Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ធីម៉ូថេ 3 - អាល់គីតាប


គុណ​សម្បត្តិ​របស់​អ្នក​ដឹក​នាំ​ក្រុម‌ជំអះ

1 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់ ចង់​បាន​មុខ‌ងារ​ជា​អភិបាល​គាត់​មាន​បំណង​បំពេញ​មុខ‌ងារ​ដ៏​ប្រសើរ​ហើយ។

2 អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ ចេះ​ទប់​ចិត្ត មាន​ចិត្ដ​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន

3 មិន​ស្រវឹង​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ដ​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។

4 គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​ឲ្យ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃ‌ថ្នូរ​ទាំង​ស្រុង

5 ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ក្រុម‌ជំអះ​របស់​អុលឡោះ​កើត!។

6 មិន​ត្រូវ​ឲ្យ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​អ៊ីព្លេស។

7 មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ពី​សំណាក់​អស់​អ្នក​ដែល​មិន​មែន​ជា​អូមាត់‌អ៊ីសា​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អ៊ីព្លេស។


គុណ​សម្បត្តិ​អ្នក​ជំនួយ

8 រីឯ​អ្នក​ជំនួយ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។

9 គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​អុលឡោះ​បាន​សំដែង​ឲ្យ​ស្គាល់ ដោយ​មន‌សិការ​បរិសុទ្ធ។

10 ត្រូវ​ល្បង​មើល​ចិត្ដ​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​ឲ្យ​គេ​បំពេញ​មុខ‌ងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។

11 ចំពោះ​ស្ដ្រីៗ​វិញ ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

12 អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង

13 ដ្បិត​បង​ប្អូន​ណា​បំពេញ​មុខ‌ងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្ដិយស ព្រម​ទាំង​មាន​ចិត្ដ​អង់‌អាច​មោះ‌មុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


គម្រោង‌ការ​ដ៏​លាក់​កំបាំង

14 ខ្ញុំ​សរសេរ​សំបុត្រ​នេះ​ទាំង​សង្ឃឹម​ថា នឹង​បាន​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ

15 ក៏​ប៉ុន្ដែ បើ​ខ្ញុំ​ក្រ​មក​ដល់​សំបុត្រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ត្រូវ​ប្រព្រឹត្ដ​យ៉ាង​ណាៗ ក្នុង​ដំណាក់​របស់​អុលឡោះ គឺ​ក្នុង​ក្រុម‌ជំអះ​របស់​ទ្រង់​ដ៏​នៅ​អស់‌កល្ប។ ក្រុម‌ជំអះ​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ​ទ្រង់​សេចក្ដី​ពិត។

16 យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​នោះ​ធំ​ណាស់ គឺ​ថាៈ អុលឡោះ​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​អាល់ម៉ា‌ហ្សៀស​ក្នុង​ឋានៈ​ជា​មនុស្ស អុលឡោះ​បាន​រាប់​គាត់​ឲ្យ​សុចរិត ដោយ​រស‌អុលឡោះ ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​គាត់ គេ​ប្រកាស​អំពី​គាត់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​លើក​គាត់​ឡើង ឲ្យ​មាន​សិរី‌រុង‌រឿង។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម