មីកា 2:4 - អាល់គីតាប នៅថ្ងៃនោះ មនុស្សម្នានឹងយករឿងរបស់អ្នក ទៅសើចលេង ហើយចងក្រងបទសម្រាប់ច្រៀងរៀបរាប់ថា: “ពួកយើងបាត់បង់អ្វីៗទាំងអស់! ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង! បច្ចាមិត្តដេញពួកយើងចេញពីស្រុក រួចយកទឹកដីចែកគ្នា!”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ គេនឹងចាប់ផ្ដើមប្រើពាក្យ ប្រៀបធៀបចាក់ដោតអ្នក ហើយនឹងទួញទំនួញយ៉ាងអាក់អួល ដោយពាក្យថា "យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះយេហូវ៉ាបានផ្លាស់មត៌ករបស់សាសន៍ខ្ញុំ ព្រះអង្គដករើចេញពីខ្ញុំយ៉ាងណាហ្ន៎! ព្រះអង្គបានចែកស្រែចម្ការរបស់យើង ទៅឲ្យបច្ចាមិត្តរបស់យើងហើយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ មនុស្សម្នានឹងយករឿងរបស់អ្នក ទៅសើចលេង ហើយចងក្រងបទសម្រាប់ស្មូត្ររៀបរាប់ថា: “ពួកយើងបាត់បង់អ្វីៗទាំងអស់! ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង! បច្ចាមិត្តដេញពួកយើងចេញពីស្រុក រួចយកទឹកដីចែកគ្នា!”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ គេនឹងចាប់តាំងប្រើពាក្យប្រៀបធៀបចាក់ដោតឯង ហើយនឹងទួញទំនួញយ៉ាងអាក់អួលដោយពាក្យថា យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះទ្រង់បានផ្លាស់មរដករបស់សាសន៍ខ្ញុំ អើ ទ្រង់បានដករើចេញពីខ្ញុំយ៉ាងណាហ្ន៎ ទ្រង់បានចែកស្រែចំការរបស់យើង ឲ្យដល់ពួកអ្នកបះបោរវិញ |
លោកយេរេមាបានតែងបទទំនួញមួយ រំលឹកដល់ស្តេចយ៉ូសៀស។ អ្នកចំរៀងប្រុសស្រីនាំគ្នាច្រៀងទំនួញរំលឹកដល់ស្តេចយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។
ពេលនោះ អ្នកនឹងច្រៀងចំអកឲ្យស្ដេចស្រុកបាប៊ីឡូនដូចតទៅ: ស្ដេចដែលជិះជាន់គេ ទៅណាបាត់ហើយ? អំណាចផ្ដាច់ការ ទៅណាបាត់ហើយ?
ខ្ញុំសួរថា៖ «អុលឡោះតាអាឡាអើយ ខ្ញុំត្រូវថ្លែងដូច្នេះរហូតដល់ពេលណា?» ទ្រង់តបមកវិញថា៖ «រហូតដល់ទីក្រុងវិនាសហិនហោចអស់ លែងមានមនុស្សក្នុងក្រុង ក្នុងផ្ទះក៏លែងមានមនុស្សនៅ គឺរហូតដល់ទឹកដីវិនាសអន្តរាយអស់»។
ពេលចេញទៅស្រុកស្រែ យើងឃើញសុទ្ធតែសាកសព ដែលស្លាប់ដោយមុខដាវ ពេលចូលក្នុងទីក្រុង យើងឃើញសុទ្ធតែអ្នករងទុក្ខដោយទុរ្ភិក្ស។ ណាពី និងអ៊ីមុាំធ្វើដំណើរឆ្លងកាត់ស្រុក តែពុំយល់អ្វីឡើយ”»។
មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹត រទេះចំបាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរា ទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។ យើងខ្ញុំត្រូវវេទនាហើយ យើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន!
ពេលណាយើងដាក់ទោសអ្នកស្រុកនេះ ផ្ទះរបស់គេនឹងត្រូវអ្នកផ្សេងមករស់នៅ ហើយចម្ការ និងប្រពន្ធរបស់គេ ក៏នឹងបានទៅជាកម្មសិទ្ធិរបស់អ្នកផ្សេងដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ ទៅឲ្យអ្នកដទៃ ប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យ អស់អ្នកដែលនឹងមកចាប់យក ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ ហើយចាប់តាំងពីណាពីរហូតដល់អ៊ីមុាំ សុទ្ធតែជាអ្នកបោកប្រាស់។
ខ្ញុំនឹងស្រែកទ្រហោយំ សោកសង្រេងនៅលើភ្នំ ខ្ញុំនឹងយំរៀបរាប់ នៅតាមវាលស្មៅដ៏ស្ងាត់ជ្រងំ ដ្បិតវាលស្មៅទាំងនោះត្រូវឆេះអស់ គ្មាននរណាដើរកាត់តាមនោះទៀតទេ ហើយក៏លែងឮសូរសំរែកហ្វូងសត្វទៀតដែរ សត្វស្លាបក៏ដូចជាសត្វចតុប្បាទ វាចាកចេញបាត់អស់ទៅហើយ។
យើងកំចាត់កំចាយពួកគេឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយដែលពួកគេផ្ទាល់ ឬដូនតារបស់ពួកគេពុំធ្លាប់ស្គាល់។ យើងឲ្យសត្រូវដេញកាប់សម្លាប់ពួកគេ រហូតទាល់តែស្លាប់អស់គ្មានសល់»។
អ្នកចងក្រងសុភាសិតមុខជាយកសុភាសិតមួយនេះ មកនិយាយអំពីនាងថា “ម្ដាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ!”។
ដៃនោះបើកក្រាំងនៅចំពោះមុខខ្ញុំ ក្រាំងនោះមានសរសេរទាំងខាងក្នុង ទាំងខាងក្រៅ ដែលកត់ត្រាសុទ្ធតែពាក្យសំណោក ពាក្យទំនួញ និងពាក្យត្អូញត្អែរ។
ពួកអ៊ីមុាំអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើអុលឡោះជាម្ចាស់របស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នៅក្នុងដំណាក់ទៀតឡើយ។
កូនចៅអ៊ីស្រអែលអើយ ចូរនាំគ្នាស្ដាប់ពាក្យនេះ! ចូរស្ដាប់ទំនួញដែលខ្ញុំច្រៀងអំពីអ្នករាល់គ្នា!
ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា មនុស្សម្នានឹងសោកសង្រេង នៅតាមចម្ការទំពាំងបាយជូរទាំងអស់» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នកស្រុកម៉ារីសាអើយ អុលឡោះនឹងនាំសត្រូវមកឈ្លានពានអ្នក មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រអែល នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។
ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង ខ្ញុំដើរជើងទទេ និងខ្លួនទទេ ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
ចូរក្រោកឡើង នាំគ្នាដើរចេញទៅ! ដ្បិតស្រុកនេះមិនមែនជាកន្លែងសម្រាកទៀតទេ! អំពើសៅហ្មងរបស់អ្នករាល់គ្នាបានបង្កឲ្យ កើតមហន្តរាយយ៉ាងខ្លោចផ្សា។
ប៉ុន្តែ ប្រជាជាតិទាំងនោះនាំគ្នានិយាយផ្លែផ្កា ប្រមាថមាក់ងាយពួកគេ ដោយពោលថា: អ្នកមុខជាត្រូវវេទនាពុំខាន ព្រោះអ្នកប្រមូលទ្រព្យអ្នកដទៃ យកមកធ្វើជាទ្រព្យរបស់ខ្លួន! តើអ្នកប្រព្រឹត្តដូច្នេះដល់កាលណាទៀត? អ្នកជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ
បាឡាមក៏ថ្លែងដូចតទៅនេះ៖ សូមជម្រាបស្តេចបាឡាក់ សូមប្រុងប្រៀបស្តាប់! សូមជម្រាបបុត្ររបស់ស្តេចស៊ីបពរ សូមផ្ទៀងត្រចៀកស្តាប់!
បាឡាមក៏ថ្លែងដូចតទៅនេះ៖ «ស្តេចបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម ស្តេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា: ចូរមកដាក់បណ្តាសាកូនចៅយ៉ាកកូប! ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រអែល!
បាឡាមថ្លែងដូចតទៅ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
គាត់ថ្លែងដូចតទៅនេះ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
ពួកមេដឹកនាំសាសន៍យូដាយល់ថា អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នានេះ សំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់អ៊ីសា ប៉ុន្ដែគេខ្លាចបណ្ដាជន ដូច្នេះគេក៏ចាកចេញពីអ៊ីសាទៅ។
អ្នកនឹងដើររាវនៅពេលថ្ងៃត្រង់ ដូចមនុស្សខ្វាក់ដើរស្ទាបៗ ក្នុងភាពអន្ធការ។ អ្នកពុំអាចសម្រេចតាមគម្រោងការដែលអ្នករៀបចំឡើយ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយគ្មាននរណាមកជួយអ្នកទេ។