Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 20 - អាល់គីតាប


ប្រសាសន៍​លើក​ទី​ពីរ​របស់​លោក​សូផារ: ទុក្ខ​វេទនា​របស់​មនុស្ស​អាក្រក់

1 លោក​សូផារ ជា​អ្នក​ស្រុក ណា‌អាម៉ា ពោល​ឡើង​ថា៖

2 «ការ​រិះ‌គិត​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​មិន​បាន គឺ​ខ្ញុំ​ត្រូវ​តែ​ឆ្លើយ​តប​នឹង​អ្នក​វិញ។

3 ពាក្យ​ស្ដី​បន្ទោស​របស់​អ្នក ដូច​ជា​បន្តុះ‌បង្អាប់​យើង​ខ្ញុំ​ជ្រុល​ពេក​ហើយ ហេតុ​នេះ ខ្ញុំ​ត្រូវ​តែ​យក​គំនិត​ប្រាជ្ញា​របស់​ខ្ញុំ មក​ឆ្លើយ​តប។

4 អ្នក​មិន​ជ្រាប​ទេ​ឬ​ថា តាំង​ពី​បុរាណ​រៀង​មក គឺ​ចាប់​ពី​ពេល​ដែល​អុលឡោះ​ដាក់​មនុស្ស នៅ​លើ​ផែនដី​នេះ

5 មនុស្ស​អាក្រក់​មាន​ជ័យ‌ជំនះ​តែ​មួយ​ស្របក់​ទេ ហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។

6 ទោះ​បី​គេ​មាន​កំពស់​រហូត​ដល់​មេឃ ហើយ​ក្បាល​របស់​គេ​ទើស​ពពក​ក្ដី

7 ក៏​គេ​មុខ​ជា​វិនាស​រហូត​ត​ទៅ ដូច​លាមក​របស់​ខ្លួន​ដែរ។ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​អ្នក​នោះ​នឹង​ពោល​ថា “តើ​គាត់​ទៅ​ណា​បាត់​ហើយ?”

8 គេ​នឹង​រសាត់​បាត់​ទៅ ដូច​ការ​យល់​សប្ដិ គ្មាន​នរណា​ឃើញ​គេ​ទៀត​ឡើយ គេ​នឹង​រលាយ​សូន្យ​ទៅ ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់។

9 អ្នក​ដែល​ធ្លាប់​ឃើញ​គេ នឹង​លែង​ឃើញ​គេ​ទៀត​ហើយ នៅ​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​អាស្រ័យ ក៏​គ្មាន​នរណា​ឃើញ​គេ​ទៀត​ដែរ។

10 គេ​នឹង​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​រឹប​អូស​បាន ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ ហើយ​កូន​ចៅ​របស់​គេ​ក៏​ត្រូវ​សង​ប្រាក់​ជន​ក្រីក្រ ត​ទៅ​មុខ​ទៀត។

11 រូប​រាង​កាយ​របស់​គេ​ពោរ‌ពេញ ដោយ​កម្លាំង​របស់​យុវ‌វ័យ តែ​កម្លាំង​នេះ​នឹង​រលាយ​ទៅ​ជា​ធូលី​ដី ជា​មួយ​គេ​ដែរ។

12 ទោះ​បី​អំពើ​អាក្រក់​មាន​រស‌ជាតិ​ផ្អែម នៅ​ក្នុង​មាត់​របស់​គេ ទោះ​បី​គេ​លាក់​វា​នៅ​ក្រោម​អណ្ដាត

13 ទោះ​បី​គេ​ខំ​រក្សា​ទុក ដោយ​មិន​លេប គឺ​បៀម​ទុក​នៅ​ក្នុង​មាត់​ក្ដី

14 គង់​តែ​អាហារ​នោះ​រលាយ ក្លាយ​ដូច​ជា​ពិស​របស់​ពស់​អាសិ‌រពិស នៅ​ក្នុង​ពោះ​របស់​គេ។

15 គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ​ក្នុង​ពោះ តែ​គេ​នឹង​ក្អួត​ចេញ​មក​វិញ គឺ​អុលឡោះ​នឹង​ហូត​យក​ទ្រព្យ‌សម្បត្តិ​នោះ ចេញ​ពី​ពោះ​របស់​គេ។

16 គេ​ជញ្ជក់​ពិស​របស់​ពស់​អាសិ‌រពិស គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ពស់​វែក​ចឹក។

17 គេ​នឹង​លែង​ឃើញ​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ ដ៏​សម្បូណ៌​ហូរ‌ហៀរ ដូច​ទឹក​ជ្រោះ ទឹក​ទន្លេ​ទៀត​ហើយ។

18 អ្វីៗ​ដែល​គេ​ខំ​ស្វែង​រក​នោះ​នឹង​បាត់​បង់​ទៅ​វិញ គឺ​គេ​មិន​អាច​រក្សា​ទុក​ឡើយ ហើយ​គេ​ក៏​មិន​បាន​សប្បាយ​នឹង​ទ្រព្យ‌សម្បត្តិ ដែល​គេ​រក​ស៊ី​បាន​នោះ​ដែរ។

19 គេ​ជិះ‌ជាន់ និង​បោះ​បង់​ចោល​ជន​ក្រីក្រ គេ​រឹប​អូស​យក​ផ្ទះ​ដែល​ខ្លួន​មិន​បាន​សង់។

20 គេ​មាន​ចិត្ត​លោភ‌លន់​មិន​ចេះ​ស្កប់ តែ​គេ​មិន​អាច​រក្សា​ទុក​នូវ​អ្វីៗ ដែល​គេ​ពេញ​ចិត្ត​នោះ​បាន​ឡើយ។

21 គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់ តែ​ភាព​ចំរុង​ចំរើន​របស់​គេ នឹង​មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ។

22 ក្នុង​ពេល​កំពុង​តែ​សម្បូណ៌‌សប្បាយ នោះ​គេ​បែរ​ជា​ខ្វះ​ខាត​វិញ ទុក្ខ​វេទនា​ទាំង​អស់​នឹង​គ្រប​សង្កត់​លើ​គេ។

23 នៅ​ពេល​ដែល​គេ​កំពុង​តែ​បំពេញ​ក្រពះ នោះ​អុលឡោះ​ស្រោច​កំហឹង​ដ៏​ខ្លាំង​ក្លា របស់​ទ្រង់​ទៅ​លើ​គេ ទុក​ជា​អាហារ។

24 ប្រសិន​បើ​គេ​រត់​គេច​ពី​អាវុធ​ដែក នោះ​ធ្នូ​លង្ហិន​នឹង​បាញ់​ព្រួញ​ទៅ​ទម្លុះ​គេ

25 ប្រសិន​បើ​គេ​ដក​ព្រួញ​ចេញ​ពី​ខ្លួន នោះ​មុខ​ដាវ​ដ៏​មុត​នឹង​ចាក់​ទម្លុះ រហូត​ដល់​ថ្លើម​របស់​គេ។ ការ​ភ័យ​តក់‌ស្លុត​នឹង​កើត​មាន​ដល់​គេ។

26 ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​វិនាស​បាត់ ក្នុង​ភាព​ងងឹត​អន្ធការ ភ្លើង​ដែល​គ្មាន​នរណា​បញ្ឆេះ នឹង​មក​បំផ្លាញ​គេ អ្វីៗ​ដែល​នៅ​សេស‌សល់​ក្នុង​ផ្ទះ​របស់​គេ ក៏​ឆេះ​អស់​ដែរ។

27 ផ្ទៃ​មេឃ​លាត​ត្រដាង​កំហុស​របស់​គេ ផែនដី​ក្រោក​ឡើង​ប្រឆាំង​នឹង​គេ។

28 នៅ​ថ្ងៃ​ដែល​អុលឡោះ​សំដែង​កំហឹង ទ្រព្យ‌សម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេ នឹង​ត្រូវ​អ្នក​ដទៃ​រឹប​អូស​យក​ទៅ​អស់។

29 នេះ​ជា​ចំណែក​មត៌ក​ដែល​អុលឡោះ បម្រុង​ទុក​សម្រាប់​មនុស្ស​អាក្រក់»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម