ទំនុកតម្កើង 97 - អាល់គីតាបអុលឡោះតាអាឡាគ្រងរាជ្យ 1 អុលឡោះតាអាឡាគ្រងរាជ្យ! ចូរឲ្យផែនដីបានរីករាយឡើង! ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ! 2 មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញទ្រង់ ទ្រង់គ្រងរាជ្យដោយសុចរិតយុត្តិធម៌។ 3 មានភ្លើងឆេះនៅខាងមុខទ្រង់ បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញទ្រង់។ 4 ផ្លេកបន្ទោររបស់ទ្រង់ជះពន្លឺ មកលើពិភពលោក ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រជាខ្លាំង។ 5 ភ្នំនានារលាយចំពោះអុលឡោះតាអាឡា ដូចជាក្រមួនត្រូវថ្ងៃ គឺចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃផែនដីទាំងមូល។ 6 ផ្ទៃមេឃប្រកាសអំពីសេចក្ដីសុចរិតរបស់ទ្រង់ ហើយប្រជារាស្ត្រទាំងអស់ នឹងឃើញសិរីរុងរឿងរបស់ទ្រង់។ 7 អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ ហើយអួតអាងក្នុងការគោរពបម្រើ ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។ ព្រះទាំងឡាយអើយ ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះ។ 8 ឱអុលឡោះតាអាឡាអើយ ពេលអ្នកក្រុងស៊ីយ៉ូន ឮដំណឹងថា ទ្រង់វិនិច្ឆ័យទោសដូច្នេះ គេនឹងមានអំណររីករាយ ហើយអ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ 9 ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេ ដែលជាម្ចាស់ដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល ទ្រង់ប្រសើរបំផុតលើសព្រះនានាទាំងអស់។ 10 អស់អ្នកដែលស្រឡាញ់អុលឡោះតាអាឡាអើយ ចូរស្អប់អំពើអាក្រក់! ទ្រង់នឹងថែរក្សាអាយុជីវិតអស់អ្នក ដែលស្មោះត្រង់នឹងទ្រង់ ទ្រង់ដោះលែងគេឲ្យរួចពីកណ្ដាប់ដៃ របស់មនុស្សអាក្រក់។ 11 មានពន្លឺបំភ្លឺមនុស្សសុចរិត ហើយមនុស្សដែលមានចិត្តទៀងត្រង់ នឹងមានអំណរសប្បាយ។ 12 មនុស្សសុចរិតអើយ ចូរនាំគ្នាអរសប្បាយ ចំពោះកិច្ចការដែលអុលឡោះតាអាឡាបានធ្វើ! ចូរលើកតម្កើងនាមដ៏វិសុទ្ធរបស់ទ្រង់! |
© 2014 United Bible Societies, UK.
United Bible Societies