពួកគេគិតតែពីចង់បានប្រាក់កាស ស៊ីសំណូក និងកាត់ក្តីដោយអយុត្តិធម៌។