ទំនុកតម្កើង 10 - អាល់គីតាបពាក្យទូរអាសូមអុលឡោះរកយុត្តិធម៌ 1 អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់នៅឆ្ងាយម៉្លេះ? នៅពេលខ្ញុំមានអាសន្ន ហេតុអ្វីបានជាទ្រង់សំងំស្ងៀមដូច្នេះ? 2 មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស ពួកគេប្រើកលល្បិចធ្វើឲ្យ មនុស្សទុគ៌តវិនាស។ 3 មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។ 4 មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ ហើយមិនរវីរវល់នឹងអ្វីសោះ ព្រោះគេគិតថា គ្មានអុលឡោះទេ! 5 អ្វីៗដែលគេធ្វើតែងតែចំរុងចំរើនជានិច្ច គេគិតមិនដល់សោះថា ទ្រង់នឹងវិនិច្ឆ័យទោសគេដូច្នេះ គេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួន។ 6 គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។ 7 មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់ ហើយពាក្យអពមង្គល និងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។ 8 គេតែងពួនស្ទាក់នៅក្បែរភូមិ ហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់ គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។ 9 គេពួនដូចសត្វសិង្ហសំងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត គេចាប់ជនទុគ៌ត ដោយទាក់ទាញ ឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ 10 ជនទុគ៌តក៏ដួល ក្រាបនៅដី ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល ។ 11 មនុស្សពាលគិតក្នុងចិត្តថា «អុលឡោះមិនចាប់អារម្មណ៍ទេ! ទ្រង់បិទភ្នែក ទ្រង់មិនមើលទាល់តែសោះ!»។ 12 អុលឡោះតាអាឡាអើយ សូមក្រោកឡើង បង្ហាញអំណាចរបស់ទ្រង់ សូមកុំភ្លេចមនុស្សទន់ទាបឡើយ! 13 ហេតុអ្វីបានជាមនុស្សពាលចំអក មើលងាយអុលឡោះ? ហេតុអ្វីបានជាគេគិតក្នុងចិត្តថា «ទ្រង់នឹងមិនរករឿងអញឡើយ» ដូច្នេះ?។ 14 អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។ 15 សូមទ្រង់កាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្ត អំពើពាលតទៅទៀត! ។ 16 អុលឡោះតាអាឡាជាស្តេចដ៏នៅ អស់កល្បជាអង្វែងតរៀងទៅ សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ អស់ពីស្រុករបស់ទ្រង់។ 17 អុលឡោះតាអាឡា ទ្រង់ឈ្វេងយល់ បំណងចិត្តរបស់មនុស្សទន់ទាប ទ្រង់លើកទឹកចិត្តគេ 18 ទ្រង់តែងតែស្ដាប់ជនកំព្រា និងមនុស្សដែលត្រូវគេជិះជាន់ ហើយទ្រង់រកយុត្តិធម៌ឲ្យគេ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី អាចសង្កត់សង្កិនគេតទៅមុខទៀត ។ |
© 2014 United Bible Societies, UK.
United Bible Societies