ម៉ាកុស 16 - អាល់គីតាបណាពីអ៊ីសាបានរស់ឡើងវិញ 1 លុះផុតថ្ងៃជំអាត់ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយយ៉ាកកូប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់សពអ៊ីសា។ 2 ព្រលឹមឡើងថ្ងៃអាទិត្យនាងនាំគ្នាធ្វើដំណើរទៅកាន់ផ្នូរ នៅពេលថ្ងៃរះ។ 3 ពួកនាងនិយាយគ្នាថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»។ 4 ពេលស្ដ្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។ 5 នាងចូលទៅក្នុងផ្នូរឃើញកំលោះម្នាក់អង្គុយខាងស្ដាំ មានសម្លៀកបំពាក់ពណ៌ស ពួកនាងភ័យស្រឡាំងកាំង។ 6 អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកអ៊ីសា ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង អុលឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយអ៊ីសាមិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់សពគាត់។ 7 ចូរនាងទៅប្រាប់សិស្សរបស់អ៊ីសា ព្រមទាំងពេត្រុសផងថា “អ៊ីសាទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញអ៊ីសា ដូចគាត់បានប្រាប់ទុកស្រាប់”»។ 8 ស្ដ្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។ [ ណាពីអ៊ីសាបង្ហាញខ្លួនឲ្យសិស្សឃើញ 9 អ៊ីសាបានរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង អ៊ីសាបានបង្ហាញខ្លួនឲ្យនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលអ៊ីសាបានដេញអ៊ីព្លេសប្រាំពីរចេញពីនាង។ 10 នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយអ៊ីសាកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ 11 ពេលគេឮថា អ៊ីសាបានរស់វិញហើយ ហើយឮថានាងបានឃើញអ៊ីសា គេមិនជឿនាងឡើយ។ 12 បន្ទាប់មក អ៊ីសាបានបង្ហាញខ្លួនឲ្យសិស្សពីរនាក់ឃើញ តាមទ្រង់ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។ 13 អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សិស្សឯទៀតៗដែរ តែពួកគេមិនព្រមជឿដដែល។ 14 នៅទីបំផុត អ៊ីសាក៏បង្ហាញខ្លួនឲ្យសិស្សទាំងដប់មួយនាក់ឃើញ នៅពេលដែលគេកំពុងបរិភោគ។ អ៊ីសាបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្ដរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញគាត់រស់ឡើងវិញ។ 15 អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ 16 អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក អុលឡោះនឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ 17 អស់អ្នកដែលជឿនឹងធ្វើទីសំគាល់ទាំងនេះ គឺគេនឹងដេញអ៊ីព្លេសក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ 18 ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺអ្នកជំងឺនឹងបានជាសះស្បើយ»។ 19 កាលអ៊ីសាជាអម្ចាស់មានប្រសាសន៍ទាំងនេះរួចហើយ អុលឡោះលើកអ៊ីសាឡើងទៅសូរ៉កា ឲ្យនៅខាងស្ដាំទ្រង់។ 20 ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់បន្ទូលរបស់អុលឡោះដោយសំដែងទីសំគាល់ផ្សេងៗជាប់ជាមួយផង។] |
© 2014 United Bible Societies, UK.
United Bible Societies