Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 86 - អាល់គីតាប


សូម​ថែ‌រក្សា​ជីវិត​ខ្ញុំ​ផង!
ពាក្យ​ទូរអា​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្តាប់​ខ្ញុំ ហើយ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ផង ដ្បិត​ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត!

2 សូម​រក្សា​ការពារ​ជីវិត​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​សង្គ្រោះ​អ្នក​បម្រើ​របស់​ទ្រង់ ដែល​បាន​ផ្ញើ​ជីវិត​លើ​ទ្រង់​នេះ​ផង!

3 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ ដ្បិត​ខ្ញុំ​ស្រែក​អង្វរ​រក​ទ្រង់​ពេញ​មួយ​ថ្ងៃ។

4 សូម​ប្រោស​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​មាន​អំណរ​សប្បាយ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ទ្រង់

5 ឱ​អុលឡោះ‌តាអាឡា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ប្រកប​ដោយ​ចិត្ត​សប្បុរស និង​ចេះ​អត់‌អោន​ឲ្យ​យើង​ខ្ញុំ ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​លើស‌លប់ ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ទ្រង់។

6 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មេត្តា ស្ដាប់​ពាក្យ​ទូរអា​របស់​ខ្ញុំ សូម​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ផង។

7 នៅ​ថ្ងៃ​មាន​អាសន្ន ខ្ញុំ​អង្វរ​រក​ទ្រង់ ដ្បិត​ទ្រង់​ឆ្លើយ​តប​មក​ខ្ញុំ។

8 ឱ​អុលឡោះ‌តាអាឡា​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ទ្រង់​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ទ្រង់​ឡើយ។

9 អុលឡោះ‌តាអាឡា​អើយ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​នាម​ទ្រង់។

10 ដ្បិត​អុលឡោះ​ដ៏​ឧត្តុង្គ‌ឧត្ដម ទ្រង់​ធ្វើ​ការ​អស្ចារ្យ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់។

11 អុលឡោះ‌តាអាឡា​អើយ សូម​បង្រៀន​ខ្ញុំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ទ្រង់ ខ្ញុំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ទ្រង់ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​កោត​ខ្លាច​នាម​ទ្រង់។

12 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​លើក​តម្កើង​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត ខ្ញុំ​នឹង​លើក​តម្កើង​សិរី‌រុង‌រឿង នាម​របស់​ទ្រង់​រហូត​ត​ទៅ

13 ដ្បិត​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ចំពោះ​ខ្ញុំ​ខ្លាំង​ណាស់ ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ ឲ្យ​រួច​ផុត​ពី​មច្ចុរាជ។

14 ឱ​អុលឡោះ​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ខ្ញុំ អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ទ្រង់​ទេ។

15 អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​ចិត្ត​អាណិត‌អាសូរ ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។

16 សូម​បែរ​មក​មើល​ខ្ញុំ សូម​ប្រណី​សន្ដោស​ខ្ញុំ សូម​ប្រទាន​កម្លាំង​មក​ខ្ញុំ ហើយ​សង្គ្រោះ​ខ្ញុំ ដែល​ជា​ខ្ញុំ​បម្រើ​របស់​ទ្រង់​ផង!។

17 សូម​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​មួយ ចំពោះ​ខ្ញុំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឃើញ ហើយ​ត្រូវ​អាម៉ាស់។ ឱ​អុលឡោះ‌តាអាឡា​អើយ មាន​តែ​ទ្រង់​ទេ​ដែល​ជួយ​សង្គ្រោះ និង​សំរាល​ទុក្ខ​ខ្ញុំ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម