យ៉ូស្វេ 7 - អាល់គីតាបបទល្មើសរបស់លោកអេកាន 1 ពេលនោះ ជនជាតិអ៊ីស្រអែលបានបំពានលើបន្ទូល ដែលអុលឡោះតាអាឡាហាមមិនឲ្យប៉ះពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអេកាន ជាកូនរបស់លោកកើមើ ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់មួយដែលអុលឡោះតាអាឡាហាមឃាត់ ជាហេតុធ្វើឲ្យទ្រង់ខឹងនឹងជនជាតិអ៊ីស្រអែល។ 2 យ៉ូស្វេបានចាត់អ្នកខ្លះ ពីក្រុងយេរីខូឲ្យទៅក្រុងអៃ ដែលនៅជិតបេតអាវេន នៅខាងកើតបេតអែល ទាំងមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅស៊ើបការណ៍នៅស្រុកនោះ»។ ពួកគេក៏ឡើងទៅស៊ើបការណ៍នៅក្រុងអៃ។ 3 អ្នកទាំងនោះវិលមកជួបយ៉ូស្វេវិញ ជម្រាបថា៖ «មិនបាច់ឲ្យប្រជាជនទាំងមូលឡើងទៅវាយទេ គឺឲ្យតែទ័ពពីរ ឬបីពាន់នាក់ ឡើងទៅវាយយកក្រុងអៃប៉ុណ្ណោះបានហើយ! អ្នកក្រុងនោះមានគ្នាតិចតួចទេ ដូច្នេះ មិនបាច់ចាត់កងទ័ពទាំងមូល ឲ្យទៅនាំឲ្យពិបាកឡើយ»។ 4 ពេលនោះ ទ័ពអ៊ីស្រអែលប្រមាណបីពាន់នាក់ក៏ឡើងទៅវាយយកក្រុងអៃ ប៉ុន្តែ ពួកគេត្រូវបាក់ទ័ព។ 5 អ្នកក្រុងអៃបានសម្លាប់ពួកអ៊ីស្រអែល អស់ប្រមាណសាមសិបប្រាំមួយនាក់ រួចដេញតាមពួកគេចាប់ពីទ្វារក្រុង រហូតទៅដល់ភូមិសេបារីម ហើយសម្លាប់ពួកគេនៅត្រង់ជំរាលភ្នំ។ ប្រជាជនអ៊ីស្រអែលបាក់ទឹកចិត្ត បាត់បង់សេចក្តីក្លាហានអស់។ 6 យ៉ូស្វេ និងអះលីជំអះនៃជនជាតិអ៊ីស្រអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់អុលឡោះតាអាឡា អោនមុខដល់ដីរហូតដល់ល្ងាច ពួកគាត់យកធូលីដីរោយលើក្បាលរៀងៗខ្លួន។ 7 យ៉ូស្វេទូរអាថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់នាំយើងខ្ញុំឲ្យឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្តាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីឲ្យយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្តេចបានជាមិនទុកយើងខ្ញុំឲ្យនៅត្រើយខាងនាយទន្លេយ័រដាន់វិញ? 8 ឱអុលឡោះជាអម្ចាស់ អើយ! ឥឡូវនេះ តើឲ្យខ្ញុំនិយាយដូចម្តេចកើត បើជនជាតិអ៊ីស្រអែលបាក់ទ័ព នៅមុខខ្មាំងសត្រូវដូច្នេះ? 9 ពេលជនជាតិកាណាន និងជាតិសាសន៍ទាំងអស់នៅក្នុងស្រុកដឹងរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធ ហើយសម្លាប់រង្គាលយើងខ្ញុំទាំងអស់គ្នា។ ដូច្នេះ តើទ្រង់ធ្វើយ៉ាងណាដើម្បីការពារកិត្តិនាមរបស់ទ្រង់?»។ 10 អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះ អោនមុខដល់ដីដូច្នេះ? 11 ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់ឲ្យ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនឲ្យប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយឥវ៉ាន់របស់ខ្លួន។ 12 ហេតុនេះហើយបានជាជនជាតិអ៊ីស្រអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវបានទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ! 13 ក្រោកឡើង ជម្រះប្រជាជនឲ្យបានបរិសុទ្ធ! ត្រូវប្រាប់ពួកគេថា “ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធសម្រាប់ថ្ងៃស្អែក ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: អ៊ីស្រអែលអើយ! នៅក្នុងអ្នកមានរបស់ដែលត្រូវបំផ្លាញ។ អ្នកពុំអាចប្រឈមមុខតទល់នឹងខ្មាំងសត្រូវបានឡើយ ដរាបណាអ្នករាល់គ្នាមិនដករបស់ដែលត្រូវបំផ្លាញចេញពីក្នុងចំណោមអ្នករាល់គ្នាទេនោះ។ 14 ព្រឹកឡើងអ្នករាល់គ្នាត្រូវចូលមកតាមកុលសម្ព័ន្ធ។ ពេលអុលឡោះតាអាឡាចង្អុលកុលសម្ព័ន្ធណា កុលសម្ព័ន្ធនោះត្រូវចូលមកតាមអំបូរ ពេលអុលឡោះតាអាឡាចង្អុលអំបូរណា អំបូរនោះត្រូវចូលមកតាមក្រុមគ្រួសារ ហើយពេលអុលឡោះតាអាឡាចង្អុលក្រុមគ្រួសារណា ត្រូវឲ្យមេក្រុមគ្រួសារនោះចូលមកម្នាក់ម្តងៗ។ 15 ពេលប៉ះចំលើអ្នកដែលមានកំហុស ដោយលាក់ទុករបស់ដែលត្រូវបំផ្លាញ ចូរដុតអ្នកនោះជាមួយអ្វីៗដែលខ្លួនមាន ព្រោះគេបានរំលោភលើសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា គឺគេបានប្រព្រឹត្តអំពើមួយដ៏ថោកទាបក្នុងស្រុកអ៊ីស្រអែល”»។ 16 យ៉ូស្វេក្រោកពីព្រលឹម ហើយបង្គាប់ឲ្យជនជាតិអ៊ីស្រអែលចូលមក តាមកុលសម្ព័ន្ធ ពេលនោះប៉ះចំលើកុលសម្ព័ន្ធយូដា។ 17 យ៉ូស្វេបញ្ជាឲ្យអំបូរផ្សេងៗនៃកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ាស។ គាត់ឲ្យអំបូរសេរ៉ាស ចូលមកតាមក្រុមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារលោកសាបឌី។ 18 បន្ទាប់មក គាត់ឲ្យក្រុមគ្រួសារសាបឌីចូលមកម្នាក់ម្តងៗ ហើយប៉ះចំលើលោកអេកានជាកូនរបស់លោកកើមី ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា។ 19 យ៉ូស្វេមានប្រសាសន៍ទៅកាន់លោកអេកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល! ចូរលើកកិត្តិយសទ្រង់ឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។ 20 លោកអេកានឆ្លើយទៅយ៉ូស្វេវិញថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងអុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ពិតប្រាកដមែន! គឺខ្ញុំបានប្រព្រឹត្តដូចតទៅ: 21 ក្នុងជយភ័ណ្ឌខ្ញុំបានឃើញអាវធំមួយយ៉ាងល្អប្រណីត ធ្វើនៅស្រុកស៊ីណើរ ហើយឃើញប្រាក់សុទ្ធទម្ងន់ប្រមាណហុកសិបតម្លឹង និងមាសមួយដុំទម្ងន់ប្រមាណដប់ប្រាំតម្លឹង។ ដោយខ្ញុំចង់បានពេកខ្ញុំក៏យករបស់ទាំងនោះ។ ឥឡូវនេះ ខ្ញុំកប់ទុកនៅក្នុងតង់ត៍របស់ខ្ញុំ ដោយដាក់ប្រាក់នៅក្រោមគេបង្អស់»។ 22 យ៉ូស្វេចាត់គេឲ្យរត់ទៅតង់ត៍របស់លោកអេកាន ហើយឃើញវត្ថុកប់ទុកនៅទីនោះមែន គឺប្រាក់នៅពីក្រោមគេបង្អស់។ 23 ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនយ៉ូស្វេ និងជនជាតិអ៊ីស្រអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះអុលឡោះតាអាឡា។ 24 យ៉ូស្វេ និងជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាចាប់លោកអេកាន ជាចៅទួតរបស់លោកសេរ៉ាស ហើយយកប្រាក់អាវធំ និងដុំមាស ព្រមទាំងកូនប្រុស កូនស្រី គោ លា ចៀម តង់ត៍ និងអ្វីៗទាំងអស់ដែលគាត់មាននាំឆ្ពោះទៅជ្រលងភ្នំអាគ័រ។ 25 យ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសមកឲ្យពួកយើងដូច្នេះ? ថ្ងៃនេះ សូមអុលឡោះតាអាឡាធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ជនជាតិអ៊ីស្រអែលទាំងមូល នាំគ្នាសម្លាប់លោកអេកាន និងក្រុមគ្រួសារគាត់ ដោយគប់នឹងថ្ម ព្រមទាំងដុតអ្វីៗទាំងប៉ុន្មានដែលគាត់មានចោលដែរ។ 26 បន្ទាប់មក គេយកដុំថ្មមកគរជាគំនរយ៉ាងធំពីលើគាត់ (គំនរថ្មនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ)។ ពេលនោះ អុលឡោះតាអាឡាឈប់ខឹង។ ហេតុនេះហើយ បានជាគេហៅកន្លែងនោះថា «ជ្រលងភ្នំអាគ័រ» រហូតមកដល់សព្វថ្ងៃ។ |
© 2014 United Bible Societies, UK.
United Bible Societies