១ ថែស្សាឡូនីច 1 - អាល់គីតាបសេចក្ដីផ្ដើម 1 យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំអះនៅក្រុងថេស្សាឡូនិក ដែលរួមជាមួយអុលឡោះជាបិតា និងជាមួយអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់។ សូមទ្រង់ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។ ជីវិត និងជំនឿរបស់អូមាត់អ៊ីសានៅក្រុងថេស្សាឡូនិក 2 យើងតែងតែអរគុណអុលឡោះ អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងទូរអា យើងតែងនឹកគិតដល់បងប្អូនជាដរាប។ 3 នៅចំពោះអុលឡោះជាបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្ដស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្ដសង្ឃឹមលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ 4 បងប្អូនជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងដឹងហើយថា គាត់បានជ្រើសរើសបងប្អូន 5 ដ្បិតយើងបាននាំដំណឹងល្អមកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសំដីប៉ុណ្ណោះទេ គឺដោយមានអំណាច មានរសអុលឡោះដ៏វិសុទ្ធ និងមានចិត្ដជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្ដយ៉ាងណា សម្រាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។ 6 បងប្អូនបានយកតម្រាប់តាមយើង និងយកតម្រាប់តាមអ៊ីសាជាអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលបន្ទូលនៃអុលឡោះទាំងមានអំណរ មកពីរសអុលឡោះដ៏វិសុទ្ធដែរ។ 7 ហេតុនេះ បងប្អូនបានទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និងស្រុកអាខៃ 8 ដ្បិតពាក្យរបស់អ៊ីសាជាអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើអុលឡោះ បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។ 9 មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកអុលឡោះ ដើម្បីគោរពបម្រើទ្រង់ដែលនៅអស់កល្ប និងជាម្ចាស់ដ៏ពិតប្រាកដ។ 10 បងប្អូនក៏ទន្ទឹងរង់ចាំបុត្រារបស់ទ្រង់ ពីសូរ៉កាមក គឺអ៊ីសាដែលអុលឡោះបានប្រោសឲ្យរស់ឡើងវិញ។ អ៊ីសានេះហើយប្រោសយើងឲ្យរួចផុតពីកំហឹងដែលកំពុងតែមក។ |
© 2014 United Bible Societies, UK.
United Bible Societies