ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 1:21 - អាល់គីតាប

ដ្បិត​គេ​បាន​ស្គាល់​អុលឡោះ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ឲ្យ​សម​នឹង​ឋានៈ​របស់​ទ្រង់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​គុណ​អុលឡោះ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះ‌គិត​របស់​ខ្លួន ហើយ​ចិត្ដ​ល្ងី‌ល្ងើ​របស់​គេ ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ​សុង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ មនុស្ស​ស្គាល់​ព្រះ​ហើយ ប៉ុន្តែ​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់ព្រះអង្គ​ឲ្យសមជា​ព្រះ ហើយក៏មិន​អរព្រះគុណ​ដល់ព្រះអង្គ​ដែរ ផ្ទុយទៅវិញ ពួកគេ​ទៅជាឥតបានការ​ក្នុង​គំនិត ហើយ​ចិត្ត​ល្ងីល្ងើ​របស់​ពួកគេ​ទៅជាងងឹត​។

សូមមើលជំពូក

Khmer Christian Bible

​ទោះជា​ពួកគេ​ស្គាល់​ព្រះជាម្ចាស់​ក៏ដោយ​ ក៏​មិន​តម្កើងព្រះអង្គជា​ព្រះជាម្ចាស់​​​ ឬ​អរព្រះគុណ​ព្រះអង្គ​ដែរ​ ផ្ទុយ​ទៅ​វិញ​ គំនិត​របស់​ពួកគេ​ត្រលប់​ជា​គ្មាន​បាន​ការ​ ហើយ​ចិត្ដ​ល្ងង់ខ្លៅ​របស់​ពួកគេ​ក៏​ត្រលប់​ជា​ងងឹត​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ទោះ​ជា​គេ​បាន​ស្គាល់​ព្រះ ក៏​គេ​មិន​បាន​តម្កើង​ព្រះ‌អង្គ​ជា​ព្រះ ឬ​អរ​ព្រះ​គុណ​ព្រះ‌អង្គ​ដែរ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​មាន​គំនិត​ឥត​ប្រយោជន៍ ហើយ​ចិត្ត​ល្ងង់​ខ្លៅ​របស់​គេ ក៏​ត្រឡប់​ជា​ងងឹត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ​ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រោះ​កាល​គេ​បាន​ស្គាល់​ព្រះ នោះ​គេ​មិន​បាន​ដំកើង​ទ្រង់ ទុក​ជា​ព្រះ​ទេ ក៏​មិន​ដឹង​គុណ​ទ្រង់​ដែរ គេ​កើត​មាន​គំនិត​ឥត​ប្រយោជន៍​វិញ ហើយ​ចិត្ត​គេ ដែល​ឥត​យោបល់ ក៏​បាន​ត្រឡប់​ជា​ងងឹត​ទៅ

សូមមើលជំពូក



រ៉ូម 1:21
34 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ឃើញ​ថា មនុស្ស​លោក​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ នៅ​លើ​ផែនដី ហើយ​ពី​ព្រឹក​ដល់​ល្ងាច ចិត្ត​របស់​គេ​ចេះ​តែ​លំអៀង​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្តាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លំអៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។


ពួក​មន្ត្រី​របស់​ស្តេច​ស្រុក​ស៊ីរី​ជម្រាប​ស្តេច​ថា៖ «ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ព្រះ​នៃ​តំបន់​ភ្នំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ពួក​យើង។ ប៉ុន្តែ ប្រសិន​បើ​យើង​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប​វិញ នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន។


ពួក​គេ​បាន​បោះ‌បង់​ចោល​ហ៊ូកុំ​របស់​ទ្រង់ ពួក​គេ​ផ្តាច់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​ដូន‌តា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ទ្រង់​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​ប្រជា‌ជាតិ​ដែលអុលឡោះ‌តាអាឡា​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម។


អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ជូន​ពាក្យ អរ​គុណ​ទុក​ជា​ជំនូន ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​បណ្ដោយ​គេ ទៅ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន គេ​ក៏​នាំ​គ្នា​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត។


អុលឡោះ‌តាអាឡា​អើយ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​នាម​ទ្រង់។


ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា អុលឡោះ​បង្កើត​មនុស្ស​មក​ឲ្យ​បាន​ទៀង​ត្រង់ តែ​មនុស្ស​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ស្មុគ‌ស្មាញ​យ៉ាង​ច្រើន​ទៅ​វិញ។


មើល! ផែនដី​ទាំង​មូល​នៅ​ងងឹត​ស្លុង ហើយ​ភាព​អន្ធការ​គ្រប​លើ​ប្រជា‌ជន​ទាំង‌ឡាយ តែ​ពន្លឺ​របស់អុលឡោះ‌តាអាឡា​រះ​ឡើង​បំភ្លឺ​អ្នក សិរី‌រុង‌រឿង​របស់​ទ្រង់​ក៏​លេច​មក ដូច​ថ្ងៃ​រះ​ចាំង​លើ​អ្នក​ដែរ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​កម្លាំង និង​ជា​កំពែង​ដ៏​រឹង‌មាំ​របស់​ខ្ញុំ នៅ​ពេល​មាន​អាសន្ន ទ្រង់​ជា​ជំរក របស់​ខ្ញុំ។ ប្រជា‌ជាតិ​នានា​ដែល​នៅ​ទី​ដាច់​ស្រយាល នឹង​នាំ​គ្នា​មក​រក​ទ្រង់ ទាំង​ពោល​ថា “ដូនតា​របស់​យើង​បាន​ទទួល​ព្រះ​ក្លែង‌ក្លាយ ទុក​ជា​កេរ​ដំណែល ជា​ព្រះ​ឥត​បាន​ការ គ្មាន​ប្រយោជន៍​អ្វី​សោះ!


ចិត្ត​របស់​មនុស្ស​តែងតែ​វៀច‌វេរ មិន​អាច​កែ​តម្រង់​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: តើ​ដូនតា​របស់​អ្នក​រាល់​គ្នា​ឃើញ​យើង​ធ្វើ​ខុស ត្រង់​ណា បាន​ជា​ពួក​គេ​ឃ្លាត​ចាក​ពី​យើង ហើយ​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ ដូច្នេះ ដែរ?


ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន ហើយ​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល ដូច​ដូនតា​របស់​ខ្លួន​ប្រៀន‌ប្រដៅ»។


ចម្លើយ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​រំជួល​ចិត្ត ដ្បិត​ពួក​គេ​បាន​ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់​គ្នា។


ហេតុ​នេះ យើង​ក៏​ប្រគល់​ច្បាប់​មិន​ល្អ​ដល់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ធ្វើ​តាម​វិន័យ ដែល​ពុំ​ផ្ដល់​ឲ្យ​ពួក​គេ​មាន​ជីវិត។


នាង​ពុំ​បាន​យល់​ថា គឺ​យើង​ឯ‌ណេះ​ទេ ដែល​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ឲ្យ​នាង យើង​ក៏​ផ្ដល់​មាស​ប្រាក់​ជា​ច្រើន​ដល់​នាង​ដែរ តែ​នាង បែរ​ជា​យក​របស់​ទាំង​នោះ​សែន ព្រះ​បាល​ទៅ​វិញ។


ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​មក​ក្នុង​ពិភព​លោក ប៉ុន្ដែ មនុស្ស​លោក​ចូល​ចិត្ដ​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។


ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​អ៊ីព្លេស‌ហ្សៃតន បែរ​មក​រក​អុលឡោះ​វិញ ព្រម​ទាំង​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។


ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​អុលឡោះ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​អុលឡោះ​បាន​សំដែង​ឲ្យ​គេ​ឃើញ។


ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​អុលឡោះ​យ៉ាង​ច្បាស់ ទ្រង់​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ដ​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ដ។


សូម​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត មើល​លែង​ឃើញ ហើយ​សូម​ធ្វើ​ឲ្យ​គេ​កោង​ខ្នង រហូត​ត​ទៅ»។


រីឯ​សាសន៍​ដទៃ​វិញ គេ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ដោយ​ទ្រង់​សំដែង​ចិត្ត​មេត្ដា‌ករុណា​ដល់​គេ ដូច​មាន​ចែង​ទុក​មក​ថាៈ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សរសើ​តម្កើង ទ្រង់ ក្នុង​ចំណោម​ប្រាជា​ជាតិ​នានា ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​នាម​របស់​ទ្រង់»។


អ្នក​នឹង​ដើរ​រាវ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ដើរ​ស្ទាបៗ ក្នុង​ភាព​អន្ធការ។ អ្នក​ពុំ​អាច​សម្រេច​តាម​គម្រោង​ការ​ដែល​អ្នក​រៀប​ចំ​ឡើយ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ​ជាន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ទេ។


មនុស្ស‌ម្នា​នឹង​មាន​ចិត្ដ​អាត្មា​និយម ស្រឡាញ់​ប្រាក់ ក្រអឺត​ក្រទម​អួត​ខ្លួន ប្រមាថ​អុលឡោះ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ រមឹល‌គុណ បំផ្លាញ​អ្វីៗ​ដែល​ជា​សក្ការៈ


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អុលឡោះ​បាន​លោះ​បង​ប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វ‌បុរស​របស់​បង​ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែងតែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ


រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ជា​ក្រុម​អ៊ីមុាំ​របស់​ស្តេច ជា​ជាតិ​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​អុលឡោះ​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​បាន​ហៅ​បង​ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ទ្រង់។


ម៉ាឡា‌អ៊ីកាត់​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ចូរ​នាំ​គ្នា​គោរព​កោត​ខ្លាច​អុលឡោះ និង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដ្បិត​ដល់​ពេល​ទ្រង់​វិនិច្ឆ័យ​ទោស​ហើយ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ ព្រម​ទាំង​ប្រភព​ទឹក​ទាំង‌ឡាយ!»។


ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​នាម​ទ្រង់! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​ទ្រង់! ដ្បិត​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ជា​ម្ចាស់​ដ៏​វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍ នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌»។