យេរេមា 17 - អាល់គីតាបអុលឡោះប្រកាសអំពើបាបរបស់ជនជាតិយូដា 1 «អំពើបាបរបស់ជនជាតិយូដា មានចារឹកទុកដូចអក្សរចារឹក លើថ្ម ដោយដែកដែលមានត្បូងពេជ្រ នៅខាងចុង។ អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ និងនៅលើជ្រុងអាសនៈរបស់ពួកគេ។ 2 ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ អាសនៈរបស់ពួកគេ ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះអាសេរ៉ា នៅក្បែរដើមឈើដ៏ខៀវខ្ចី ដែលស្ថិតនៅលើកំពូលភ្នំ។ 3 ជនជាតិយូដាអើយ ដោយអ្នកចូលចិត្ត គោរពព្រះក្លែងក្លាយ នៅលើភ្នំរបស់យើង យើងនឹងឲ្យខ្មាំងសត្រូវរឹបអូសយក ទ្រព្យសម្បត្តិ និងធនធានទាំងប៉ុន្មានរបស់អ្នក ពួកគេនឹងកំទេចកន្លែងសក្ការៈរបស់អ្នក ដែលស្ថិតនៅតាមទួលខ្ពស់ៗ ព្រោះអ្នកបានប្រព្រឹត្តអំពីបាប នៅពាសពេញលើទឹកដីនេះ។ 4 អ្នកនឹងប្រគល់ស្រុកដែលយើងបានចែក ឲ្យអ្នក ទៅសាសន៍ដទៃ។ យើងនឹងឲ្យអ្នកក្លាយទៅជាទាសករ របស់ខ្មាំងក្នុងស្រុកមួយដែលអ្នកពុំស្គាល់ ដ្បិតអ្នករាល់គ្នាបានបញ្ឆេះកំហឹងរបស់យើង ហើយភ្លើងនៃកំហឹងនេះនឹងឆេះរហូតតទៅ»។ 5 អុលឡោះតាអាឡាមានបន្ទូលទៀតថា ជនណាផ្ញើជីវិតលើមនុស្ស ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍ ដោយបែរចិត្តចេញពីអុលឡោះតាអាឡា ជននោះមុខជាត្រូវបណ្ដាសាពុំខាន! 6 គេប្រៀបបាននឹងដើមឈើក្រិន នៅតាមព្រៃល្បោះ គេពុំអាចជួបនឹងសុភមង្គលឡើយ។ គេរស់នៅតាមកន្លែងក្ដៅហួតហែង ក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះ និងគ្មានមនុស្សនៅ។ 7 រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡា និងយកទ្រង់ធ្វើជាបង្អែក ពិតជាទទួលពររបស់អុលឡោះមិនខាន! 8 អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលមានឫសចាក់ទៅរកទឹកហូរ វាមិនខ្លាចកំដៅ ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។ នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ គឺវានៅតែបង្កើតផ្លែផ្កាដដែល។ 9 ចិត្តរបស់មនុស្សតែងតែវៀចវេរ មិនអាចកែតម្រង់បានឡើយ ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។ 10 អុលឡោះតាអាឡាមានបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ 11 អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌ ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។ នៅពេលពាក់កណ្ដាលអាយុ ទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅ ហើយនៅទីបញ្ចប់ គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ។ 12 ទីសក្ការៈរបស់យើងជាបល្ល័ង្កមួយដ៏រុងរឿង តាំងពីដើមដំបូងរៀងមក។ 13 ឱអុលឡោះតាអាឡាអើយ ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល! អស់អ្នកដែលបោះបង់ចោលទ្រង់ នឹងត្រូវអាម៉ាស់ អស់អ្នកដែលងាកចេញពីទ្រង់ នឹងត្រូវវិនាសទៅជាធូលីដី ដ្បិតពួកគេបានបោះបង់ចោលអុលឡោះតាអាឡា ដែលជាប្រភពទឹកផ្ដល់ជីវិត។ ណាពីយេរេមាសូមអុលឡោះជួយ 14 ឱអុលឡោះតាអាឡាអើយ សូមប្រោសខ្ញុំឲ្យជា នោះខ្ញុំនឹងបានជា សូមសង្គ្រោះខ្ញុំ នោះខ្ញុំនឹងរួចជីវិត ដ្បិតទ្រង់តែងប្រោសប្រទានឲ្យ ខ្ញុំសរសើរតម្កើងទ្រង់! 15 ពួកគេពោលមកខ្ញុំថា: “តើបន្ទូលរបស់អុលឡោះតាអាឡានៅឯណា ចូរឲ្យបន្ទូលនោះសម្រេចជារូបរាងចុះ!” 16 ចំណែកឯខ្ញុំវិញ ខ្ញុំពុំបានទទូចសូម ទ្រង់ដាក់ទោសពួកគេជាប្រញាប់ទេ។ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិនចង់ឃើញថ្ងៃអន្តរាយនោះ កើតមានចំពោះពួកគេឡើយ។ ទ្រង់ជ្រាបនូវពាក្យសំដី របស់ខ្ញុំច្បាស់ណាស់។ 17 សូមកុំបំភ័យខ្ញុំឡើយ ដ្បិតទ្រង់ជាជំរករបស់ខ្ញុំ នៅថ្ងៃដែលខ្ញុំជួបទុក្ខលំបាក។ 18 សូមឲ្យអស់អ្នកដែលបៀតបៀនខ្ញុំ ត្រូវអាម៉ាស់ តែកុំឲ្យខ្ញុំត្រូវអាម៉ាស់ឡើយ! សូមឲ្យពួកគេញ័ររន្ធត់ តែកុំឲ្យខ្ញុំញ័ររន្ធត់ឡើយ! សូមឲ្យថ្ងៃលំបាកវេទនាធ្លាក់មកលើពួកគេ សូមប្រហារពួកគេឲ្យវិនាសអន្តរាយទៅ! ការគោរពថ្ងៃឈប់សម្រាក 19 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរទៅឈរនៅមាត់ “ទ្វារប្រជាជន” ជាទ្វារដែលស្ដេចស្រុកយូដាតែងតែចេញចូល និងទ្វារទាំងប៉ុន្មានទៀតនៅក្រុងយេរូសាឡឹម។ 20 ចូរប្រកាសប្រាប់ពួកគេថា: “ស្តេច និងប្រជាជនយូដាទាំងមូល ព្រមទាំងអ្នកក្រុងយេរូសាឡឹមទាំងអស់ ដែលចេញចូលតាមទ្វារទាំងនេះអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា។ 21 អុលឡោះតាអាឡាមានបន្ទូលថា: ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន! កុំលីសែងអ្វីនៅថ្ងៃឈប់សម្រាកឡើយ ហើយក៏កុំយករបស់ទាំងនោះឆ្លងកាត់ទ្វារក្រុងយេរូសាឡឹមដែរ។ 22 កុំលីសែងអ្វីចេញពីផ្ទះរបស់អ្នករាល់គ្នា នៅថ្ងៃឈប់សម្រាក គឺកុំធ្វើការអ្វីទាំងអស់។ ត្រូវញែកថ្ងៃឈប់សម្រាកទុកសម្រាប់យើង ដូចយើងបានបង្គាប់ដូនតារបស់អ្នករាល់គ្នាស្រាប់ហើយ 23 តែពួកគេពុំបានត្រងត្រាប់ស្ដាប់យើងទេ ពួកគេតាំងចិត្តរឹងរូស មិនព្រមស្ដាប់ មិនព្រមទទួលមេរៀនសោះ។ 24 អុលឡោះតាអាឡាមានបន្ទូលទៀតថា: រីឯអ្នករាល់គ្នាវិញ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់យើង មិនលីសែងអ្វីកាត់តាមទ្វារក្រុងនេះ ហើយញែកថ្ងៃឈប់សម្រាកទុកសម្រាប់យើង ដោយមិនធ្វើការអ្វីទាំងអស់នៅថ្ងៃនោះទេ 25 ស្ដេចទាំងឡាយដែលស្នងរាជ្យទតនឹងជិះរទេះ ជិះសេះកាត់ទ្វារក្រុងនេះតទៅមុខទៀត ដោយមានមេដឹកនាំ ព្រមទាំងប្រជាជនយូដា និងអ្នកក្រុងយេរូសាឡឹមហែហម ហើយនឹងមានមនុស្សរស់នៅក្នុងក្រុងយេរូសាឡឹមតទៅមុខទៀត។ 26 ប្រជាជននឹងនាំគ្នាមកពីក្រុងនានាក្នុងស្រុកយូដា តំបន់ជិតខាងក្រុងយេរូសាឡឹម ស្រុកពុនយ៉ាមីន ស្រុកដែលនៅខាងលិចជើងភ្នំ ព្រមទាំងតំបន់ភ្នំ និងតំបន់ណេកិប ដើម្បីនាំយកគូរបានដុត គូរបានផ្សេងៗ ជំនូនផ្សេងៗ និងគ្រឿងក្រអូប មកជូន ដើម្បីអរគុណអុលឡោះតាអាឡា នៅក្នុងដំណាក់របស់ទ្រង់។ 27 ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃឈប់សម្រាកទុកសម្រាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃឈប់សម្រាក នោះយើងនឹងធ្វើឲ្យមានភ្លើងឆេះកំទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ”»។ |
© 2014 United Bible Societies, UK.
United Bible Societies