Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ ពង្សាវ‌តារ‌ក្សត្រ 17 - អាល់គីតាប


ស្តេច​ហូស៊ា​ជា​ស្តេច​ចុង​ក្រោយ​បង្អស់​នៅ​ស្រុក​អ៊ីស្រ‌អែល

1 នៅ​ឆ្នាំ​ទី​ដប់​ពីរ​នៃ​រជ្ជកាល​ស្តេច​អហាស​ជា​ស្តេច​ស្រុក​យូដា ស្តេច​ហូស៊ា ជា​កូន​របស់​លោក​អេឡា ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សាម៉ារី​ស្តេច​សោយ​រាជ្យ​បាន​ប្រាំ​បួន​ឆ្នាំ។

2 ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា តែ​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ស្តេច​អ៊ីស្រ‌អែល​មុនៗ​ទេ។

3 គ្រា​នោះ ស្តេច​សាលម៉ា‌នេស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ស្តេច​ហូស៊ា។ ស្តេច​ហូស៊ា​ក៏​សុំ​ចុះ​ចូល ព្រម​ទាំង​នាំ​សួយសារ‌អាករ​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ីរី​ផង។

4 ប៉ុន្តែ ស្តេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ស្តេច​ហូស៊ា​មាន​គំនិត​ក្បត់ ដ្បិត​ស្តេច​ហូស៊ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ស្តេច​សូ​ជា​ស្តេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារ‌អាករ ទៅ​ជូន​ស្តេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្តេច​ស្រុក​អាស្ស៊ីរី​ឲ្យ​គេ​ឃុំ‌ឃាំង​ស្តេច​ហូស៊ា​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។

5 បន្ទាប់​មក ស្តេច​ស្រុក​អាស្ស៊ីរី​ឡើង​មក​វាយ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​ឡោម​ព័ទ្ធ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។

6 នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ស្តេច​ហូស៊ា ស្តេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ស្រុក​អាស្ស៊ីរី​ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោ​ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។


មូល​ហេតុ​នៃ​ការ​វិនាស​របស់​អាណា‌ចក្រ​អ៊ីស្រ‌អែល

7 ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​គេ ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ជា​ស្តេច​ស្រុក​អេស៊ីប តែ​ពួក​គេ​បែរ​ជា​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៅ​វិញ។

8 ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ប្រជា‌ជាតិ​នានា​ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​ធ្វើ​តាម​ទម្លាប់​ផ្សេងៗ ដែល​ស្តេច​ស្រុក​អ៊ីស្រ‌អែល​បាន​បង្កើត​ឡើង​នោះ​ផង។

9 ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ដោយ​លួច​លាក់ ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន។ ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ នៅ​គ្រប់​ទី‌ក្រុង​របស់​គេ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង​មាំ។

10 ពួក​គេ​នាំ​គ្នា​ដំឡើង​ស្តូប និង​បង្គោល​ជូន​ព្រះ​អាសេ‌រ៉ា នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។

11 នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​អស់ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដូច​ប្រជា‌ជាតិ​នានា ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​គេ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​ឲ្យអុលឡោះ‌តាអាឡា​ខឹង។

12 ពួក​គេ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ ជា​អំពើ​ដែលអុលឡោះ‌តាអាឡា​ហាម​មិន​ឲ្យ​ធ្វើ។

13 អុលឡោះ‌តាអាឡា​ព្រមាន​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​យូដា​តាម​រយៈ​ណាពី និង​អ្នក​ទាយ​ឆុត​ទាំង​អស់​ថា «ចូរ​បោះ‌បង់​ចោល​ផ្លូវ​អាក្រក់ ហើយ​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ទាំង​ស្រុង​នូវ​ហ៊ូកុំ ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូន‌តា​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ផ្ទាល់ តាម​រយៈ​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​យើង»។

14 ប៉ុន្តែ ពួក​គេ​ពុំ​ស្តាប់​តាម​ទេ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ដូច​ដូន‌តា​របស់​ពួក​គេ ដែល​មិន​ព្រម​ជឿ​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន។

15 ពួក​គេ​បាន​បោះ‌បង់​ចោល​ហ៊ូកុំ​របស់​ទ្រង់ ពួក​គេ​ផ្តាច់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​ដូន‌តា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ទ្រង់​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​ប្រជា‌ជាតិ​ដែលអុលឡោះ‌តាអាឡា​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម។

16 ពួក​គេ​បោះ‌បង់​ចោល​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ជូន​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បម្រើ​ព្រះ‌បាល។

17 ពួក​គេ​យក​កូន​ប្រុស​កូន​ស្រី​ទៅ​ធ្វើ​បូជា‌យញ្ញ ពួក​គេ​តែងតែ​បញ្ជាន់​រូប និង​ប្រើ​មន្ត‌អាគម។ ពួក​គេ​បណ្តោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ហេតុ​បណ្តាល​ឲ្យ​ទ្រង់​ខឹង។

18 ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទ្រង់ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។

19 រីឯ​ប្រជា‌ជន​យូដា​វិញ​ក៏​ដូច្នោះ​ដែរ ពួក​គេ​ពុំ​បាន​កាន់​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន​ទេ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ធ្វើ​តាម​ច្បាប់​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បង្កើត​ទៅ​វិញ។

20 ដូច្នេះ អុលឡោះ‌តាអាឡា​បោះ‌បង់​ចោល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទ្រង់។

21 កាលអុលឡោះ‌តាអាឡា​ផ្តាច់​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​រាជ​វង្ស​របស់​ស្តេច​ទត ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​តែង‌តាំង​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ឡើង​ជា​ស្តេច។ ស្តេច​យេរ៉ូ‌បោម​បាន​អូស​ទាញ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​ឃ្លាត​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា ព្រម​ទាំង​នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទៀត​ផង។

22 កូន​ចៅ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ស្តេច​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត គឺ​ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​ទាំង​នោះ​ឡើយ។

23 ហេតុ​នេះអុលឡោះ‌តាអាឡា​បណ្តេញ​ជន‌ជាតិ​អ៊ីស្រ‌អែល ចេញ​ឆ្ងាយ​ពី​ទ្រង់ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​តាម​រយៈ​ណាពី​ទាំង​អស់​ជា​អ្នក​បម្រើ​របស់​ទ្រង់។ ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​គេ​កៀរ ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។


ដើម​កំណើត​របស់​ជន‌ជាតិ​សាម៉ារី

24 ស្តេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហា‌ម៉ាត់ និង​ក្រុង​សេផា‌វែម ឲ្យ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន‌ជាតិ​អ៊ីស្រ‌អែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សា‌ម៉ារី​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា។

25 នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​សា‌ម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ទេ ទ្រង់​ក៏​ប្រើ​សឹង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ។

26 មាន​គេ​ជម្រាប​ស្តេច​ស្រុក​អាស្ស៊ីរី​ថា៖ «ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ស្តេច​ជន្លៀស​ឲ្យ​ទៅ​តាំង​ទី​លំនៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សា‌ម៉ារី ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ​ទេ។ ព្រះ​នៅ​ស្រុក​នោះ​ប្រើ​សឹង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។

27 ស្តេច​ស្រុក​អាស្ស៊ីរី​បង្គាប់​ថា៖ «ចូរ​នាំ​អ៊ីមុាំ​សាម៉ារី​ម្នាក់ ដែល​អ្នក​រាល់​គ្នា​កៀរ​យក​ទៅ ឲ្យ​វិល​មក​ស្រុក​វិញ ដើម្បី​បង្ហាត់​បង្រៀន​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។

28 ដូច្នេះ​គេ​ទៅ​នាំ​អ៊ីមុាំ​ម្នាក់​ដែល​គេ​បាន​កៀរ​ពី​ស្រុក​សាម៉ារី ឲ្យ​វិល​មក​រស់​នៅ​បេត‌អែល​វិញ។ អ៊ីមុាំ​នោះ​បង្ហាត់​បង្រៀន​ពួក​គេ អំពី​របៀប​ដែល​ត្រូវ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា។

29 ប៉ុន្តែ ប្រជា‌ជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សា‌ម៉ារី​ពី​មុន​បាន​សង់។ ប្រជា‌ជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។

30 អ្នក​ក្រុង​បាប៊ី‌ឡូន​ធ្វើ​រូប​ព្រះ​សិកូត‌បេណូត អ្នក​ក្រុង​គូថា ធ្វើ​រូប​ព្រះ​នើ‌កាល អ្នក​ក្រុង​ហា‌ម៉ាត់ ធ្វើ​រូប​ព្រះ​អស៊ី‌ម៉ា។

31 អ្នក​ក្រុង​អាវ៉ា ធ្វើ​រូប​ព្រះ​នីប-ហាស និង​ព្រះ​ថើ‌ថាក អ្នក​ក្រុង​សេផា‌វែម​យក​កូន​ប្រុស​របស់​ខ្លួន ទៅ​ធ្វើ​បូជា‌យញ្ញ ជូន​ព្រះ​អ័ឌរ៉ា‌ម៉ាឡេក និង​ព្រះ​អណា‌ម៉ាឡេក ជា​ព្រះ​នៃ​ក្រុង​សេផា‌វែម។

32 ប្រជា‌ជាតិ​ទាំង​នោះ​ក៏​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ដែរ ព្រម​ទាំង​តែង‌តាំង​អ្នក​ខ្លះ ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​អ៊ីមុាំ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ធ្វើ​គូរបាន​ក្នុង​នាម​របស់​ពួក​គេ​នៅ​តាម​កន្លែង​ទាំង​នោះ។

33 ពួក​គេ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ផង និង​គោរព​ព្រះ​របស់​ពួក​គេ តាម​ទំនៀម​ទម្លាប់​ជាតិ​ដើម​របស់​ពួក​គេ​ផង។

34 រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា មិន​ប្រាកដ​ជា​ប្រតិ‌បត្តិ​តាម​ហ៊ូកុំ និង​វិន័យ​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​កូន​ចៅ​យ៉ាកកូប ដែល​ទ្រង់​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រ‌អែល ។

35 អុលឡោះ‌តាអាឡា​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​ចៅ​យ៉ាកកូប ព្រម​ទាំង​បញ្ជា​ដល់​ពួក​គេ​ថា៖ «មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ ហើយ​ក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ដែរ។ មិន​ត្រូវ​គោរព​បម្រើ និង​ធ្វើ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ​ឡើយ។

36 ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយ‌បង្គំ និង​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា​តែ​មួយ​ប៉ុណ្ណោះ។

37 រីឯ​បញ្ញត្តិ ហ៊ូកុំ វិន័យ ក្រឹត្យវិន័យ និង​បទ​បញ្ជា​ដែល​ទ្រង់​បាន​ចែង​ទុក​សម្រាប់​អ្នក​រាល់​គ្នា​នោះ ត្រូវ​ប្រតិ‌បត្តិ​តាម​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។

38 កុំ​បំភ្លេច​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។

39 ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នោះ​ទ្រង់​នឹង​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន»។

40 ប៉ុន្តែ ពួក​គេ​ពុំ​ស្តាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀម​ទម្លាប់​ដើម​របស់​ខ្លួន​ដដែល។

41 ប្រជា‌ជាតិ​ទាំង​នោះ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ផង គោរព​បម្រើ​រូប​ព្រះ​របស់​គេ​ផង។ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​ធ្វើ​របៀប​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដូច​ដូន‌តា​របស់​ខ្លួន​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម