Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 8 - អាល់គីតាប


ការ​តែង‌តាំង​ស្តេច ប្រជា‌ជន​អ៊ីស្រ‌អែល​ទាម​ទារ​ចង់​បាន​ស្តេច​ម្នាក់

1 កាល​សាំយូ‌អែល​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ គាត់​បាន​តែង‌តាំង​កូន​ប្រុសៗ​របស់​គាត់ ឲ្យ​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រ‌អែល។

2 កូន​ប្រុស​ច្បង​របស់​គាត់​ឈ្មោះ​យ៉ូអែល និង​កូន​ទី​ពីរ​ឈ្មោះ​អប៊ី‌យ៉ា។ អ្នក​ទាំង​ពីរ​គ្រប់‌គ្រង​នៅ​ក្រុង​បៀរ‌សេ‌បា។

3 ប៉ុន្តែ កូន​ប្រុស​របស់​សាំយូ‌អែល ពុំ​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ។ ពួក​គេ​គិត​តែ​ពី​ចង់​បាន​ប្រាក់​កាស ស៊ី​សំណូក និង​កាត់​ក្តី​ដោយ​អយុត្តិ‌ធម៌។

4 ហេតុ​នេះ អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​សាំយូ‌អែល​នៅ​រ៉ាម៉ា។

5 អះលី‌ជំអះ​ទាំង​នោះ​ជម្រាប​គាត់​ថា៖ «ឥឡូវ​នេះ​លោក​ចាស់​ហើយ រីឯ​កូន​របស់​លោក​ទៀត​សោត ក៏​ពុំ​ដើរ​តាម​គន្លង​របស់​លោក​ដែរ។ ដូច្នេះ សូម​តែង‌តាំង​ឲ្យ​មាន​ស្តេច​មួយ​នាក់ សោយ​រាជ្យ​លើ​យើង​ខ្ញុំ​ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ផង»។

6 ពេល​ឮ​ពួក​អះលី‌ជំអះ​ពោល​ថា «សូម​តែង‌តាំង​ឲ្យ​មាន​ស្តេច​មួយ​នាក់​សោយ​រាជ្យ​លើ​យើង​ខ្ញុំ» ដូច្នេះ សាំយូ‌អែល​មិន​សប្បាយ​ចិត្ត​ទេ គាត់​ក៏​ទូរអា​អង្វរអុលឡោះ‌តាអាឡា។

7 អុលឡោះ‌តាអាឡា​មាន​បន្ទូល​តប​មក​ថា៖ «ចូរ​ស្តាប់​តាម​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​ដែល​បាន​ទាម​ទារ​នោះ​ចុះ។ មិន​មែន​អ្នក​ទេ​ដែល​ពួក​គេ​បោះ​បង់​ចោល គឺ​យើង​ទេ​តើ​ដែល​ពួក​គេ​បោះ​បង់​ចោល ពួក​គេ​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​ពួក​គេ​ទៀត​ឡើយ។

8 តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក រហូត​ដល់​ឥឡូវ​នេះ ពួក​គេ​បាន​បោះ​បង់​ចោល​យើង ដើម្បី​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត។ ពួក​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។

9 ដូច្នេះ ចូរ​ស្តាប់​តាម​ពាក្យ​សំដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្តេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ​មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។


សិទ្ធិ​របស់​ស្តេច

10 សាំយូ‌អែល​បាន​នាំ​យក​បន្ទូល​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា មក​ថ្លែង​ប្រាប់​ប្រជា‌ជន​ដែល​ទាម​ទារ​សុំ​ឲ្យ​មាន​ស្តេច​នោះ​ថា៖

11 «ស្តេច​ដែល​នឹង​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ដូច​ត​ទៅ គឺ​ស្តេច​នឹង​យក​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាហាន ខ្លះ​នៅ​ខាង​កង​រទេះ​ចំបាំង​របស់​ស្តេច ខ្លះ​នៅ​ខាង​ទ័ព​សេះ​របស់​ស្តេច ខ្លះ​ទៀត​រត់​នៅ​មុខ​រទេះ។

12 ស្តេច​នឹង​តែង‌តាំង​មេ​កង​ឲ្យ​ត្រួត​ទាហាន​មួយ​ពាន់​នាក់ ឬ​មេ​ក្រុម​ដែល​ត្រួត​ទាហាន​ហា‌សិប​នាក់។ ស្តេច​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ភ្ជួរ​រាស់ ច្រូត​កាត់​ឲ្យ​ស្តេច ហើយ​ខ្លះ​ទៀត​ផលិត​គ្រឿង​អាវុធ និង​គ្រឿង​ប្រដាប់​រទេះ​ចំបាំង​របស់​ស្តេច។

13 ស្តេច​នឹង​ប្រើ​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​លាប​គ្រឿង​ក្រអូប អ្នក​ដាំ​បាយ និង​អ្នក​ធ្វើ​នំ។

14 ស្តេច​នឹង​យក​ស្រែ ចម្ការ​ទំពាំង​បាយ​ជូរ និង​ចម្ការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មេ‌ទ័ព​របស់​ខ្លួន។

15 ស្តេច​នឹង​យក​ពន្ធ​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ពី​ស្រូវ ពី​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មហា‌តលឹក រាជ‌ការ និង​អ្នក​បម្រើ​របស់​ខ្លួន។

16 ស្តេច​នឹង​យក​ខ្ញុំ​បម្រើ​ប្រុស​ស្រី និង​ពួក​យុវជន របស់​អ្នក​រាល់​គ្នា គឺ​អ្នក​ដែល​មាន​កម្លាំង​កំហែង​ជាង​គេ ព្រម​ទាំង​យក​សត្វ​លា​របស់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន។

17 ស្តេច​នឹង​យក​ចៀម ចំនួន​មួយ​ភាគ​ដប់ ពី​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​ស្តេច។

18 ថ្ងៃ​មួយ​អ្នក​រាល់​គ្នា​នឹង​ស្រែក​អង្វរអុលឡោះ‌តាអាឡា ព្រោះ​តែ​ស្តេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស តែ​នៅ​ថ្ងៃ​នោះ​ទ្រង់​មិន​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​ឡើយ!»។

19 ប៉ុន្តែ ប្រជា‌ជន​មិន​ព្រម​ស្តាប់ តាម​ពាក្យ​របស់​សាំយូ‌អែល​ទេ។ ពួក​គេ​ប្រកែក​ថា៖ «ទេ! យើង​ចង់​បាន​ស្តេច​ម្នាក់​សោយ​រាជ្យ​លើ​យើង

20 ដើម្បី​ឲ្យ​យើង​បាន​ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ទៀត​ដែរ។ ស្តេច​របស់​យើង​នឹង​គ្រប់‌គ្រង​លើ​យើង ស្តេច​នឹង​នាំ​មុខ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង»។

21 កាល​សាំយូ‌អែល​ឮ​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន គាត់​ក៏​យក​ទៅ​ជម្រាបអុលឡោះ‌តាអាឡា។

22 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​សាំយូ‌អែល​ថា៖ «ចូរ​ស្តាប់​តាម​ពាក្យ​របស់​គេ ហើយ​តែង‌តាំង​ស្តេច​ម្នាក់​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ​ចុះ!»។ បន្ទាប់​មក សាំយូ‌អែល​និយាយ​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រ‌អែល​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​រៀងៗ​ខ្លួន​វិញ​ចុះ!»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម