Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ពង្សាវ‌តារ‌ក្សត្រ 20 - អាល់គីតាប


ស្តេច​ស្រុក​ស៊ីរី​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី

1 ស្តេច​បេនហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី បាន​ប្រមូល​កង‌ទ័ព​ទាំង​មូល ហើយ​មាន​ស្តេច​សម្ពន្ធ‌មិត្ត​សាម‌សិប​ពីរ​នាក់ ព្រម​ទាំង​កង‌ពល​សេះ និង​រទេះ​ចំបាំង​រួម​ជា​មួយ​ផង លើក​គ្នា​មក​ឡោម‌ព័ទ្ធ និង​វាយ​លុក​ក្រុង​សាម៉ារី។

2 ស្តេច​ស្រុក​ស៊ីរី​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​អហាប់ ជា​ស្តេច​អ៊ីស្រ‌អែល​ដូច​ត​ទៅ៖

3 ស្តេច​បេនហា‌ដាដ​ជម្រាប​ថា៖ «មាស​ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ស្តេច​អ៊ីស្រ‌អែល​សុទ្ធ​តែ​ជា​របស់​យើង»។

4 ស្តេច​អ៊ីស្រ‌អែល​ឆ្លើយ​តប​ថា៖ «សូម​ជម្រាប រូប​ខ្ញុំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​សុទ្ធ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ដូច​ស្តេច​មាន​ប្រសាសន៍​មែន»។

5 អ្នក​នាំ​សារ​មក​ជួប​ស្តេច​អហាប់​ជា​ថ្មី​ជម្រាប​ថា៖ «ស្តេច​បេន-ហា‌ដាឌ​មាន​ប្រសាសន៍​ដូច​ត​ទៅ: យើង​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ស្តេច​ថា ត្រូវ​ប្រគល់​មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​របស់​ស្តេច​មក​ឲ្យ​យើង។

6 ដូច្នេះ​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ចាត់​អ្នក​បម្រើ​ឲ្យ​មក​ជួប​ស្តេច ពួក​គេ​នឹង​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ដំណាក់​ស្តេច និង​ក្នុង​ផ្ទះ​សម្បែង​របស់​អ្នក​បម្រើ គឺ​ពួក​គេ​ប្រមូល​យក​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​ស្រឡាញ់​ពេញ​ចិត្ត»។

7 ស្តេច​ស្រុក​អ៊ីស្រ‌អែល​កោះ​ហៅ​អះលី‌ជំអះ​ទាំង​អស់​ក្នុង​ស្រុក ហើយ​ប្រាប់​ថា៖ «សូម​អស់​លោក​ពិចារ‌ណា​មើល ស្តេច​នោះ​ចង់​បង្ក​រឿង​ហេតុ​ជា​មួយ​យើង​ហើយ! ដ្បិត​ស្តេច​បាន​ចាត់​គេ​ឲ្យ​មក​ទាម‌ទារ​ពួក​ស្រី​ស្នំ និង​បុត្រា ព្រម​ទាំង​មាស​ប្រាក់​របស់​យើង ហើយ​យើង​ពុំ​បាន​បដិសេធ​ទេ!»។

8 ពួក​អះលី‌ជំអះ និង​ប្រជា‌ជន​ទាំង​មូល​ជម្រាប​ស្តេច​អហាប់៖ «សូម​ស្តេច​កុំ​ស្តាប់ និង​យល់​ព្រម​តាម​ពាក្យ​ស្តេច​នោះ​ឡើយ!»។

9 ពេល​នោះ ស្តេច​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​នាំ​សារ​របស់​ស្តេច​បេនហា‌ដាដាដ​ថា៖ «ចូរ​ទៅ​ជម្រាប​ស្តេច​ដូច​ត​ទៅ: សេចក្តី​ទាំង​ប៉ុន្មាន ដែល​ស្តេច​ចាត់​គេ ឲ្យ​មក​ទាម‌ទារ​ពី​ខ្ញុំ​លើក​ដំបូង​នោះ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម តែ​ខ្ញុំ​ពុំ​អាច​ធ្វើ​តាម​សេចក្តី​ដែល​ស្តេច​ទាម‌ទារ ជា​លើក​ទី​ពីរ​នេះ​បាន​ទេ»។ អ្នក​នាំ​សារ​យក​ពាក្យ​នេះ​ទៅ​ជម្រាប​ស្តេច​បេនហា‌ដាដាដ​វិញ។

10 ស្តេច​បេនហា‌ដាដាដ​ចាត់​គេ​ឲ្យ​មក​ជម្រាប​ស្តេច​អហាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល​ទាហាន​របស់​យើង​កំទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។

11 ស្តេច​អ៊ីស្រ‌អែល​ប្រាប់​គេ​ឲ្យ​ជម្រាប​ស្តេច​បេនហា‌ដាដ​ដូច​ត​ទៅ: «“អ្នក​ដែល​ចេញ​ទៅ​ច្បាំង មិន​ត្រូវ​អួត‌អាង​ដូច​អ្នក​ច្បាំង​ឈ្នះ​នោះ​ឡើយ!”»។

12 ស្តេច​បេនហា‌ដាដ​ឮ​ពាក្យ​នេះ នៅ​ពេល​កំពុង​ផឹក​សុរា​ជា​មួយ​ស្តេច​សម្ពន្ធ‌មិត្ត​នៅ​ក្នុង​ជំរំ។ ស្តេច​បញ្ជា​ពល​ទាហាន​ថា៖ «ចូរ​រៀប‌ចំ​ខ្លួន​ប្រយុទ្ធ!»។ ពួក​គេ​ក៏​រៀប‌ចំ​ទ័ព​បម្រុង​នឹង​វាយ​លុក​ទី‌ក្រុង។


ស្តេច​អហាប់​ទទួល​ជ័យ‌ជំនះ

13 ពេល​នោះ​មាន​ណាពី​ម្នាក់ ចូល​មក​ជួប​ស្តេច​អហាប់ ជា​ស្តេច​អ៊ីស្រ‌អែល​ដោយ​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: តើ​អ្នក​ឃើញ​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​ទេ? យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។

14 ស្តេច​អហាប់​សួរ​ថា៖ «តើ​ទ្រង់​ប្រគល់​ពួក​គេ​មក​ឲ្យ​ខ្ញុំ​តាម​រយៈ​នរណា?»។ ណាពី​នោះ​ជម្រាប​ស្តេច​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា តាម​រយៈ​ពួក​សេនា‌ជន ដែល​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ជ្រើស​រើស»។ ស្តេច​អហាប់​មាន​ប្រសាសន៍​ទៀត​ថា៖ «តើ​នរណា​នាំ​ទ័ព​ចេញ​ទៅ​ច្បាំង?»។ ណាពី​ឆ្លើយ​ថា៖ «ស្តេច!»។

15 ស្តេច​អហាប់​ដើរ​ត្រួត​ពល​សេនា‌ជន​របស់​ពួក​ចៅហ្វាយ​ខេត្ត ឃើញ​មាន​ចំនួន​ពីរ​រយ​សាម‌សិប​ពីរ​នាក់។ បន្ទាប់​មក ស្តេច​ត្រួត​ពល​ទ័ព​អ៊ីស្រ‌អែល ឃើញ​មាន​ចំនួន​ទាំង​អស់​ប្រាំ​ពីរ​ពាន់​នាក់។

16 អ៊ីស្រ‌អែល​លើក​ទ័ព​ចេញ​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់។ ពេល​នោះ​ស្តេច​បេនហា‌ដាដ​កំពុង​ផឹក​សុរា​ស្រវឹង ជា​មួយ​ស្តេច​សម្ពន្ធ‌មិត្ត​ទាំង​សាម‌សិប‌ពីរ​នាក់​ទៀត​នៅ​ក្នុង​ជំរំ។

17 ពួក​សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត​ចេញ​មុន​គេ។ ស្តេច​បេនហា‌ដាដ​ចាត់​គេ​ឲ្យ​ទៅ​មើល​សភាព‌ការណ៍ គេ​ក៏​រាយ‌ការណ៍​ជូន​ស្តេច​ថា៖ «មាន​មនុស្ស​ចេញ​ពី​ទី‌ក្រុង​សាម៉ារី»។

18 ស្តេច​មាន​ប្រសាសន៍​ថា៖ «ទោះ​បី​ពួក​គេ​ចេញ​មក​សុំ​ចុះ​ចូល​ក្តី ឬ​ចេញ​មក​ច្បាំង​ក្តី ត្រូវ​ចាប់​ពួក​គេ​ទាំង​រស់»។

19 សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត នាំ​គ្នា​ចេញ​ពី​ទី‌ក្រុង ហើយ​មាន​កង‌ទ័ព​ចេញ​មក​តាម​ក្រោយ។

20 ពួក​គេ​វាយ​សត្រូវ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ពួក​ស៊ីរី​បាក់​ទ័ព ហើយ​អ៊ីស្រ‌អែល​នាំ​គ្នា​ដេញ​តាម។ រីឯ​ស្តេច​បេនហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី​ជិះ​សេះ​រត់​ទៅ​ជា​មួយ​ពល​ទ័ព​សេះ​ខ្លះ​ទៀត។

21 ស្តេច​ស្រុក​អ៊ីស្រ‌អែល​ចេញ​មក​វាយ​ពល​ទ័ព​សេះ និង​រទេះ​ចំបាំង ធ្វើ​ឲ្យ​កង‌ទ័ព​ស៊ីរី​បរា‌ជ័យ​យ៉ាង​ធ្ងន់។

22 ពេល​នោះ​ណាពី​ចូល​ទៅ​ជួប​ស្តេច​អ៊ីស្រ‌អែល ហើយ​ជម្រាប​ថា៖ «សូម​ស្តេច​ក្លាហាន​ឡើង ហើយ​សូម​ទ្រង់​បង្ហាញ​មើល​ថា តើ​ស្តេច​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​ឆ្នាំ​ក្រោយ​ស្តេច​ស្រុក​ស៊ីរី​មុខ​ជា​លើក​ទ័ព​មក​ច្បាំង​នឹង​ស្តេច​ទៀត​មិន​ខាន»។


ស្តេច​អហាប់​ទទួល​ជ័យ‌ជំនះ​ជា​ថ្មី

23 ពួក​មន្ត្រី​របស់​ស្តេច​ស្រុក​ស៊ីរី​ជម្រាប​ស្តេច​ថា៖ «ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ព្រះ​នៃ​តំបន់​ភ្នំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ពួក​យើង។ ប៉ុន្តែ ប្រសិន​បើ​យើង​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប​វិញ នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន។

24 សូម​ស្តេច​ធ្វើ​ដូច​ត​ទៅ គឺ​ដក​ស្តេច​សម្ពន្ធ​មិត្ត​ទាំង​អស់ ចេញ​ពី​មុខ​តំណែង ហើយ​តែង‌តាំង​ចៅហ្វាយ​ខេត្ត​ជំនួស​វិញ។

25 រីឯ​ស្តេច​វិញ សូម​ប្រមូល​ទ័ព​ឲ្យ​បាន​ច្រើន ស្មើ​នឹង​ចំនួន​ទ័ព​ដែល​ស្តេច​បាន​បាត់​បង់ គឺ​មាន​ពល​ទ័ព​សេះ និង​រទេះ​ចំបាំង​ស្មើ​នឹង​ទ័ព​លើក​មុន​ដែរ។ បន្ទាប់​មក យើង​ចេញ​ទៅ​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន»។ ស្តេច​ក៏​យល់​ព្រម​ធ្វើ​តាម​យោបល់​របស់​មន្ត្រី​ទាំង​នោះ។

26 មួយ​ឆ្នាំ​ក្រោយ​មក ស្តេច​បេនហា‌ដាដ​ដើរ​ត្រួត​ពល​ទាហាន​ស៊ីរី ហើយ​លើក​ទ័ព​ឆ្ពោះ​ទៅ​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​អ៊ីស្រ‌អែល។

27 ស្តេច​អហាប់​ដើរ​ត្រួត​ពល​ទ័ព​អ៊ីស្រ‌អែល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ រួច​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រ‌អែល​បោះ​ជំរំ ទល់​មុខ​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រ‌អែល​ប្រៀប​បាន​នឹង​ពពែ​ពីរ​ហ្វូង​តូចៗ រីឯ​កង‌ទ័ព​ស៊ីរី​វិញ ស្ថិត​នៅ​ពាស‌ពេញ​តំបន់​នោះ។

28 អ្នក​នាំ​សារ​របស់​អុលឡោះចូល​ជួប​ស្តេច​អ៊ីស្រ‌អែល ហើយ​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ដោយ​ជន‌ជាតិ​ស៊ីរី​ពោល​ថាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​តំបន់​ភ្នំ គឺ​មិន​មែន​ជា​ម្ចាស់​នៃ​វាល​ទំនាប​ទេ​នោះ យើង​នឹង​ប្រគល់​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា​យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។

29 កង‌ទ័ព​ទាំង​ពីរ​បោះ​ជំរំ​ទល់​មុខ​គ្នា អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ការ​ប្រយុទ្ធ​ក៏​កើត​ឡើង ហើយ​កង‌ទ័ព​អ៊ីស្រ‌អែល​វាយ​កង‌ពល​ថ្មើរ​ជើង​របស់​ជន‌ជាតិ​ស៊ីរី ស្លាប់​អស់​មួយ​សែន​នាក់ ក្នុង​ពេល​តែ​មួយ​ថ្ងៃ។

30 រីឯ​ទាហាន​ដែល​នៅ​សេស‌សល់ នាំ​គ្នា​រត់​ចូល​ក្នុង​ក្រុង​អាផែក តែ​ត្រូវ​កំពែង​ក្រុង​រំលំ​សង្កត់​ស្លាប់​អស់​ពីរ​ម៉ឺន​ប្រាំ​ពីរ​ពាន់​នាក់។ ស្តេច​បេនហា‌ដាដ​រត់​ទៅ​ដល់​ទី‌ក្រុង ហើយ​ចូល​ទៅ​ពួន​ក្នុង​បន្ទប់​មួយ។


ស្តេច​អហាប់​ទុក​ជីវិត​ឲ្យ​ស្តេច​ស្រុក​ស៊ីរី

31 ពួក​មន្ត្រី​ជម្រាប​ថា៖ «ខ្ញុំ​ឮ​គេ​និយាយ​ថា​ស្តេច​អ៊ីស្រ‌អែល សុទ្ធ​តែ​ជា​ស្តេច​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដូច្នេះ​ខ្ញុំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ​ពួរ​មក​ពាក់​ក រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្តេច​អ៊ីស្រ‌អែល នោះ​ប្រហែល​ជា​ស្តេច​នឹង​ទុក​ជីវិត​ស្តេច»។

32 ពួក​គេ​នាំ​គ្នា​យក​បាវ​មក​ស្លៀក យក​ខ្សែ​មក​ពាក់​នៅ​ក រួច​ចេញ​ទៅ​ជួប​ស្តេច​ស្រុក​អ៊ីស្រ‌អែល ហើយ​ជម្រាប​ថា៖ «ស្តេច​បេនហា‌ដាដ ជា​អ្នក​បម្រើ​របស់​ស្តេច​ជម្រាប​ថា “សូម​ស្តេច​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ផង”»។ ស្តេច​អហាប់​មាន​ប្រសាសន៍​ថា៖ «តើ​ស្តេច​នៅ​រស់​ទេ​ឬ? គាត់​ក៏​ជា​បង​ប្អូន​នឹង​យើង​ដែរ!»។

33 កាល​ពួក​មន្ត្រី​ឃើញ​ថា ឱកាស​ល្អ​ហុច​ឲ្យ​ដូច្នេះ ពួក​គេ​ក៏​ប្រញាប់​ជម្រាប​ស្តេច​វិញ​ថា៖ «ស្តេច​បេនហា‌ដាដ ពិត​ជា​បង​ប្អូន​របស់​ស្តេច​មែន!»។ ស្តេច​អហាប់​មាន​ប្រសាសន៍​ថា៖ «ចូល​ទៅ​អញ្ជើញ​ស្តេច​មក»។ ស្តេច​បេនហា‌ដាដ ក៏​ចេញ​មក​ជួប​ស្តេច​អហាប់ ហើយ​ស្តេច​អហាប់​ឲ្យ​ស្តេច​បេនហា‌ដាដ ឡើង​ជិះ​រទេះ​ជា​មួយ។

34 ស្តេច​បេនហា‌ដាដ​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​អហាប់​ថា៖ «ខ្ញុំ​សូម​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន ដែល​បិតា​របស់​ខ្ញុំ​បាន​ដណ្តើម​យក​ពី​បិតា​របស់​ស្តេច ជូន​ស្តេច​វិញ។ ស្តេច​អាច​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​របស់​ស្តេច ទៅ​លក់​ក្នុង​ក្រុង​ដាម៉ាស ដូច​បិតា​របស់​ខ្ញុំ​ធ្លាប់​នាំ​យក​ផលិត​ផល​ទៅ​លក់​នៅ​ក្រុង​សាម៉ារី​ដែរ»។ ស្តេច​អហាប់​មាន​ប្រសាសន៍​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ស្តេច រួច​ខ្ញុំ​នឹង​បើក​ឲ្យ​ស្តេច​ត្រឡប់​ទៅ​ស្រុក​វិញ»។ ស្តេច​អហាប់​ក៏​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ស្តេច​បេនហា‌ដាដ រួច​ហើយ​បើក​ឲ្យ​ស្តេច​បេនហា‌ដាដ ត្រឡប់​ទៅ​ស្រុក​វិញ។


អុលឡោះ​ដាក់​ទោស​ស្តេច​អហាប់

35 មាន​បុរស​ម្នាក់ ដែល​ជា​សមាជិក​របស់​ក្រុម​ណាពី ពោល​ទៅ​មិត្ត​របស់​ខ្លួន ក្នុង​នាមអុលឡោះ‌តាអាឡា​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ ប៉ុន្តែ អ្នក​នោះ​មិន​ព្រម​វាយ​ទេ។

36 ណាពី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា​ដូច្នេះ កាល​ណា​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សឹង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ ជួប​សត្វ​សឹង្ហ​ហើយ សឹង្ហ​ក៏​សម្លាប់​គាត់។

37 បន្ទាប់​មក ណាពី​ជួប​បុរស​ម្នាក់​ទៀត ហើយ​ពោល​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ បុរស​នោះ​ក៏​វាយ​គាត់​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​មាន​របួស។

38 ណាពី​នោះ​ក៏​ក្លែង​ខ្លួន ហើយ​ឃ្លុំ​មុខ​ជិត​ដើម្បី​កុំ​ឲ្យ​នរណា​ស្គាល់ រួច​ចេញ​ទៅ​រង់‌ចាំ​ស្តេច​អហាប់​នៅ​តាម​ផ្លូវ។

39 កាល​ស្តេច​មក​កាត់​តាម​ផ្លូវ​នោះ គាត់​ក៏​ស្រែក​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ​បាន​ចេញ​ទៅ​ច្បាំង ពេល​នោះ​មាន​ម្នាក់​ចេញ​ពី​សមរ‌ភូមិ ហើយ​នាំ​ឈ្លើយ​សឹក​ម្នាក់​មក​ឲ្យ​ខ្ញុំ ដោយ​បញ្ជា​ថា “ចូរ​មើល​ឈ្លើយ​សឹក​នេះ​ផង! ប្រសិន​បើ​គេ​រត់​រួច អ្នក​ត្រូវ​យក​ជីវិត​សង​ជំនួស ឬ​ត្រូវ​យក​ប្រាក់​ប្រាំ​បួន​រយ​តម្លឹង​មក​សង​ខ្ញុំ”។

40 ប៉ុន្តែ កាល​ខ្ញុំ​ជាប់​រវល់​ធ្វើ​នេះ​ធ្វើ​នោះ ឈ្លើយ​សឹក​ក៏​រត់​បាត់​ទៅ»។ ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​មក​គាត់​ថា៖ «អ្នក​កាត់​ទោស​ខ្លួន​ឯង​ស្រាប់​ហើយ!»។

41 ណាពី​បក​ក្រណាត់​ឃ្លុំ​មុខ​ចេញ​ភ្លាម ហើយ​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ក៏​ស្គាល់​ថា​ជា​ណាពី។

42 គាត់​ជម្រាប​ស្តេច​ថា៖ «អុលឡោះ‌តាអាឡា មាន​បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​លែង​មនុស្ស​ដែល​យើង​បាន​កាត់​ទោស​ប្រហារ​ជីវិត អ្នក​ត្រូវ​ស្លាប់​ជំនួស​គេ ហើយ​ប្រជា‌រាស្ត្រ​របស់​អ្នក ក៏​ត្រូវ​ស្លាប់​ជំនួស​ប្រជា‌រាស្ត្រ​របស់​គេ​ដែរ»។

43 ស្តេច​ស្រុក​អ៊ីស្រ‌អែល ត្រឡប់​ទៅ​វាំង នៅ​ក្រុង​សាម៉ារី ទាំង​មួម៉ៅ និង​ខឹង។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម