សាស្តា 7 - អាល់គីតាប1 កេរ្តិ៍ឈ្មោះល្អ ប្រសើរជាងទឹកអប់ដ៏ក្រអូប ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។ 2 ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់ ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗគ្នា។ 3 ទុក្ខព្រួយប្រសើរជាងសើចសប្បាយ ដ្បិតទឹកមុខក្រៀមក្រំអាចបង្កប់នូវ ចិត្តអរសប្បាយ។ 4 មនុស្សមានប្រាជ្ញាតែងចូលចិត្តនៅជាមួយ អ្នកមានទុក្ខ រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា ដែលមានការសប្បាយ។ 5 ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់ មនុស្សល្ងីល្ងើ។ 6 សំណើចរបស់មនុស្សលេលាប្រៀបបីដូចជា ស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។ ត្រង់នេះក៏ឥតបានការអ្វីដែរ។ 7 ពេលណាអ្នកប្រាជ្ញប្រើអំណាចសង្កត់សង្កិន អ្នកដទៃ អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា ហើយសំណូកក៏រមែងធ្វើឲ្យ មនុស្សពុករលួយដែរ។ 8 បង្ហើយការងារអ្វីមួយ វិសេសជាងចាប់ផ្ដើម ចិត្តអត់ធ្មត់ ក៏វិសេសជាងចិត្តអួតបំប៉ោងដែរ។ 9 កុំឆាប់មានចិត្តមួម៉ៅឡើយ ដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះ ដែលរហ័សមួម៉ៅ។ 10 មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះមិនមែនមកពីប្រាជ្ញាទេ។ 11 ប្រាជ្ញាមានតម្លៃដូចកេរមត៌ក ហើយតែងតែផ្ដល់ផលប្រយោជន៍ឲ្យមនុស្សគ្រប់ៗគ្នា។ 12 ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។ 13 ចូរសង្កេតមើលកិច្ចការដែលអុលឡោះធ្វើ។ អ្វីៗដែលទ្រង់ធ្វើឲ្យកោង នោះគ្មាននរណាអាចពត់ឲ្យត្រង់បានឡើយ។ 14 នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ អុលឡោះធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។ អំពើបាបរបស់មនុស្ស 15 ក្នុងជីវិតដ៏ឥតន័យរបស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។ 16 កុំសុចរិតជ្រុលពេក ហើយក៏កុំបង្ហាញថាខ្លួនមានប្រាជ្ញាជ្រុលពេកដែរ ក្រែងនាំឲ្យខ្លួនវិនាស។ 17 កុំបណ្ដោយខ្លួនឲ្យអាក្រក់ហួសហេតុ ហើយក៏កុំលេលាឲ្យសោះ ក្រែងនាំឲ្យខ្លួនអាយុខ្លី។ 18 ត្រូវតែទទួលយកយោបល់ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចអុលឡោះនៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។ 19 ប្រាជ្ញារមែងធ្វើឲ្យអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។ 20 នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។ 21 ហេតុនេះ កុំយកចិត្តទុកដាក់ស្ដាប់ពាក្យសំដីទាំងប៉ុន្មាន ដែលមនុស្សម្នានិយាយឡើយ បើមិនដូច្នោះទេ ក្រែងលោអ្នកឮខ្ញុំបម្រើរបស់អ្នកនិយាយអាក្រក់ពីអ្នក។ 22 អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។ 23 ខ្ញុំពិនិត្យពិច័យមើលហេតុការណ៍ទាំងនេះដោយប្រើប្រាជ្ញា ហើយខ្ញុំគិតថា ខ្ញុំនឹងមានប្រាជ្ញា តែប្រាជ្ញាស្ថិតនៅឆ្ងាយពីខ្ញុំនៅឡើយ។ 24 អ្វីៗដែលមានសព្វថ្ងៃហាក់ដូចជានៅឆ្ងាយ ហើយជ្រៅបំផុត គ្មាននរណាអាចយល់បានទេ។ 25 ខ្ញុំយកចិត្តទុកដាក់ស្វែងយល់ ខិតខំពិចារណា ព្រមទាំងស្វែងរកប្រាជ្ញា និងគម្រោងការហ៍។ ខ្ញុំក៏យល់ថាអំពើអាក្រក់ជាការឆោតល្ងង់ ហើយភាពល្ងីល្ងើជាការលេលាបំផុត។ 26 ខ្ញុំបានឃើញទៀតថា ស្ត្រីៗអាក្រក់ដែលជាអន្ទាក់នាំឲ្យខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ចិត្តអុលឡោះរមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។ 27 តួនមានប្រសាសន៍ទៀតថា៖ ខ្ញុំយល់ឃើញដូចតទៅ: ខ្ញុំបានសង្កេតមើលហេតុការណ៍ទាំងនេះម្ដងមួយៗ ដើម្បីស្វែងរកហេតុផល 28 ក៏ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។ 29 ខ្ញុំគ្រាន់តែយល់ឃើញថា អុលឡោះបង្កើតមនុស្សមកឲ្យបានទៀងត្រង់ តែមនុស្សធ្វើឲ្យខ្លួនឯងក្លាយជាស្មុគស្មាញយ៉ាងច្រើនទៅវិញ។ |
© 2014 United Bible Societies, UK.
United Bible Societies