Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កិច្ចការ 26 - អាល់គីតាប


លោក​ប៉ូល​ឆ្លើយ​ការ‌ពារ​ខ្លួន​នៅ​មុខ​ស្តេច​អគ្រីប៉ា

1 ស្តេច​អគ្រីប៉ា​បាន​ប្រាប់​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការ‌ពារ​ខ្លួន​នៅ​ពេល​នេះ​បាន!»។ លោក​ប៉ូល​លើក​ដៃ​ឡើង មាន​ប្រសាសន៍​ថា៖

2 «សូម​ជម្រាប​ស្តេច ខ្ញុំ​មាន​កិត្ដិយស​ធំ​ណាស់ ដោយ​អាច​ឆ្លើយ​ការ‌ពារ​ខ្លួន នៅ​ចំពោះ​មុខ​ស្តេច​ថ្ងៃ​នេះ អំពី​ពាក្យ​បណ្ដឹង​ទាំង​ប៉ុន្មាន​ដែល​សាសន៍​យូដា​ចោទ​ខ្ញុំ

3 ដ្បិត​ស្តេច​ជ្រាប​យ៉ាង​ច្បាស់ អំពី​ទំនៀម‌ទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែក​ញែក។ ហេតុ​នេះ សូម​ស្តេច​មេត្ដា​ស្តាប់​ខ្ញុំ ដោយ​អនុ‌គ្រោះ​ផង។

4 ជន‌ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ខ្ញុំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ គេ​ក៏​ដឹង​ថា​តាំង​ពី​ដើម​មក ខ្ញុំ​រស់​នៅ​កណ្ដាល​ចំណោម​ជន‌ជាតិ​របស់​ខ្ញុំ និង​នៅ​ក្រុង​យេរូ‌សាឡឹម​របៀប​ណា​ដែរ។

5 គេ​បាន​ស្គាល់​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ ពី​ដើម ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ដែល​ជា​គណៈ​តឹង‌រ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង ប្រសិន​បើ​ពួក​គេ​ចង់ ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​បាន។

6 ប៉ុន្ដែ ឥឡូវ​នេះ គេ​យក​ខ្ញុំ​មក​វិនិច្ឆ័យ​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​លើ​បន្ទូល ដែល​អុលឡោះ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង។

7 កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​យើង​នាំ​គ្នា​គោរព​បម្រើ​អុលឡោះ ទាំង​យប់ ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា បន្ទូល​សន្យា​នៃ​អុលឡោះ​នោះ នឹង​បាន​សម្រេច។ សូម​ជម្រាប​ស្តេច ជន‌ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។

8 ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​យល់​ថា ការ​ដែល​អុលឡោះ​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​រស់​ឡើង​វិញ ជា​ការ​មួយ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ!

9 ចំណែក​ឯ​ខ្ញុំ​ផ្ទាល់ ពី​ដើម​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​នាម​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត​គ្រប់​យ៉ាង​ទាំង​អស់

10 ហើយ​ខ្ញុំ​បាន​ប្រព្រឹត្ដ​ដូច្នេះ នៅ​ក្រុង​យេរូ‌សាឡឹម​មែន គឺ​ខ្ញុំ​បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុម​អ៊ីមុាំ ដើម្បី​ចាប់​អស់​អ្នក​ដែល​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់ ជា​ច្រើន​នាក់​យក​ទៅ​ឃុំ‌ឃាំង។ នៅ​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ ខ្ញុំ​ក៏​យល់​ស្រប​ជា​មួយ​ដែរ។

11 ខ្ញុំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យ​គេ​លះ‌បង់​ចោល​ជំនឿ​របស់​ខ្លួន។ ខ្ញុំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀត‌បៀន​គេ​ក្នុង​ក្រុង​នានា នៅ​បរទេស​ផង។

12 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស​ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ក្រុម​អ៊ីមុាំ។

13 សូម​ជម្រាប​ស្តេច នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ខ្ញុំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត​ចាំង​ពី​លើ​មេឃ​មក​លើ​ខ្ញុំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ខ្ញុំ។

14 ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេប្រឺ​ថា “សូល​សូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ​មិន​កើត​ទេ”។

15 ខ្ញុំ​បាន​តប​ទៅ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ម្ចាស់​ជា​នរណា?”។ អ៊ីសា‌ជាអម្ចាស់​បាន​ប្រាប់​មក​ខ្ញុំ​វិញ​ថា “ខ្ញុំ​ជា​អ៊ីសា​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន។

16 ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ មក​ពី​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ឲ្យ​បម្រើ ព្រម​ទាំង​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​នេះ និង​ហេតុ‌ការណ៍​ឯ​ទៀតៗ ដែល​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​ខាង​មុខ។

17 ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រ‌អែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ទាំង​នោះ

18 ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​អ៊ីព្លេស‌ហ្សៃតន បែរ​មក​រក​អុលឡោះ​វិញ ព្រម​ទាំង​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។

19 សូម​ជម្រាប​ស្តេច ខ្ញុំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ​ដែល​ខ្ញុំ​និមិត្ដ​ឃើញ​នោះ​ឡើយ។

20 ខ្ញុំ​បាន​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត និង​បែរ​មក​រក​អុលឡោះ ដោយ​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ដ​គំនិត​មែន។

21 មក​ពី​ហេតុ​នេះ​ហើយ​បាន​ជា​សាសន៍​យូដា​នាំ​គ្នា​ចាប់​ខ្ញុំ​នៅ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ខ្ញុំ​ផង។

22 ប៉ុន្ដែ ដោយ​អុលឡោះ​ការ‌ពារ​ខ្ញុំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ខ្ញុំ​នៅ​តែ​ផ្ដល់​សក្ខី‌ភាព​អំពី​ទ្រង់ នៅ​ចំពោះ​មុខ​អ្នក​តូច​អ្នក​ធំ។ ខ្ញុំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ណាពី និង​ម៉ូសា បាន​ថ្លែង​ទុក​អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ

23 ពោល​គឺ​អាល់ម៉ា‌ហ្សៀស​បាន​រង​ទុក្ខ​លំបាក ហើយ​បាន​រស់​ឡើង​វិញ​មុន​គេ​បង្អស់ គាត់​នឹង​ប្រទាន​ដំណឹង​អំពី​ពន្លឺ​នៃ​ការ​សង្គ្រោះ ប្រាប់​សាសន៍​អ៊ីស្រ‌អែល និង​សាសន៍​ដទៃ»។

24 កាល​លោក​ប៉ូល​កំពុង​មាន​ប្រសាសន៍​ការ‌ពារ​ខ្លួន​ដូច្នេះ លោក​ភេស្ទុស​ក៏​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ប៉ូល​អើយ អ្នក​វង្វេង​ស្មារតី​ហើយ! គឺ​អ្នក​រៀន​សូត្រ​ច្រើន​ពេក បាន​ជា​ត្រឡប់​ទៅ​ជា​វង្វេង​ស្មារតី​ដូច្នេះ!»។

25 លោក​ប៉ូល​តប​វិញ​ថា៖ «សូម​ជម្រាប​ឯក‌ឧត្ដម​ភេស្ទុស ខ្ញុំ​មិន​មែន​វង្វេង​ស្មារតី​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​និយាយ​តែ​ពាក្យ​ពិត មាន​ន័យ​ត្រឹម​ត្រូវ។

26 ស្តេច​ក៏​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​នេះ រួច​ស្រេច​ទៅ​ហើយ​ដែរ ខ្ញុំ​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​ស្តេច ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ស្តេច​ជ្រាប​ទាំង​អស់ ព្រោះ​ហេតុ‌ការណ៍​នេះ​មិន​មែន​កើត​ឡើង​ស្ងាត់ៗ នៅ​កៀន​កោះ​ណា​មួយ​នោះ​ទេ។

27 សូម​ជម្រាប​ស្តេច តើ​ស្តេច​ជឿ​ពួក​ណាពី​ឬ​ទេ? ខ្ញុំ​ដឹង​ថា ស្តេច​ពិត​ជា​ជឿ​មែន!»។

28 ស្តេច​អគ្រីប៉ា​បាន​ប្រាប់​ទៅ​លោក​ប៉ូល​ថា៖ «នៅ​តែ​បន្ដិច​ទៀត អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​អូមាត់‌អ៊ីសា​ហើយ!»។

29 លោក​ប៉ូល​ឆ្លើយ​តប​វិញ​ថា៖ «ទោះ​បី​នៅ​តែ​បន្ដិច​ទៀត ឬ​យូរ​ទៀត​ក្ដី ខ្ញុំ​អង្វរ​អុលឡោះ សូម​ទ្រង់​ប្រោស‌ប្រណី មិន​ត្រឹម​តែ​ដល់​ស្តេច​ប៉ុណ្ណោះ​ទេ គឺ​ដល់​អស់​លោក​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ សូម​ឲ្យ​ស្តេច និង​អស់​លោក​បាន​ដូច​ខ្ញុំ​ដែរ លើក‌លែង​តែ​ការ​ជាប់​ច្រវាក់​នេះ​ចេញ!»។

30 ស្តេច លោក​ទេសា‌ភិបាល ព្រម​ទាំង​ម្ចាស់‌ក្សត្រីយ៍​បេរេនីស និង​អ្នក​ឯ​ទៀតៗ​ដែល​អង្គុយ​នៅ​ទី​នោះ បាន​នាំ​គ្នា​ក្រោក​ឡើង

31 ហើយ​ចាក​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖ «បុរស​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ច្រវាក់​ឡើយ»។

32 ស្តេច​អគ្រីប៉ា​បាន​ប្រាប់​ទៅ​កាន់ លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ស្តេច​អធិ‌រាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម