Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កាឡាទី 5 - អាល់គីតាប


សេរី‌ភាព​របស់​អូមាត់‌អ៊ីសា

1 អាល់ម៉ា‌ហ្សៀស​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។

2 រីឯ​ខ្ញុំ ប៉ូល ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ថា ប្រសិន​បើ​បង​ប្អូន​ទទួល​ពិធី​ខតាន់​នោះ អាល់ម៉ា‌ហ្សៀស​លែង​មាន​ប្រយោជន៍​អ្វី​ដល់​បង​ប្អូន​ទៀត​ហើយ។

3 ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​ខតាន់ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​ហ៊ូកុំ​ទាំង​ស្រុង​ផង​ទៅ។

4 ប្រសិន​បើ​បង​ប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ហ៊ូកុំ បង​ប្អូន​នោះ​បែក​ចេញ​ពី​អាល់ម៉ា‌ហ្សៀស ហើយ​ក៏​ដាច់​ចេញ​ពី​ក្តី​មេត្តា​របស់​អុលឡោះ​ដែរ។

5 រីឯ​យើង​វិញ ដោយ​យើង​មាន​ជំនឿ រស‌អុលឡោះ​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់‌ចាំ​អុលឡោះ​ប្រោស​យើង​ឲ្យ​បាន​សុចរិត ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​មិន​ខាន។

6 ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ការ​ខតាន់ ឬ​មិន​ខតាន់​នោះ​មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ ដោយ​ចិត្ដ​ស្រឡាញ់​ប៉ុណ្ណោះ​ទើប​សំខាន់។

7 បង​ប្អូន​បាន​ចាប់​ផ្ដើម​ជឿ​ល្អ​ណាស់ តើ​នរណា​រា‌រាំង​បង​ប្អូន​មិន​ឲ្យ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ?

8 ការ​បញ្ចុះ‌បញ្ចូល​បែប​នេះ មិន​មែន​មាន​ប្រភព​មក​ពី​អុលឡោះ​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន​ទេ។

9 «មេ​ម្សៅ​តែ​បន្ដិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន»។

10 ចំពោះ​ខ្ញុំ អ៊ីសា‌ជាអម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ដ​បង​ប្អូន​ថា បង​ប្អូន​មុខ​ជា​មិន​បែក​គំនិត ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​កើត​វឹកវរ​នោះ​វិញ ទោះ​ជា​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។

11 បង​ប្អូន​អើយ​ចំពោះ​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ឲ្យ​ធ្វើ​ពិធី​ខតាន់​ទៀត​នោះ ម្ដេច​ក៏​គេ​នៅ​តែ​បៀត‌បៀន​ខ្ញុំ​ទៀត? ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដូច្នេះ​ដំណឹង‌ល្អ​អំពី​អាល់ម៉ា‌ហ្សៀស​ជាប់​ឆ្កាង នឹង​លែង​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ដ ទៀត​ហើយ។

12 អ្នក​ដែល​នាំ​ឲ្យ​បង​ប្អូន​ជ្រួល​ច្របល់​បែប​នេះ ត្រូវ​តែ​ឲ្យ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។


និស្ស័យ​លោកីយ៍ និង​រស‌អុលឡោះ

13 បង​ប្អូន​អើយ អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្ដែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ដ​ស្រឡាញ់

14 ដ្បិត​ហ៊ូកុំ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង»។

15 បើ​បង​ប្អូន​ប្រខាំ​គ្នា និង​ហែក‌ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែង‌លោ​បង​ប្អូន​ត្រូវ​វិនាស​អន្ដរាយ ដោយ‌សារ​តែ​គ្នា​ឯង។

16 ខ្ញុំ​សូម​ជម្រាប​ថា ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​រស‌អុលឡោះ នោះ​បង​ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ដ​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍​ទៀត​ឡើយ

17 ដ្បិត​បំណង​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍ តែងតែ​ទាស់​នឹង​រស‌អុលឡោះ ហើយ​រស‌អុលឡោះ​ក៏​មាន​បំណង​ទាស់​នឹង​និស្ស័យ​លោកីយ៍​ដែរ។ និស្ស័យ​លោកីយ៍ និង​រស‌អុលឡោះ​ផ្ទុយ​គ្នា​ទាំង​ស្រុង ដូច្នេះ​បង​ប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បង​ប្អូន​ចង់​ធ្វើ​នោះ​បាន​ឡើយ។

18 ប្រសិន​បើ​រស‌អុលឡោះ​ណែ‌នាំ​បង​ប្អូន បង​ប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ទៀត​ហើយ។

19 យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ​ដែល​កើត​ចេញ​មក​ពី​និស្ស័យ​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីល‌ធម៌ អំពើ​សៅ‌ហ្មង កាម‌គុណ​ថោក​ទាប

20 ការ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរ‌ឃៅ ប្រកួត​ប្រជែង​គ្នា​ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក

21 ឈ្នា‌នីស​គ្នា ប្រមឹក​ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​បង​ប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ទាំង​អស់​នេះ ពុំ​អាច​ទទួល​នគរ​របស់​អុលឡោះ​ទុក​ជា​មត៌ក​បាន​ឡើយ។

22 រីឯ​ផល​ដែល​កើត​មក​ពី​រស‌អុលឡោះ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ដ ចិត្ដ​អត់‌ធ្មត់ ចិត្ដ​សប្បុរស ចិត្ដ​សន្តោស មេត្ដា ជំនឿ

23 ចិត្ដ​ស្លូត‌បូត ចេះ​ទប់​ចិត្ដ​ខ្លួន​ឯង។ គ្មាន​ហ៊ូកុំ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ។

24 អស់​អ្នក​ដែល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​បាន​ឆ្កាង​តណ្ហា និង​បំណង​លោភ‌លន់​ផ្សេងៗ​របស់​និស្ស័យ​លោកីយ៍​នោះ​ចោល​ហើយ។

25 ប្រសិន​បើ​យើង​មាន​ជីវិត​ដោយ‌សារ​រស‌អុលឡោះ​មែន យើង​ក៏​ត្រូវ​ប្រតិបត្ដិ​តាម​រស‌អុលឡោះ​ដែរ។

26 យើង​មិន​ត្រូវ​អួត​បំប៉ោង រក​រឿង​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈ្នានីស​គ្នា​នោះ​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម