យ៉ូហាន 16:20 - អាល់គីតាប ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្ដែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ ព្រះគម្ពីរខ្មែរសាកល “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ រីឯពិភពលោកនឹងអរសប្បាយ។ អ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យព្រួយចិត្ត ប៉ុន្តែទុក្ខព្រួយរបស់អ្នករាល់គ្នានឹងត្រឡប់ជាអំណរវិញ។ Khmer Christian Bible ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ ប៉ុន្ដែ លោកិយនេះនឹងអរសប្បាយ។ អ្នករាល់គ្នានឹងព្រួយចិត្ដ ប៉ុន្ដែសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នា នឹងត្រលប់ជាអំណរវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយសោកសង្រេង តែលោកីយ៍នឹងអរសប្បាយ អ្នករាល់គ្នាព្រួយចិត្ត តែការព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាអំណរវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយសោកសង្រេង តែលោកីយនឹងអរសប្បាយឡើង អ្នករាល់គ្នានឹងព្រួយចិត្ត តែសេចក្ដីព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាសេចក្ដីអំណរទៅវិញ |
ទ្រង់បានធ្វើឲ្យការសោកសង្រេង របស់ខ្ញុំប្រែទៅជាអំណរសប្បាយ ទ្រង់បានយកសំលៀកបំពាក់កាន់ទុក្ខចេញ ហើយប្រទានសំលៀកបំពាក់ សម្រាប់ពិធីបុណ្យឲ្យខ្ញុំវិញ។
ដ្បិតទ្រង់ខឹងតែមួយស្របក់ តែទ្រង់ប្រណីសន្ដោសយើងអស់មួយជីវិត។ ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង យើងនឹងអរសប្បាយវិញ។
នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖ «ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងលើកតម្កើងទ្រង់។ ពីមុន ទ្រង់ខឹងនឹងខ្ញុំ ឥឡូវនេះ ទ្រង់លែងខឹងទៀតហើយ គឺទ្រង់សំរាលទុក្ខខ្ញុំ។
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
អ្នករាល់គ្នាដែលស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ដោយញាប់ញ័រ ចូរនាំគ្នាស្ដាប់ទ្រង់។ បងប្អូនរបស់អ្នករាល់គ្នា ស្អប់ និងកាត់កាល់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាគោរពទ្រង់។ ពួកគេពោលថា “សូមអុលឡោះតាអាឡាសំដែង សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ របស់អ្នករាល់គ្នាផង!”។ អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
ប៉ុន្ដែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថាៈ “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វា មត៌កនេះនឹងត្រូវបានមកយើងមិនខាន”។
ភ្លាមនោះ មាន់រងាវឡើងជាលើកទីពីរ ពេត្រុសក៏នឹកឃើញពាក្យរបស់អ៊ីសាដែលថា “មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ” ពេត្រុសក៏ទ្រហោយំ។
នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយអ៊ីសាកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។
កាលអ៊ីសាទូរអារួចហើយ គាត់ក្រោកឡើងត្រឡប់ទៅរកពួកសិស្ស ឃើញគេកំពុងដេកលក់ ដោយព្រួយចិត្ដ។
ប្រជាជនច្រើនកុះករដើរតាមអ៊ីសាទៅ ព្រមទាំងមានពួកស្ដ្រីគក់ទ្រូង យំសោកអាណិតអ៊ីសាផង។
អ៊ីសាសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។
យើងបានសង្ឃឹមថា គាត់នេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។
អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។
ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្ដែចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
អ៊ីសាមានប្រសាសន៍ដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅដៃ និងនៅត្រង់ឆ្អឹងជំនីរឲ្យគេឃើញផង។ ពួកសិស្សសប្បាយចិត្ដជាខ្លាំងដោយបានឃើញអ៊ីសាជាអម្ចាស់។
ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតអុលឡោះបានប្រទានឲ្យគេមានកិត្ដិយសរងទុក្ខទោស ព្រោះតែនាមអ៊ីសា។
មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ដែលទ្រង់បានសំរុះសំរួលឲ្យយើងជានានឹងអុលឡោះវិញនៅពេលនេះ។
គេធ្វើឲ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្ដជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។
រីឯផលដែលកើតមកពីរសអុលឡោះវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ចិត្ដសន្តោស មេត្ដា ជំនឿ
បងប្អូនបានយកតម្រាប់តាមយើង និងយកតម្រាប់តាមអ៊ីសាជាអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលបន្ទូលនៃអុលឡោះទាំងមានអំណរ មកពីរសអុលឡោះដ៏វិសុទ្ធដែរ។
បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថា ជាការដែលធ្វើឲ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ
អុលឡោះអាចការពារបងប្អូន មិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ទ្រង់ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។
មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្ដត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រោះណាពីទាំងពីរនាក់បានធ្វើឲ្យមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។
ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូរហូរហៀរដល់កំរិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កំរិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្ដថាៈ“អញអង្គុយសោយរាជ្យ ក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ដ្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។