យេរេមា 6 - អាល់គីតាបខ្មាំងសត្រូវឡោមព័ទ្ធក្រុងយេរូសាឡឹម 1 «កូនចៅពុនយ៉ាមីនអើយ ចូររត់ចេញពីក្រុងយេរូសាឡឹមទៅ! ចូរផ្លុំត្រែនៅតូអា ចូរលើកទង់សញ្ញានៅបេតហាកេរែម ដ្បិតមហន្តរាយ និងទុក្ខវេទនា កំពុងតែមកពីទិសខាងជើង។ 2 ក្រុងស៊ីយ៉ូនដ៏ស្អាត និងល្អប្រណីត មុខជាត្រូវវិនាសហើយ! 3 ខ្មាំងសត្រូវកំពុងតែដើរមករកក្រុងស៊ីយ៉ូន ដូចពួកគង្វាលមកជាមួយហ្វូងសត្វរបស់ខ្លួន គេនឹងបោះជំរំព័ទ្ធជុំវិញក្រុងនេះ ម្នាក់ៗនឹងរឹបអូសយកតាមចំណែករៀងៗខ្លួន។ 4 ពួកគេស្រែកថា: “ចូរវាយសំរុកក្រុងនេះ ចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់! ប៉ុន្តែ គួរឲ្យស្ដាយណាស់ ព្រោះថ្ងៃកាន់តែទាបទៅៗ ហើយយប់ក៏កាន់តែងងឹតទៅៗដែរ! 5 ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បាន យើងបំផ្លាញវិមានដ៏ស្កឹមស្កៃរបស់ក្រុងនេះ”»។ 6 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: «ចូរនាំគ្នាកាប់ដើមឈើ ហើយសង់ប៉មឲ្យខ្ពស់ ដើម្បីវាយលុកក្រុងយេរូសាឡឹម! ត្រូវតែដាក់ទោសក្រុងនេះ ព្រោះនៅក្នុងទីក្រុងមានសុទ្ធតែការជិះជាន់។ 7 អំពើអាក្រក់ហូរចេញពីក្រុងនេះ ដូចទឹកហូរចេញពីប្រភពទឹក។ ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅ និងការបំផ្លិចបំផ្លាញ។ ការឈឺចុកចាប់ និងស្នាមរបួស ស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។ 8 យេរូសាឡឹមអើយ ចូរទទួលមេរៀននេះទៅ ក្រែងលោយើងដកខ្លួនលែងរវីរវល់នឹងអ្នក ហើយធ្វើឲ្យអ្នកវិនាសអន្តរាយ ក្លាយទៅជាទឹកដីដែលគ្មាននរណារស់នៅ»។ 9 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: «ខ្មាំងសត្រូវនឹងប្រឡេះជនជាតិអ៊ីស្រអែល ដែលនៅសេសសល់ ដូចគេបេះផ្លែទំពាំងបាយជូរទាល់តែអស់ គឺគេនឹងមកសាជាថ្មី ដូចអ្នកបេះផ្លែទំពាំងបាយជូរវិលមក ប្រឡេះផ្លែដែលនៅសល់»។ 10 តើខ្ញុំត្រូវនិយាយទៅកាន់នរណា តើនរណាជួយពន្យល់ពួកគេឲ្យស្ដាប់ខ្ញុំ ដ្បិតពួកគេធ្វើជាថ្លង់ ហើយមិនអាចយកចិត្តទុកដាក់ស្ដាប់បានទេ។ ពេលខ្ញុំនាំបន្ទូលរបស់អុលឡោះតាអាឡាមកប្រាប់ ពួកគេបែរជានាំគ្នាសើចចំអក គឺពួកគេមិនចូលចិត្តឮឡើយ។ 11 ឃើញដូច្នេះ ខ្ញុំខឹងជំនួសអុលឡោះតាអាឡា ខ្ញុំទប់ចិត្តលែងបានទៀតហើយ។ «ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវ ព្រមទាំងជះទៅលើក្រុមយុវជនផង ដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរា នឹងត្រូវខ្មាំងសត្រូវនាំយកទៅ។ 12 ពេលណាយើងដាក់ទោសអ្នកស្រុកនេះ ផ្ទះរបស់គេនឹងត្រូវអ្នកផ្សេងមករស់នៅ ហើយចម្ការ និងប្រពន្ធរបស់គេ ក៏នឹងបានទៅជាកម្មសិទ្ធិរបស់អ្នកផ្សេងដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 13 ពួកគេទាំងអស់គ្នា ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ គិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ទាំងណាពី ទាំងអ៊ីមុាំ សុទ្ធតែជាអ្នកបោកប្រាស់។ 14 ពួកគេមិនឈឺឆ្អាលនឹងមហន្តរាយ នៃប្រជារាស្ត្ររបស់យើងទេ។ ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!» តែគ្មានសន្តិភាពទាល់តែសោះ! 15 ពួកគេគួរតែអៀនខ្មាសចំពោះអំពើព្រៃផ្សៃ ដែលខ្លួនបានប្រព្រឹត្ត។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនចេះខ្មាស។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 16 អុលឡោះតាអាឡាមានបន្ទូលទៀតថា: «ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍ ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើម ដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ រួចនាំគ្នាដើរតាមមាគ៌ានោះទៅ ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។ ប៉ុន្តែ ពួកគេឆ្លើយមកវិញថា: “យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។ 17 យើងបានដាក់អ្នកយាមល្បាត សម្រាប់នាំដំណឹងមកអ្នករាល់គ្នា ចូរត្រងត្រាប់ស្ដាប់សំឡេងស្នែងរបស់គេទៅ! តែពួកគេឆ្លើយថា “យើងមិនរវីរវល់ស្ដាប់ទេ!” 18 ហេតុនេះ ប្រជាជាតិទាំងឡាយអើយ ចូរស្ដាប់! ចូរដឹងថា នឹងមានហេតុការណ៍មួយ កើតឡើងចំពោះប្រជារាស្ត្រនេះ។ 19 ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យ ប្រជារាស្ត្រនេះរងទុក្ខវេទនា ដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេ ដ្បិតពួកគេពុំបានត្រងត្រាប់ ស្ដាប់ពាក្យរបស់យើងទេ ពួកគេក៏មើលងាយហ៊ូកុំរបស់យើងដែរ។ 20 តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពី ស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយ មកជូនយើងឬ? យើងមិនព្រមទទួលគូរបានដុតរបស់ អ្នករាល់គ្នាទេ ហើយយើងក៏មិនពេញចិត្តនឹងគូរបានណាមួយ របស់អ្នករាល់គ្នាដែរ»។ 21 អុលឡោះតាអាឡាមានបន្ទូលទៀតថា: «ហេតុនេះ យើងនឹងដាក់ថ្ម ធ្វើជាឧបសគ្គនៅចំពោះមុខប្រជាជននេះ ជាថ្មដែលនាំឲ្យគេជំពប់ដួល ហើយវិនាសទាំងឪពុក ទាំងកូន ទាំងញាតិសន្ដាន ទាំងអ្នកដែលនៅជិតខាង»។ ខ្មាំងសត្រូវពីទិសខាងជើងមកវាយលុក 22 អុលឡោះតាអាឡាមានបន្ទូលថា: «មើល៍! មានកងទ័ពមកពីទិសខាងជើង ប្រជាជាតិមួយដែលជាមហាអំណាច ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី 23 ពួកគេលើកធ្នូ លើកលំពែងឡើង ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ ពួកគេជិះសេះមក ហើយតំរៀបគ្នាជាក្បួនទ័ព ដើម្បីវាយលុកក្រុងស៊ីយ៉ូន!» 24 «យើងខ្ញុំបានឮដំណឹងនេះ យើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុត និងឈឺចាប់ដូចស្ត្រីកំពុងសំរាលកូន។ 25 កុំចេញទៅស្រែចម្ការ កុំចេញទៅតាមផ្លូវ ដ្បិតខ្មាំងសត្រូវកាន់ដាវចាំនៅទីនោះ! ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង»។ 26 ប្រជាជនរបស់យើងអើយ ចូរស្លៀកបាវ ហើយអង្គុយក្នុងផេះ រួចនាំគ្នាកាន់ទុក្ខ ដូចគេកាន់ទុក្ខ កូនតែមួយគត់ដែលស្លាប់នោះទៅ! ចូរនាំគ្នាយំសោកសង្រេងយ៉ាងខ្លាំងទៅ ដ្បិតមេបំផ្លាញមកវាយប្រហារអ្នករាល់គ្នា ពុំឲ្យដឹងខ្លួនជាមុនឡើយ! 27 «យេរេមាអើយ យើងបានតែងតាំងអ្នក ឲ្យល្បងលមើលប្រជាជនរបស់យើង ដូចជាងសាកល្បងលោហធាតុ គឺយើងឲ្យអ្នកសង្កេត និងល្បងលមើល មាគ៌ារបស់ពួកគេ»។ 28 «ពួកគេចូលចិត្តនិយាយមួលបង្កាច់ មានចិត្តរឹងរូស ដូចលង្ហិន និងដែកថែប ដែលពុំអាចពត់បានឡើយ គឺពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់ៗគ្នា! 29 ធម្មតា ភ្លើងដែលគេសប់យ៉ាងក្ដៅ អាចបន្សុទ្ធលោហធាតុបាន រីឯប្រជាជននេះវិញ គ្មាននរណាអាចបន្សុទ្ធបានទេ ព្រោះអំពើអាក្រក់ស្ថិតជាប់នឹងពួកគេជានិច្ច។ 30 គេហៅអ្នកទាំងនោះថា “ប្រាក់គ្មានតម្លៃ” ដ្បិតអុលឡោះតាអាឡាមិនទទួលពួកគេទេ!»។ |
© 2014 United Bible Societies, UK.
United Bible Societies