ជនគណនា 25 - អាល់គីតាបជនជាតិអ៊ីស្រអែលនាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយនៅវាលទំនាបស្រុកម៉ូអាប់ 1 ជនជាតិអ៊ីស្រអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។ 2 ស្ត្រីទាំងនោះបបួលប្រជាជនឲ្យទៅចូលរួមក្នុងពិធីធ្វើយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាជប់លៀង ហើយថ្វាយបង្គំព្រះទាំងនោះ។ 3 ប្រជាជនអ៊ីស្រអែលនាំគ្នាជំពាក់ចិត្តនឹងស្តេចពេអ៊រ ជាហេតុបណ្តាលឲ្យអុលឡោះតាអាឡាខឹងទាស់នឹងពួកគេ។ 4 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរចាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជនមក ហើយព្យួរកពួកគេហាលថ្ងៃនៅចំពោះអុលឡោះតាអាឡា ដើម្បីពង្វាងកំហឹងរបស់អុលឡោះតាអាឡាចេញពីជនជាតិអ៊ីស្រអែល»។ 5 ម៉ូសាមានប្រសាសន៍ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងស្តេចពេអ៊រទៅ!»។ 6 ពេលនោះ មានបុរសម្នាក់ជនជាតិអ៊ីស្រអែលបាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួននៅមុខម៉ូសា និងនៅមុខសហគមន៍អ៊ីស្រអែលទាំងមូល ក្នុងពេលដែលពួកគេកំពុងតែយំសោកនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ 7 ឃើញដូច្នេះ លោកភីនេហាសជាកូនរបស់លោកអេឡាសារដែលត្រូវជាកូនរបស់អ៊ីមុាំហារូន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។ 8 គាត់តាមបុរសនោះរហូតដល់ក្នុងជំរំរបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រអែល ក៏ស្ងប់ទៅវិញ។ 9 គ្រោះកាចនេះ បណ្តាលឲ្យមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។ 10 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 11 «ភីនេហាសជាកូនរបស់អេឡាសារ ដែលជាកូនរបស់អ៊ីមុាំហារូន បានសំដែងចិត្តឈឺចាប់ជំនួសយើងនៅពេលឃើញអ៊ីស្រអែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រអែលក្បត់ចិត្តយើងក្តី ក៏យើងពុំបានប្រល័យពួកគេឲ្យវិនាសសូន្យដែរ ព្រោះភីនេហាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។ 12 ហេតុនេះចូរប្រាប់ភីនេហាសថាយើងនឹងចងសម្ពន្ធមេត្រីជាមួយគេ គឺសម្ពន្ធមេត្រីដែលផ្តល់សន្តិភាព។ 13 តាមរយៈសម្ពន្ធមេត្រីនេះ យើងតែងតាំងភីនេហាស និងពូជពង្សរបស់គេឲ្យបំពេញមុខងារជាអ៊ីមុាំរហូតតទៅ ព្រោះភីនេហាសមានចិត្តឈឺចាប់ជំនួសអុលឡោះជាម្ចាស់របស់ខ្លួន ហើយបានធ្វើឲ្យជនជាតិអ៊ីស្រអែលរួចពីបាបផង»។ 14 បុរសអ៊ីស្រអែល ដែលលោកភីនេហាសបានប្រហារជីវិតរួមជាមួយស្ត្រីសាសន៍ម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនរបស់លោកសាលូវ និងជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម្មាន។ 15 រីឯស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវលោកភីនេហាសសម្លាប់នោះ ឈ្មោះនាងកូសប៊ី ជាកូនរបស់លោកស៊ើរ ដែលជាមេកន្ទ្រាញនៃអំបូរមួយរបស់ជនជាតិម៉ាឌាន។ 16 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 17 «ចូរចាត់ទុកជនជាតិម៉ាឌានជាបច្ចាមិត្ត ហើយវាយប្រហារពួកគេទៅ 18 ដ្បិតពួកគេតាំងខ្លួនជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយនាំអ្នករាល់គ្នាឲ្យវង្វេង ក្នុងព្រឹត្តិការណ៍ដែលកើតមាននៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំម៉ាឌាន ដែលបានស្លាប់ក្នុងគ្រោះកាចនៅពេអ៊រនោះ»។ |
© 2014 United Bible Societies, UK.
United Bible Societies