អេសេគាល 2 - អាល់គីតាបអុលឡោះត្រាស់ហៅណាពីអេសេគាល 1 ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរក្រោកឈរឡើង យើងចង់និយាយជាមួយអ្នក»។ 2 ពេលទ្រង់មានបន្ទូលដូច្នោះហើយ រសរបស់អុលឡោះក៏ចូលមកនៅក្នុងខ្ញុំធ្វើឲ្យខ្ញុំអាចក្រោកឈរឡើងបាន ហើយស្ដាប់ទ្រង់មានបន្ទូល។ 3 ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! យើងចាត់អ្នកឲ្យទៅរកជនជាតិអ៊ីស្រអែល គឺទៅរកប្រជាជាតិដែលបះបោរប្រឆាំងនឹងយើង។ ពួកគេបះបោរប្រឆាំងនឹងយើងរហូតដល់សព្វថ្ងៃ ដូចដូនតារបស់ពួកគេដែរ។ 4 ពួកគេជាកូនក្បាលរឹង និងមានចិត្តចចេសទៀតផង។ យើងចាត់អ្នកឲ្យទៅរកពួកគេ ហើយត្រូវនិយាយថា: “នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 5 ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាពូជអ្នកបះបោរ- ពួកគេនឹងដឹងថា មានណាពីមួយនាក់ស្ថិតនៅក្នុងចំណោមពួកគេ។ 6 រីឯអ្នកវិញ កូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និងអញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យាដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។ 7 ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាមនុស្សបះបោរ - អ្នកត្រូវតែនាំពាក្យយើងទៅប្រាប់ពួកគេ។ 8 កូនមនុស្សអើយ ចូរស្ដាប់សេចក្ដីដែលយើងប្រាប់! កុំមានចិត្តរឹងរូសដូចពូជបះបោរនេះឡើយ ចូរហាមាត់ ហើយបរិភោគអាហារដែលយើងនឹងឲ្យអ្នកនៅពេលនេះ»។ 9 ពេលនោះ ខ្ញុំក្រឡេកមើលទៅ ឃើញដៃមួយកាន់ក្រាំងហុចមកឲ្យខ្ញុំ។ 10 ដៃនោះបើកក្រាំងនៅចំពោះមុខខ្ញុំ ក្រាំងនោះមានសរសេរទាំងខាងក្នុង ទាំងខាងក្រៅ ដែលកត់ត្រាសុទ្ធតែពាក្យសំណោក ពាក្យទំនួញ និងពាក្យត្អូញត្អែរ។ |
© 2014 United Bible Societies, UK.
United Bible Societies