Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

មីកា 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​អាក្រក់​របស់​សង្គម​ត្រូវ​បាន​ប្រកាស​ចេញ​ទៅ

1 វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង គេ​ធ្វើ​ការ​នោះ ព្រោះ​គេ​មាន​កម្លាំង​ដៃ​នឹង​ធ្វើ​បាន។

2 គេ​លោភ​ចង់​បាន​ស្រែ​ចម្ការ ក៏​ដណ្តើម​យក​បាន ព្រម​ទាំង​ផ្ទះ​ផង ហើយ​រឹប​យក​ទៅ គេ​សង្កត់‌សង្កិន​ទាំង​មនុស្ស និង​ផ្ទះ​របស់​គេ គឺ​ជា​មនុស្ស និង​មត៌ក​របស់​គេ​ដែរ។

3 ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មើល៍! យើង​ក៏​គិត‌គូរ​បង្កើត​ការ​អាក្រក់ ទាស់​នឹង​គ្រួសារ​នេះ​ដែរ ជា​ការ​ដែល​ឯង​រាល់​គ្នា​នឹង​មិន​ដែល ដក​ក​ចេញ​បាន​ឡើយ ឯង​រាល់​គ្នា​ក៏​មិន​ដើរ​ដោយ​វាយ‌ឫក​ទៀត​ដែរ ដ្បិត​គ្រា​នោះ​នឹង​បាន​ជា​គ្រា​អាក្រក់។

4 នៅ​ថ្ងៃ​នោះ គេ​នឹង​ចាប់​ផ្ដើម​ប្រើ​ពាក្យ ប្រៀប‌ធៀប​ចាក់​ដោត​អ្នក ហើយ​នឹង​ទួញ​ទំនួញ​យ៉ាង​អាក់‌អួល ដោយ​ពាក្យ​ថា "យើង​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​រលីង​ហើយ ព្រះ​យេហូវ៉ា​បាន​ផ្លាស់​មត៌ក​របស់​សាសន៍​ខ្ញុំ ព្រះ‌អង្គ​ដក​រើ​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ហ្ន៎! ព្រះ‌អង្គ​បាន​ចែក​ស្រែ​ចម្ការ​របស់​យើង ទៅ​ឲ្យ​បច្ចាមិត្តរបស់​យើង​ហើយ"»។

5 ដូច្នេះ អ្នក​នឹង​មិន​មាន​អ្នក​ណា សម្រាប់​កាន់​ខ្សែ​វាស់​តាម​ឆ្នោត នៅ​ក្នុង​ក្រុម​ជំនុំរបស់​ព្រះ‌យេហូវ៉ា​ឡើយ។

6 គេ​ថា «កុំ​ថ្លែងទំនាយ​ឲ្យ​សោះ ពួក​ហោរា​នឹង​លែង​ថ្លែងទំនាយ​ដល់​ពួក​យ៉ាង​នេះ​ហើយ តែ​ដំណៀល​នឹង​មិន​ផុត​ឡើយ»។

7 ឱ​ពួក​វង្ស​យ៉ាកុប​អើយ តើ​ហ៊ាន​និយាយ​យ៉ាង​នោះ​ឬ? ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា តើ​ព្រះ‌អង្គ​ត្រូវ​ទញ់‌ទាល់​ឬ? តើ​ព្រះ‌អង្គ​ឬ​អី ដែល​ធ្វើ​ការ​ទាំង​នោះ តើ​យើង​ប្រើ​ពាក្យ​មិន​ធ្វើ​ល្អ ទៅ​ចំពោះ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ឬ?

8 ពី​មុន​មក រាស្ត្រ​របស់​យើង​បាន​លើក​គ្នា ដូច​ជា​ខ្មាំង​សត្រូវ ឯ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​ដោយ​សុខ‌សាន្ត នោះ​ឯង​រាល់​គ្នា​តែង‌តែ​កន្ត្រាក់​យក​អាវ​វែង​ចេញ ទុក​នៅ​តែ​អាវ​ខ្លី គឺ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ដែល​ត្រឡប់​មក​ពី​ចម្បាំង​វិញ។

9 ឯង​រាល់​គ្នា​ក៏​បណ្តេញ​ពួក​ស្រីៗ​ក្នុង​ប្រជា‌រាស្ត្រ​យើង ចេញ​ពី​ផ្ទះ​ដែល​គេ​ស្រឡាញ់ ហើយ​ដក​សិរី‌ល្អ​របស់​យើង ចេញ​ពី​ពួក​កូន​តូចៗ​របស់​គេ​ជា‌និច្ច​ដែរ។

10 ចូរ​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ចុះ ដ្បិត​នេះ​មិន​មែន​ជា​កន្លែង សម្រាប់​ឯង​រាល់​គ្នា​សម្រាក​ទេ ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​បង្ករ​ឲ្យ​មាន វិនាសកម្ម​យ៉ាង​ខ្លោច​ផ្សា។

11 បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​ភូតភរ មក​កុហក​ថា "ខ្ញុំ​នឹង​ថ្លែងទំនាយ​ប្រាប់​អ្នក បើ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ និង​ពី​គ្រឿង​ស្រវឹង" គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន​ជាតិ​នេះ។


ព្រះ‌អម្ចាស់​ប្រមូល​ផ្តុំ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់

12 ឱ​យ៉ាកុប​អើយ យើង​នឹង​កៀរ​ប្រមូល​ឯង​រាល់​គ្នា​មក​វិញ យើង​នឹង​នាំ​សំណល់​ពួក​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា យើង​នឹង​ដាក់​គេ​ឲ្យ​នៅ​ជា‌មួយ​គ្នា ដូច​ជា​ហ្វូង​ចៀម​ពី​ស្រុក​បុសរ៉ា គឺ​ដូច​ជា​សត្វ​មួយ​ហ្វូង​នៅ​កណ្ដាល​វាល​ស្មៅ គេ​នឹង​បព្ចោញ​សូរ​អ៊ូអរ​ជា​ខ្លាំង​ដោយ​មាន​គ្នា​ច្រើន។

13 ពួក​អ្នក​ដែល​សម្រាប់​បុក​ទម្លាយ បាន​ឡើង​នាំ​មុខ​គេ​ទៅ គេ​បាន​បំបាក់​បំបែក​ឲ្យ​មាន​ចន្លោះ​ហើយ រួច​រំលង​ទៅ​ដល់​ទ្វារ​ក្រុង ហើយ​បាន​ចេញ​ទៅ​តាម​ទី​នោះ ស្តេច​គេ​បាន​យាង​នាំ​មុខ​គេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ពី​មុខ​គេ​បង្អស់។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម